ប្រភពព័ត៌មានពី AFP ផ្សាយឱ្យដឹងថា មានកីឡាករជាច្រើនរូបបានចូលរួមប្រកួតកីឡាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាជាលើកដំបូងនៅអាសីុ ដែលរៀបចំឡើងនៅក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ កាលពីពេលថ្មីៗកន្លងមក ។ការប្រកួតលើកនេះបានប្រើប្រាស់ទីលានបាល់ទាត់ជាតិ និងទីលានកីឡាដទៃទៀតនៅជុំវិញរដ្ឋធានី ដោយមានរយៈពេល៣ថ្ងៃ និងបើកឆាកដំបូងជាការប្រកួតបាល់ទាត់រវាងក្លិបនៅក្នុងតំបន់ ។ ចំណែកអង្គការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នារបស់នេប៉ាល់ បង្ហើបឱ្យដឹងថា ការប្រកួតលើកនេះមានកីឡាជាច្រើនប្រភេទដូចជា បាល់បោះ បាល់ទះ ប្រដាល់ និងវាយកូនបាល់ជាដើម ។
លោកស៊ូនីល បា៉ន អតីតសមាជិកសភា និងជាមេដឹកនាំក្រុមមនុស្សស្រឡាញ់ភេទដូចគ្នារបស់អង្គការការពារសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នារបស់នេប៉ាល់ បានថ្លែងថា «យើងមានសេចក្តីសុខយ៉ាងក្រៃលែង ដែលអាចរៀបចំការប្រកួតកីឡាប្រភេទនេះនៅក្នុងប្រទេសបាន ។កីឡាករនៅក្នុងប្រទេសដែលបានចូលរួមក្នុងការប្រកួតនេះមានប្រហែល៣០០នាក់ ក្រៅពីនេះមានកីឡាករស្រឡាញ់ភេទដូចគ្នាទាំងបុរស-ស្ត្រីមកពីប្រទេសផ្សេងៗប្រហែល២០នាក់ដូចជាអាមេរិក រុស្ស៊ី ជប៉ុន បារាំង និងបង់ក្លាដែស ។ ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាសីុប៉ាសីុហ្វិក របស់អ្នកស្រឡាញ់ភេទដូចគ្នារួចមកហើយ ប៉ុន្តែសម្រាប់ការប្រកួតនៅប្រទេសនេប៉ាល់ចាត់ទុកថា ជាមហោស្រពកីឡារបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាលើកដំបូងនៅអាសីុ។
គួរបញ្ជាក់ថា មានក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើននៅនេបា៉ល់ចាប់ផ្តើមបង្ហាញខ្លួនជាបន្តបន្តាប់តាំងពីបញ្ចប់សង្គ្រាមសីុវិលជាច្រើនទសវត្សរ៍នៅក្នុងឆ្នាំ២០០៦ ដោយមានក្រុមអ្នកស្រឡាញ់ភេទដូចគ្នារៀបចំការប្រកួតផ្នែកសម្រស់ និងផ្នែកផ្សេងៗទៀតជាច្រើនលើក ខណៈពេលកាលពីខែកញ្ញាកន្លងមក អាជ្ញាធរនេប៉ាល់ ក៏ចាប់ផ្តើមផ្តល់អត្តសញ្ញាណប័ណ្ណដល់អ្នកស្រឡាញ់ភេទដូចគ្នានេះផងដែរ ៕
ចែករំលែកព័តមាននេះ