ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា

37 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Steve Daines សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក មក​ពី​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Montana ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជា​ពិសេស​ការ​ដាក់​ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក៏​ដូច​ជា ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ភាពរួស​រាយ​រាក់ទាក់​ប្រកបដោយ​ភាព​ស្មោះត្រង់​របស់​ប្រជាជន​កម្ពុជា ។

ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។

បន្ថែម​លើ​នេះ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ជូន​សម្ដេច​ធិ​បតី​ផង​ដែរ​ថា កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​មាន​សក្តានុពល​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដែល​អាច​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មាន​ទាំង​វិស័យ​ថាមពល និង​ធនធាន​រ៉ែ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​ដល់​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​អ្នកជំនាញ​របស់​សហរដ្ឋអាមេរិក លើ​វិស័យ​ទាំង​ពីរ​នេះ​សំដៅ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ជា​ការ​ឆ្លើយ​តប​សម្តេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា នា​ឱកាស​នេះ ។ សម្ដេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ដោយ​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក នៅ​តែ​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​កំណើន​បន្ថែម​ទៀត ។

សម្តេច​ធិ​បតី​បាន​សម្តែង​នូវ​ការ​ពេញ ចិត្ត​ចំពោះ​សកម្មភាព​ធុរកិច្ច​របស់​បណ្តា​ក្រុមហ៊ុន និង​សហគ្រាស​អា​មេ​រិ​ក ដែល​កំពុង​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជាក់​ថា វិនិយោគិន​អា​មេ​រិ​ក​នឹង​បន្ត​ស្វែងរក​កាលានុវត្តភាព និង​សក្តានុពល​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ។

សម្តេច​ធិ​បតី និង​ឯកឧត្តម​សមាជិក​ព្រឹទ្ធ សភា​សហរដ្ឋអាមេរិក ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​ប្រឈម​សំខាន់​ៗ​ដែល​ជា​ផលប្រយោជន៍​រួម ក្នុង​នោះ​រួម​មានកា​រវិ​វត្ត​នៃ​ស្ថានភាព​ប្រជាសាស្ត្រ និង​ការ​ថែរក្សា​សុខ​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​សកលលោក ។

សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ដូច​ជា រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ដើរតួ​នាទី និង​ជួយ​សម្របសម្រួល​យ៉ាង​សកម្ម​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​ពេល​កន្លង​មក និង​នៅ​តែ​បន្ត​យកចិត្ត​ទុក​ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ជំរុញ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​កូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

សម្តេច​ធិ​បតី ក៏​បាន​ជម្រាប​ជូន​ឯកឧត្ដម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​បាន​សង្កត់ធ្ងន់​អំពី​ការ​ប្ដេជ្ញា​ចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការ​បន្ត​ប្រកាន់​យក​យន្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕