រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង និងផ្លូវថ្មើជើង ភ្ញៀវទេសចរមកលេងកម្សាន្តជាងកន្លះលាននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិង អកអំបុកឆ្នាំ២០២៦នេះមានភ្ញៀវទេសចរជាតិ និងបរទេស ជាងកន្លះលាននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) យ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានរយះពេល៣ថ្ងៃពីថ្ងៃទី២៣ដល់២៥វិច្ឆិកា២០២៦ចូលរួមចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាផងនិងភ្ញៀវទេសចរជាតិ-អន្តរជាតិផង។
ទិដ្ឋភាពនាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ដែលបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានារួមមានរបាំ និងសិល្បៈប្រពៃណីខ្មែរជាច្រើនសម្បូរបែប រួមទាំងភ្លក្សរសជាតិម្ហូបអាហារជាច្រើនមុខផងដែរ ។ ពិសេសបំផុតនោះនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏មានការអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុក។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ លោកស្រីបញ្ជាក់ទៀតថា នៅថ្ងៃបុណ្យអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Stree ប្រមាណ ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។
សម្រាប់ថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង៥ពាន់នាក់បានដើរលេងកម្សាន្ត ហើយក៏ថ្ងៃជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
លោកស្រីអ្នកនាំពាក្យបន្តថា សម្រាប់ថ្ងៃចុងក្រោយនៅយប់ថ្ងៃទី២៥ វិច្ឆិកា ជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យបុណ្យអុំទូកនេះមានភ្ញៀវជាតិ និងអន្តរជាតិជិត១៧ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង២ពាន់នាក់ បានមកដើរលេងកំសាន្តព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះមានសន្តិសុខល្អ ប្រកបដោយសុខសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀរទេសចរជាតិនិងអន្តរជាតិនាំគ្នាដើរលេងយ៉ាងសប្បាយរិករាយគ្មានការភ័យខ្លាចនាពេលរាត្រីក្រោមម្លប់សន្តិភាព៕










ចែករំលែកព័តមាននេះ