កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបុរសមានជំងឺសរសៃប្រសាទអុកឡុកគំរាមដុតផ្ទះ ផ្អើលខណ្ឌទួលគោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសមានជំងឺសរសៃប្រសាទម្នាក់ ត្រូវបានកម្លាំងវរៈអន្តរាគមន៍នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឡោមព័ទ្ធ និងវាយទម្លុះទ្វារឃាត់ខ្លួន បន្ទាប់ពីជំងឺរើឡើង ហើយធ្វើការអុកឡុកវាយបំភ្លេចបំផ្លាញនិងគំរាមដុតទ្រព្យសម្បត្តិ ព្រមទាំងយកកាំបិតចុងស្រួច និងវត្ថុរឹងគប់មកលើក្រុមគ្រួសារ និងអ្នកជិតខាង ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៥ និង៤០នាទីរសៀលថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ N0២៥A ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងកងរាជអាវុធហត្ថប្រដាប់ទៅដោយខែល ដែក,សម្លាញ់ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍ និងវាយទម្លុះទ្វារ ចូលឃាត់ខ្លួនតែម្តង ។

ទន្ទឹមនឹងនោះ បុរសរូបនោះ ក៏បានប្រើដប និងរបស់របរគប់មកលើសមត្ថកិច្ចផងដែរ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចប្រើជំនាញបានវាយទម្លោះទ្វារចូលឃាត់ខ្លួនបាន រួចបញ្ជូនទៅទីបញ្ជាការភ្លាមៗ ។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បុរសរូបនោះឈ្មោះ ហៃ សុងលី អាយុ៤០ឆ្នាំ មានជំងឺសរសៃប្រសាទបានធ្វើសកម្មភាពវាយបំផ្លាញ និងគំរាមដុតទ្រព្យសម្បត្តិ ព្រមទាំងយកកាំបិតចុងស្រួច និងវត្ថុរឹងគប់មកលើក្រុមគ្រួសារ និងអ្នកជិតខាង។ប្រតិបត្តិការនេះ បានធ្វើឡើងភ្លាមៗ ក្រោយទទួលបានសេចក្ដីរាយការណ៍តាមប្រព័ន្ធទូរស័ព្ទបន្ទាន់១២៩១ ។

បច្ចុប្បន្ន ជនបង្កត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងធានាបាននូវសុវត្ថិភាពដល់ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញនោះផងដែរ ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់សាធារណជន ប្រសិនបើជួបប្រទះហេតុការណ៍អសន្តិសុខ ឬត្រូវការអន្តរាគមន៍បន្ទាន់ សូមទាក់ទងមកកាន់លេខ១២៩១ ឬបណ្តាញទំនាក់ទំនង Telegram, WhatsApp, CoolApp តាមលេខ 031 5555 669 និងទំព័រហ្វេសប៊ុក «Phnom Penh Gendarmerie» ដើម្បីឱ្យកម្លាំងសមត្ថកិច្ចចុះជួយសង្គ្រោះបានទាន់ពេលវេលា ៕

ចែករំលែកព័តមាននេះ