រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុប១គ្រឿងដឹកថ្មពេញបើកក្នុងល្បឿនលឿនហើយវ៉ារថយន្ត១គ្រឿងផ្សេងទៀតរេចង្កូតជ្រុលចូលចំណែកផ្លូវម្ខាងទៀតទៅបុកម៉ូតូអ្នកដំណើរតាមផ្លូវ១គ្រឿងពេញទំហឹង និងកិន បណ្តាលឱ្យរងការខូចខាតទាំងស្រុងតែសំណាងល្អអ្នកបើកបរម៉ូតូលោតចេញទាន់ ទើបមិនមានគ្រោះថ្នាក់ រីឯរថយន្តនោះបានរេចង្កូតពេញផ្លូវរួចក្រឡាប់ដេកផ្អៀងខ្លួនសង្កត់ពីលើរបងផ្ទះ និងដើមឈើរបស់ប្រជាពលរដ្ឋបាក់ខ្ទេចខ្ទី ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៩ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៣៨ ត្រង់ចំណុចជិតវត្តសាក់សំពៅ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ ។ រថយន្តបង្កហេតុដែលក្រឡាប់នោះម៉ាកហ៊ីណូ ពណ៌ប្រផេះ ជារថយន្តដឹកថ្មរបស់ក្រុមហ៊ុនមួយ ឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកម៉ូតូរងគ្រោះម៉ាកឌ្រីមសេ១២៥ ត្រូវរថយន្តធុនយក្ស១គ្រឿងនោះបុក និងកិនខ្ទេចទាំងស្រុងមិនអាចជួសជុលប្រើកើតឡើយ ម្ចាស់រថយន្តនោះ មានតែចេញប្រាក់សងទៅម្ចាស់ម៉ូតូប៉ុណ្ណោះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ