រាជធានីភ្នំពេញ ៖ លោកអ៊ូ សេដ្ឋានូអ្នកវិនិយោគផ្សារងិនអានបានមានប្រតិកម្មយ៉ាងខ្លាំងចំពោះអាជីវករលក់ដូរក្នុងផ្សារប្រមាណ ជាង២០០តូបដែលបានបញ្ចប់កិច្ចសន្យាហើយមិនព្រមចាកចេញ នៅក្រាញននៀលលក់ដូរដោយមិនបង់ប្រាក់ដែលនេះជាការ រំលោភលើកិច្ចសន្យាជួលតូប និងរាំងស្ទះដល់ការអភិវឌ្ឍហើយបន្តការលក់ដូរនៅតាមដងផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ។ មិន ត្រឹមតែប៉ុណ្ណោះ អាជីវករបានតវ៉ាប្រឆាំង នឹងសាលដីការបស់សាលាឧទ្ធរណ៍ថែមទៀត ។
ទន្ទឹមនេះអ្នកវិនិយោគក៏បានសំណូមពរយ៉ាងទទូចដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ មេត្តាជួយដោះស្រាយ ដើម្បីជំរុញដល់ការអភិវឌ្ឍព្រោះផ្សារនេះ មានលក្ខណៈទ្រុឌទ្រោមពុំមានលូបង្ហូរទឹកដក់ស្អុយគ្មានអនាម័យ គ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ។ ផ្សារងិនអានហៅផ្សារទំនប់ទួលគោកស្ថិតនៅក្បែររង្វង់មូលកាំកូស៊ីធីក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាផ្សារស្ថិតនៅលើដីឯកជនមួយរបស់ក្រុមហ៊ុន New Richដែលបានធ្វើកិច្ចសន្យាជួលដី តូបលក់ដូរជាមួយអាជីវករក្នុងរយៈពេល៣ឆ្នាំម្តងដែលត្រូវបញ្ចប់កិច្ចសន្យានៅថ្ងៃទី២ តុលា ២០១១ ។
នៅពេលបញ្ចប់កិច្ចសន្យាក្រុមហ៊ុនបានជួលទីតាំងអោយអ្នកវិនិយោគថ្មី ដោយស្ថានភាពផ្សារទឹកដក់គ្មានអនាម័យ គ្មានប្រព័ន្ធលូ និងប៉ះពាល់ដល់បរិស្ថានតម្រូវធ្វើការអភិវឌ្ឍ តែអាជីវករពុំព្រមចាកចេញនៅតែក្រាញននៀលលក់ដូររំលោភលើកិច្ចសន្យា ហើយថែមទាំងមិនបានបង់ប្រាក់ថ្លៃតូបទៀតផង ។នៅក្នុងកិច្ចសន្យាបានបញ្ជាក់យ៉ាងច្បាស់ថា ពេលបញ្ចប់កិច្ចត្រូវរុះរើតូបគ្រែដោយខ្លួនឯងជាបន្ទាន់យ៉ាងយូរ១០ថ្ងៃ បន្ទាប់ពីបញ្ចប់កិច្ចដោយមានផ្តិតមេដៃត្រឹមត្រូវ ។
ទោះបីមានសាលក្រមសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញលេខ០២ (ត)ចុះថ្ងៃទី១៤ មីនា ឆ្នាំ២០១២ និងសាលដីកាសាលាឧទ្ធរណ៍លេខ០៦ ដកសក្រចុះថ្ងៃទី១៥ សីហា ឆ្នាំ២០១២ប្រគល់សិទ្ធិឱ្យអភិវឌ្ឍន៍ ដែលត្រូវអនុវត្តន៍នៅថ្ងៃទី៣០ កក្កដាឆ្នាំ២០១២ក៏ត្រូវអាជីវករមួយចំនួនតវ៉ាប្រឆាំងជំទាស់ ។ បើរំលោភកិច្ចសន្យា និងប្រឆាំងសាលដីកាបែបនេះតើច្បាប់មានវិធានការអ្វី? ចំពោះជននោះ ៕
ចែករំលែកព័តមាននេះ