ខេត្តប៉ៃលិន ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងនាឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសម្ពោធវេទិកាថ្នាក់ជាតិលើកទី៤ ស្តីពីជំរុញការលើកកម្ពស់ និងអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយទិវាដំឡូងមីលើកទី២ និងពិធីតាំងបង្ហាញផលិតផលបន្លែ-ផ្លែឈើខ្មែរ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីរដ្ឋាភិបាល ប្រជាកសិករ ពាណិជ្ជករ តំណាងសហគ្រាសធុនតូច និងមធ្យម និងដៃគូអភិវឌ្ឍប្រចាំនៅកម្ពុជាផងដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឲ្យកសិករទាំងអស់ ជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ សូមឱ្យបង្កើនការដាំដំឡូងមីឲ្យកាន់តែច្រើន ព្រោះទីផ្សារអន្តរជាតិ កំពុងតែត្រូវការដំឡូងមីមានគុណភាពខ្ពស់។ ដូច្នេះកម្ពុជា គឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ លើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខប្រមាញ់ បានស្នើឲ្យមានការចូលរួមកាន់តែសកម្មពីគ្រប់មន្ទីរពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធានាបាននិរន្តរភាព និងសុវត្ថិភាពស្បៀង អាហារនៅក្នុងប្រទេស និងការនាំចេញទីកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបន្តទៀតថា ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធតាមវិស័យនានា តម្រង់ឆ្ពោះទៅរកទីផ្សារក្នុងបណ្តាឆ្នាំកន្លងមក បានជួយជំរុញកំណើនការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ក្នុងល្បឿនមួយគួរជាទីមោទនៈ។
យោងតាមទិន្ន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទីផ្សារនាំចេញផលិតផលដំឡូងមី ត្រូវបានពង្រីកពី៤ប្រទេស ក្នុងនោះមាន (ប្រទេសថៃ, វៀតណាម, ចិន, បារាំង) ក្នុងឆ្នាំ២០១៤ ទៅ១៦ប្រទេស ក្នុងឆ្នាំ២០១៦ រួមមាន កាណាដា ចិន អង់គ្លេស ហ្វាំងឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លីទុយអានី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហូឡង់ ញូវហ្សឺឡែន កោះតៃវ៉ាន់ ថៃ អាមេរិក និងវៀតណាមជាដើម ។ សូមបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍ថ្នាក់ជាតិនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានការចូលរួម៨ រាជធានី ខេត្ត និងមានស្តង់តាំងពិព័រណ៍ជិត២០០ស្តង់ផងដែរ។ ក្នុងឱកាសនោះរដ្ឋមន្ត្រីទាំងពីរក៏បានប្រគល់រង្វាន់ជូនដល់កសិករឆ្នើមជាច្រើននាក់ផងដែរ ដោយផ្តល់គោយន្តកន្ត្រៃ២គ្រឿងជីសម្រាប់ដាក់ដំណាំ និងសម្ភារផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ