ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីម​ជុង​អ៊ុន​ប្រកាស​ធ្វើ​នុយ​ក្លេអ៊ែរ​ឱ្យ​កាន់​តែ​ច្រើន​​បន្ទាប់​ពី​​​ច្រាន​ចោល​សំណើ​របស់​ត្រាំ​ដែល​ចង់​ជួប​គ្នា​

2 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ បាន​​ទៅ​ទស្សនា​ទីតាំង​ផលិត​វត្ថុ​ធាតុ​ផ្សំ​សម្រាប់​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែរ​ និង​​​អំពាវ​នាវ​ឱ្យ​ផលិត​អាវុធ​​នេះ​​​ច្រើន​ថែម​ទៀត​។ ការ​ទៅទស្សនា​នោះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បោះ​ដៃ​របស់​លោកត្រាំ​ដែល​ចង់​ជួប​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​។ ជា​ថ្មី​ម្ដង​ទៀត ការ​អំពាវ​​នាវ​របស់​លោក​គីម​ជា​សញ្ញា​បង្ហាញ​ថា​លោក​​​មិន​ព្រម​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​ជា​ដាច់​ខាត​។ នេះ​ជា​ទ្រនង់​ឆ្អឹង​ខ្នង​ដ៏​សំខាន់​សម្រាប់​ការ​ពារ​របប​ដឹក​នាំ​របស់​លោក​។

មិន​តែ​ប៉ុណ្ណោះ​ លោក​គីម​មាន​មហិច្ឆតា​ចង់​ជាប់​ឈ្មោះ​ជា​​មហា​អំណាច​​នុយ​ក្លេអ៊ែរ​ថែម​ទៀត​ផង។ ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​លោក​គីម​ចុះ​ត្រួត​ពិនិត្យ​មើល​រោង​ចក្រ​ផលិត​វត្ថុ​ធាតុ​សម្រាប់​ផ្សំ​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែរ​២​កន្លែង​។ មួយ​កន្លែង​ជា​រោង​ចក្រ​ដែល​ទើប​តែ​ដាក់​ឱ្យដំណើរ​ការ​ និងមួយ​កន្លែង​ទៀត​កំពុង​ពង្រីក​បន្ថែម​​។ តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ចុះ​ផ្សាយ​នោះ គេ​ឃើញ​លោក​គីម និង​មន្ត្រី​យោធា​កំពូល​ៗ​របស់​លោកធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ផ្លូវ​តូច​ចង្អៀត​ ទំនង​ជា​ទី​ជម្រក​លាក់​ការណ៍​សម្ងាត់​ដែល​ប្រើ​ប្រាស់​សម្រាប់​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​​។

រូប​ថត​ខ្លះ​បង្ហាញ​លោក​ចុះ​ពិនិត្យ​​មើល​ឃ្លាំង​ដាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ រូប​ថត​ខ្លះ​​ត្រូវ​គេ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ព្រាល​ៗ​ មើល​មិន​សូវ​ឃើញ​ច្បាស់​ល្អ​ប៉ុន្មាន​ទេ​។ កាល​ពី​ម្សិល​មិញ លោក​ក៏​បាន​ចុះ​ពិនិត្យ​មើល​មូល​ដ្ឋាន​ផលិត​គ្រឿង​បរិក្ខារ​ និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ​ផង​ដែរ​។ ដូច្នេះ​ឃើញ​ថា​លោក​មមា​ញឹក​គួរ​សម​។ គេ​កត់​សម្គាល់​ថា​កូរ៉េ​ខាង​ជើង​បង្ហាញ​ទី​តាំង​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ពីរ​បី​ដង​ហើយ​ចាប់​តាំង​ពីប្រទេស​នេះ​បង្ហាញ​ទី​តាំង​នុយ​ក្លេអ៊ែរ​ធំ​របស់​ខ្លួន​​នៅ​តំបន់​យ៉ុង​ប៊ីយ៉ុន (Yongbyon) ឱ្យ​បញ្ញ​វ័ន្ត​អាមេរិកាំង​ទស្សនា​កាល​ពី​ឆ្នាំ​២០១០​។

ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​មិន​បាន​បញ្ជាក់​ថា​តើ​ទីតាំង​ដែល​លោក​គីម​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​សប្ដាហ៍​នេះ​មាន​ឈ្មោះ​អ្វី​ទេ​។ កាល​ពី​ខែ​មិថុនា នៅ​ពេល​កូរ៉េ​ខាង​ជើង​បង្ហាញ​ទី​តាំង​ចម្រាញ់​អ៊ុយ​រ៉ាញ៉ូម​ ក្រុម​អ្នក​ជំនាញ​យល់​ថា​ទំនង​ជា​យ៉ុង​ប៊ីយ៉ុន​ដែល​​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត​​​។ លោក​គីម​ថ្លែង​ថា​ការ​ចុះ​ត្រួត​ពិនិត្យ​មើល​លើក​ចុង​ក្រោយ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​កូរ៉េ​ខាង​ជើង​ ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ផ្នែក​នុយ​ក្លេ​អ៊ែរ​ទៅ​លើ​ឧប​ទ្វីប​កូរ៉េ​។ លោក​ចោទ​ប្រកាន់​ថា​អាមេរិក​ញុះញង់​អុជ​អាល​ឱ្យ​សម្ព័ន្ធ​មិត្ត​​នៅ​ក្នុង​តំបន់​​មាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ និង​ត្រៀម​ចែក​រំលែក​អាវុធ​នុយ​ក្លេ​អ៊ែរ​ជា​មួយ​ពួក​គេ​៕ ប្រភព៖ AP