រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅ ក្នុងស្ថានភាពស្រវឹងបានទៅបុករ៉ឺម៉កម៉ូតូធ្វើឱ្យអ្នកបើករ៉ឺម៉កម៉ូតូបាក់ជើងខាងស្តាំ ចំណែកអ្នកបង្កបែកមុខបែកមាត់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣០ កញ្ញា តាមបណ្តោយវិថីព្រះសុធារស ចំណុចមុខស្ថានទូតសូវៀតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ម៉ូតូស្មាសពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជិះពីជើងទៅត្បូង ចំណែករ៉ឺម៉កម៉ូតូបើកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុចខាងលើម៉ូតូស្មាសរីវ៉ូរេចង្កូតទៅបុកអ្នកបើករ៉ឺម៉កបណ្តាលឱ្យដួលបាក់ជើងខាងស្តាំ ឯអ្នកបើកម៉ូតូដួលបែកមុខបែកមាត់ផងដែរ ។
ក្រោយពេលកើតហេតុអ្នកបើករ៉ឺម៉កម៉ូតូត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកអ្នកបើកម៉ូតូស្មាសត្រូវមិត្តភក្តិដឹកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ។ ម៉ូតូនិងរ៉ឺម៉កត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ