មួយឆ្នាំអ្នកស្លា.,ប់ដោយសារជំងឺអេដស៍ចំនួន១ពាន់នាក់ ហើយបើមានការរើសអើងការលុបបំបាត់ការឆ្លងជំងឺអេដស៍មិនអាចបញ្ចប់នោះទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មួយឆ្នាំ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺអេដស៍ចំនួន១ពាន់នាក់ ហើយបើមានការរើសអើនោះ យុទ្ធនាការលុបបំបាត់ឆ្លងជំងឺអេដស៍នេះ មិនអាចបញ្ចប់បាននោះទេ ។ នេះបើតាមការបញ្ជាក់របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បញ្ចប់ជំងឺអេដស៍ចាប់ផ្តើមពីគារទទួលបាន» នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្នុងឆ្នាំអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន១ពាន់នាក់ ដូច្នេះ សូមអំពាវនាវដល់អ្នកដែលសង្ស័យមានផ្ទុកមេរោគអេដស៍ទៅធ្វើតេស្តរកមេរោគអេដស៍នៅពេលឃើញវិជ្ជមាននឹងទទួលបានសេវាព្យាបាលពេលមួយជីវិត ផ្ទុយទៅវិញ បើមិនទៅធ្វើតេស្តរកមេរោគអេដស៍ទេ នឹងធ្វើឲ្យយុទ្ធនាការលុបបំបាត់ការឆ្លងជំងឺអេដស៍មិនទទួលបានជោគជ័យនោះទេ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ស្លាប់មួយពាន់នាក់មួយឆ្នាំ ។ អាហ្នឹងគ្រោះថ្នាក់ដោយសារ ជំងឺអេដស៍ មិនមែនគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ទេ ។ ខ្ញុំជម្រាបថា យើងមិនផ្ដល់ឲ្យតែថ្នាំមួយប្រភេទទេ យើងផ្ដល់ការគាំទ្រជាបុគ្គលផងដែរ» ។

ចំណែកលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ទោះបីជាកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ របស់អង្គការ UNAIDS ក៏ដោយ ក៏នៅមានចន្លោះខ្វះខាតសំខាន់ៗមួយចំនួន ។
ចន្លោះប្រហោងទាំងនោះរួមមាន៖ ការស្វែងរកមនុស្សប្រមាណ៤,០០០នាក់ ដែលរស់នៅជាមួយមេរោគអេដស៍ ប៉ុន្តែមិនទាន់ដឹងខ្លួនថាមានមេរោគ និងការរក្សាឱ្យពួកគេបន្តទទួលការព្យាបាល និងសេវាបង្ការ ជាពិសេសក្នុងចំណោមក្រុមប្រជាជនគន្លឹះ (Key Populations) ដូចជា Gay Men អ្នកបម្លែងភេទ និងអ្នកធ្វើការក្នុងសេវាកម្សាន្ត ។

គួរកត់សម្គាល់ថា ក្រុមទាំងនេះមានចំនួនដល់ទៅ៨៤% នៃករណីឆ្លងថ្មីចំនួន ៩៥៨ ករណី ដែលបានកត់ត្រានៅឆ្នាំ២០២៥ ។ លោកវេជ្ជបណ្ឌិតលើកឡើងទៀតថាដើម្បីដោះស្រាយបញ្ហាទាំងនេះ និងសម្រេចបាននូវគោលដៅកាត់បន្ថយករណីឆ្លងថ្មីប្រចាំឆ្នាំឱ្យនៅក្រោម២៥០ករណីត្រឹមឆ្នាំ២០៣០ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវ៖ បង្កើនថវិកាជាតិដើម្បីជំនួសជំនួយអន្តរជាតិដែលកំពុងថយចុះ ។ បញ្ចូលសេវាថែទាំមេរោគអេដស៍ទៅក្នុងប្រព័ន្ធ សុខាភិបាលសាធារណៈទូទៅ។បន្តគាំទ្រសកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង ។
លោកវេជ្ជបណ្ឌិតគូសបញ្ជាក់ថា «ខ្ញុំបាទ សូមបញ្ជាក់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា មិនគួរគ្រាន់តែផ្តោតលើការពង្រីកវិសាលភាពនៃការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាផងដែរថា អ្នកដែលរស់នៅជាមួយមេរោគនេះអាចរក្សាសុខភាពបានល្អ ទទួលបានសេវាផ្សេងៗដោយគ្មានការរើសអើង ព្រមទាំងអាចបន្តការសិក្សា និងការងាររបស់ពួកគេបានដែលជាជីវិតប្រចាំថ្ងៃ» ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងពេលដែលការឆ្លងមេរោគថ្មីនៅតែបន្តកើតមានក្នុងចំណោមយុវជន ហើយការផ្តល់មូលនិធិពីខាងក្រៅ កំពុងជួបការលំបាកនោះ បញ្ហាប្រឈមសំខាន់គឺត្រូវធានាថា វឌ្ឍនភាពនៃការព្យាបាល ត្រូវតែស្រមទៅដោយការវិនិយោគប្រកបដោយនិរន្តរភាពលើការងារបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងការគាំទ្រពីសហគមន៍ ។ ការប្តេជ្ញាចិត្តនេះរួមមាន៖ ការពង្រីកលទ្ធភាពទទួលបានសេវាបង្ការ ការធ្វើតេស្ត និងការព្យាបាល ការពង្រឹងការបន្តទទួលសេវាព្យាបាល និងការផ្តល់អាទិភាពខ្ពស់បំផុតលើគោលការណ៍ «ការព្យាបាលជាវិធានការបង្ការ» (Treatment as Prevention – TasP) ៕


ចែករំលែកព័តមាននេះ