ស្បៃខ្មែរ ៖ មរតកអរិយធម៌ជាង១០០០ឆ្នាំ មានកត់ត្រាក្នុងសិលាចារឹកតាំងពីសតវត្សរ៍ទី៩ ឯពាក្យ «Sabai» ថៃខ្ចីពីខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្បៃខ្មែរ មិនមែនទើបមានក្នុងសម័យទំនើបទេ! មានកត់ត្រាក្នុងសិលាចារឹកតាំងពីសតវត្សរ៍ទី៩ ឯពាក្យ «Sabai» ដែលថៃប្រើ ក៏ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថាខ្ចីពីពាក្យខ្មែរ «ស្បៃ» ដែរ ។

ជាក់ស្តែងលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាថ្ងៃទី២៦ ខែវិច្ឆិកានេះថា «ស្បៃខ្មែរ ៖ មរតកអរិយធម៌ជាង ១០០០ ឆ្នាំ ។
ស្បៃខ្មែរ [khmer Sbai] មិនមែនជាសម្លៀកបំពាក់ ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ ។ ពាក្យ «ស្បៃ» មានភស្តុតាងកត់ត្រា ក្នុងសិលាចារឹកខ្មែរ តាំងពីសតវត្សរ៍ទី៩ ដែលបញ្ជាក់ពីឫសគល់ដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ។

ស្បៃបានចាក់ឫសយ៉ាងជ្រាលជ្រៅ ក្នុងព្រលឹងវប្បធម៌ខ្មែរ និងមានប្រជាជាតិខ្មែរជាអ្នកថែរក្សា និងបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ ដែលអាចពន្យល់បានច្បាស់លាស់ តាមរយៈភស្តុតាងផ្សេងៗរួមមាន ដែលរាប់ចាប់ពីរឿងព្រេងព្រះថោងតោងស្បៃនាងនាគ, ចម្លាក់, សិលាចារឹកសម័យអង្គរ និងទំនៀមទម្លាប់អាពាហ៍ពិពាហ៍ រហូតដល់របាំព្រះរាជទ្រព្យ ។
ចំណែកពាក្យថា [Sabai] ដែលប្រទេសថៃបានប្រើប្រាស់ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថា ជាពាក្យដែលខ្ចីមកពីពាក្យខ្មែរ [Sbai] ។ ស្បៃខ្មែរ ជាមរតកខ្មែរ! ជាអត្តសញ្ញាណខ្មែរ! ជាមោទកភាពខ្មែរ ៕




ចែករំលែកព័តមាននេះ