ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ និង​ខេត្ត​ជា​ច្រើន​ទៀត ត្រូវ​ប្រុង​ប្រយ័ត្ន​! កម្ពុជា​នឹង​មាន​ភ្លៀង​លាយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតំបន់មួយចំនួន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​គួរ​ត្រៀមខ្លួន​! ធាតុអាកាស​រយៈពេល ៣ ថ្ងៃ​ខាង​មុខ នឹង​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ នៅ​តំបន់​ខ្លះ ។

ជាក់ស្តែង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ​ថា ៖ សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦៖
១. តំបន់​វាលទំនាប តំបន់​នេះ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C ដោយ​មាន​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​ក្នុង​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។ ចំណែកឯ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ។

២. តំបន់​ខ្ពង់រាប តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C ជាមួយ​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​ក្នុង​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ រតនគិរី ក្រចេះ តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។ រីឯ​ខេត្ត​ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង និង​មណ្ឌលគិរី ពុំ​មាន​ភ្លៀង​ធ្លាក់​ឡើយ​។

៣. តំបន់​មាត់សមុទ្រ សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អប្បបរមា​មាន​កម្រិត ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C ដោយ​មាន​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​ក្នុង​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។

ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ ៕