នគរបាលខេត្តព្រះវិហារស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ ព្រមទាំងដកហូតបានគ្រឿងញៀន និងវត្ថុតាងជាច្រើន
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ បុរសម្នាក់ដែលជាមុខសញ្ញាសកម្ម ក្នុងការលួចទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយនគរ បាលក្រុង បើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនបានសម្រេច កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

តាមប្រភពព័ត៌មានអោយដឹងថា ប្រតិបត្តិការខាងលើមានការដឹកនាំចុះអនុវត្តផ្ទាល់ពី លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់លាស់ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿង បញ្ញា ហៅអាខ្មៅ អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ ។

គួររំលឹកថា កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៦ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅគេហឋានរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហោ លីហៀង ដែលមានទីតាំងស្ថិតនៅភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់, គ្រឿងអលង្ការលោហធាតុពណ៌លឿង (មាស) ទម្ងន់ ១,៩១ជី, ទូរស័ព្ទដៃចំនួន៥គ្រឿង និងម៉ាស៊ីនថតរូបចំនួន២គ្រឿង, ឧបករណ៍សម្រាប់ធ្វើសកម្មភាព និងសម្ភារផ្សេងៗទៀត រួមមាន កាបូបស្ពាយ១, ទុលណាវីស២, កាំបិតចុងស្រួច១, កន្ត្រៃ១, ម៉ាឡេត១, ដង្កាប់១, អាគុយ១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញរៀបចំឯកសារកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ត ៕
ចែករំលែកព័តមាននេះ