រាជធានីភ្នំពេញ ៖ អ្នកស្នេហាកីឡាប្រដាល់មិនតិចឡើយសម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងរំជួលចិត្តក្នុងពេលកីឡាករជើងខ្លាំង វ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ឡើងប្រកួតសងសឹកជាមួយ ជ័យ កុសល មកពីក្លិបសិង្ហកីឡា កាលពីថ្ងៃសុក្រ ទី២៨ កញ្ញា ។ ជំនួបលើកទី២ រវាងពួកគេនៅលើសង្វៀនទូរទស្សន៍បាយ័នបឹងស្នោដដែលនេះ បើទោះជាលទ្ធផលនៅតែបង្ហាញថា សិស្សប្អូន វ៉ោយ សុធន មិនអាចសម្រេចការសងសឹកបាន ក៏ស្តែងឱ្យឃើញពីល្បិចខូចរបស់ជើងខ្លាំងទាំងពីររូបនេះផងដែរ ។
គ្មានអ្នកទស្សនាណាម្នាក់មិនផ្តល់សម្រែកហ៊ោកញ្ជ្រៀវក្នុងពេលដែលគូសងសឹករវាងខ្លាចាស់ ជ័យ កុសល និងវ៉ោយ សុធន ឡើងប្រកួតគ្នាកាលពីថ្ងៃសុក្រកន្លងទៅនោះទេ ។ បើទោះជាគូប្រកួតម្ខាងៗហាក់ឌឺដងដាក់គ្នា ហើយមានការវាយសម្រុកគ្នារាងលេងសើចបន្តិច ប៉ុន្តែសកម្មភាពឡើងរេញរបស់ពួកគេ នៅតែធ្វើឱ្យអ្នកទស្សនាជក់ចិត្ត ។ ជ័យ កុសល ដែលជាសិស្សច្បងបានវាយកែងចំៗកណ្តាលមុខគូប្រកួតសឹងតែធ្វើឱ្យសិស្សប្អូន វ៉ោយ សុធន ច្រឡោតខឹង ហើយទប់ចិត្តក្នុងការប្រើបច្ចេកទេស និងបញ្ចេញស្នៀតលែងបានល្អដូចមុន ។
អីុចឹងហើយទើបក្នុងទឹកទី៣ គេឃើញ វ៉ោយ សុធន ចាប់ផ្តើមសង្កៀតធ្មេញដាក់សិស្សច្បង ជ័យ កុសល ហើយស្ទុះទៅវាយមិនខុសពីកូនក្មេងត្រូវគេវាយឈឺ ក៏កញ្ជ្រោលកាន់តែខ្លាំងនោះទេ ។ ទោះជាយ៉ាងណា ការវាយរបៀបកំរោលចូលរបស់ វ៉ោយ សុធន បានត្រឹមតែធ្វើឱ្យមុខរបស់ខ្លួនទទួលរងកែងម្តងហើយម្តងទៀតពី ជ័យ កុសល ខ្លាំងជាងមុនប៉ុណ្ណោះ បើទោះជាលោកខំវាយម៉ាត់ និងទាត់ ដើម្បីព្រមានកុំឱ្យសិស្សច្បងវាយកែងចំកណ្តាលមុខរបស់ខ្លួនឈឺពេកក៏ដោយ ។
ទោះជាវាយល្អទៅវិញទៅមក ក៏ការប្រកួតរវាងកីឡាករទាំងពីរនេះ នៅតែចៀសមិនរួចពីការរិះគន់ថា បានប្រើល្បិចដាក់គ្នាក្នុងពេលឡើងរេញ។អ្នកទស្សនាដោយផ្ទាល់ស្ទើរទាំងអស់បានបញ្ចេញប្រតិកម្មពេលដែល វោ៉យ សុធន ច្រើនតែរកឱកាសអុកត្រង់ប្រដាប់ការពាររបស់ ជ័យ កុសល ហើយធ្វើឱ្យជ័យ កុសល ចុកឆ្អល់ម្តងៗ។ ប៉ុន្តែ ជ័យ កុសល វិញ ក៏ទទួលការព្រមានពីលោកអាជ្ញាកណ្តាលផងដែរ ដោយសារតែលោកបានលាបប្រេងខ្យល់នៅលើសក់ ធ្វើឱ្យរលាស់ចូលភ្នែក វ៉ោយ សុធន ឡើងផ្សា ក្នុងពេលប្រកួតដែលខុសពីលក្ខន្តិកៈទាំងស្រុង ។
ម្នាក់ៗនិយាយថា ជំនួបសងសឹករវាងកីឡាករទាំងពីរនេះមិនមែនត្រឹមតែប្រកួតឌឺដងដូចកូនក្មេងវាយគ្នានោះទេ ពោលគឺម្នាក់ៗសុទ្ធតែនាំមកជាមួយនូវល្បិចខូចរៀងៗខ្លួនថែមទៀតផង ខណៈដែលជ័យ កុសល បានប្រើស្ទីលលាបប្រេងខ្យល់លើសក់ ធ្វើឱ្យសុធនផ្សាភ្នែក ឯវ៉ោយ សុធន វិញ ក៏ប្រើល្បិចអុកជង្គង់តែបរិវេណប្រដាប់ភេទរបស់ជ័យ កុសល បន្ទាប់ពីអស់ក្បាច់វាយសម្រុក ។ មន្ត្រីគណៈកម្មការរៀបចំការប្រកួតបានធ្វើការព្រមានដល់កីឡាករទាំងពីរភ្លាមៗ ដើម្បីកុំឱ្យពួកគេបន្តការវាយគ្នាដោយមិនប្រើបច្ចេកទេស ហើយមានល្បិចមិនល្អនៅចំពោះមុខមហាជន ដោយលោកអាជ្ញាកណ្តាលបានបញ្ជាឱ្យ ជ័យ កុសល ជូតសក់ឱ្យស្ងួតមុននឹងឱ្យបន្តការប្រកួត ចំណែកឯ វ៉ោយ សុធន វិញក៏ត្រូវលោកព្រមានរឿងបន្តអុកចំប្រដាប់ការពារ ជ័យ កុសល យ៉ាងហោចក៏២ដងដែរ។
កីឡាករ វ៉ោយ សុធន បានអះអាងថា ខ្លួនគ្មានបំណងអុកចំប្រដាប់ការពាររបស់ ជ័យ កុសលម្តងជាពីរដងឡើយ ប៉ុន្តែអាចមកពីក្នុងពេលឱបក្រៀកគ្នានោះ គឺមានការពិបាកឡើងជង្គង់ពេកប៉ុណ្ណោះ ទើបពេលឡើងជង្គង់មិនបានគិតថាអុកចំកន្លែងណាកន្លែងណីឡើយ ។ ដោយឡែកចំពោះ ជ័យ កុសល វិញ មិនបានឆ្លើយតបពាក់ព័ន្ធនឹងរឿងលោកប្រើប្រេងខ្យល់លាបលើសក់នោះទេ ព្រោះពេលទទួលការប្រកាសថា លោកឈ្នះពិន្ទុភ្លាម ក៏គេចចេញបាត់ទៅ ។ ទោះយ៉ាងណា លោកវ៉ោយ សុធន បានអះអាងដោយផ្ទាល់មាត់ថា លោកពិតជាផ្សាភ្នែកក្នុងពេលប្រកួតនោះមែន ទើបលោកសម្តែងការតវ៉ាដើម្បីឱ្យលោកអាជ្ញាកណ្តាលដោះស្រាយបញ្ហានោះភ្លាមៗនៅទឹកទី៤ ។
លោកនិយាយថា «ខ្ញុំអត់ដឹងថា គាត់លាបស្អីទេ ប៉ុន្តែវាបានរលាស់ត្រូវភ្នែកខ្ញុំ ហើយធ្វើឱ្យខ្ញុំផ្សាភ្នែក អីុចឹងហើយទើបខ្ញុំទម្លាក់ដៃចោលឈប់វាយម្តងៗនៅទឹកទី៤ និងចុងទឹកទី៥ ព្រោះតែទ្រាំនឹងអាការក្រហាយភ្នែកមិនបាន»។ ពាក់ព័ន្ធនឹងករណីនេះ តំណាងអ្នករៀបចំការប្រកួតកីឡាប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានប្រាប់ដោយមិនចំហថា នឹងហៅកីឡាករជើងខ្លាំងទាំងពីរនេះមកធ្វើការណែនាំ ដ្បិតក្នុងពេលដ៏ខ្លីគូសងសឹកទាំងពីរនេះ នឹងឡើងប្រកួតគ្នាសាជាថ្មីទៀត ។
ដោយឡែក នាថ្ងៃនោះដែរ កីឡាការិនី សូយ សុធា មកកពីក្លិបអូដឹមកីឡា នៅតែទទួលបរាជ័យក្រោមដៃកីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យ ដោយពិន្ទុ ។ កីឡាករ ចាន់ ឡហាន មកពីក្លិបនិរោធមានជ័យ ចាញ់ពិន្ទុក្រោមដៃកីឡាករ ម៉ន រដ្ឋា មកពីក្លិបព្រែកឯងកីឡា ។ កីឡាករ ពៅ សារ៉ាក់ មកពីក្លិបអ្នកប្រដាល់បាត់ដំបងពាយ័ព្យ បានវាយកីឡាករ ផាន់ សុខវ៉ែន មកពីក្លិបគជសារកីឡាឱ្យសន្លប់ក្នុងទឹកទី២ និងកីឡាករ ផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡា បានសន្លប់ក្រោមដៃកីឡាករ គុន សំណង មកពីក្លិបខេមរិន្ទមានប្ញទ្ធិ ក្នុងទឹកទី៣ ៕
ចែករំលែកព័តមាននេះ