រាជធានីភ្នំពេញ ៖ នាថ្ងៃអាទិត្យទី៣០ កញ្ញា ស្អែកនេះនៅលើសង្វៀនទូរទស្សន៍បាយ័នព័ត៌មានកោះពេជ្រ កីឡាករជើងខ្លាំងឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យ នឹងជួបប្រកួតជាមួយកីឡាករពូកែលេងកណ្តាប់ដៃផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានឫទ្ធិ ។ គូពិសេសនេះធ្លាប់មានគម្រោងជួបគ្នាម្តងកាលពីពាក់កណ្តាលខែសីហា ប៉ុន្តែត្រូវអាក់ខានវិញដោយសារមានធុរៈ ។ ចាត់ទុកថាជាឱកាសមួយរបស់អ្នកប្រដាល់វ័យក្មេងដែលកំពុងចាក់គ្រឹះក្នុងពិភពប្រដាល់មានទស្សនិកជនចាប់អារម្មណ៍ បានឡើងសាកកណ្តាប់ដៃគ្នាជាលើកទី១ បន្ទាប់ពីប្រឡូកក្នុងអាជីពប្រដាល់អស់ជាច្រើនឆ្នាំ ។
រវាងឯម ខ្លឹមខ្មៅ និងផល សោភ័ណ្ឌ ពេលនេះកំពុងតែធ្វើឱ្យក្រុមអ្នកវិភាគមានការអល់អែកចិត្តជាពន់ពេកក្នុងការកំណត់ថាអ្នកណាឈ្នះ ព្រោះពួកគេទើបតែជួបគ្នាលើកទីមួយមិនទាន់ដឹងថាល្បិចស្នៀតប្រដាល់អាចកាច់បំបាក់គ្នាបានប៉ុនណានោះទេ ។ យោងតាមការចេញប្រកួតកន្លងមក កីឡាករចិត្តធំមិនចេះខ្លាចឯម ខ្លឹមខ្មៅ គឺជាជើងខ្លាំងមិនធម្មតាម្នាក់ដែលមានកម្លាំងពេញស៊ុហ្វប្រកួតមិនចេះហត់ និងហា៊នចូលវាយលុកលើដៃគូមិនចេះញញើតរហូតធ្វើឱ្យអ្នកប្រដាល់មួយចំនួនដែលស្ទើរវិជ្ជាគុនឧស្សាហ៍ដួលសន្លប់ក្រោមកណ្តាប់ដៃគេមិនតិចនាក់ទេ ។
ជារឿងប្រែប្រួលដែលអ្នកប្រដាល់ស្បែកខ្មៅពូកែតិចនិកវាយតប់ឯម ខ្លឹមខ្មៅ មួយរយៈពេលចុងក្រោយនេះ ស្រាប់តែត្រូវជួបរឿងស៊យញឹកញាប់ម្តងហើយម្តងទៀត ព្រោះតែឧស្សាហ៍ប្រកួតចាញ់កីឡាករចិត្តមុតវង្ស ណយ យ៉ាងចម្លែកស្ទើរមិនគួរឱ្យជឿសោះ ហើយសម្រាប់អ្នកប្រដាល់ល្បីឈ្មោះសុខៗស្រាប់តែស្រុតចុះវិជ្ជាគុនគឺអាចប៉ះពាល់កេរ្តិ៍ឈ្មោះខ្លាំងណាស់ ។ ម៉្លោះហើយទើបតម្រូវឱ្យកីឡាករឯម ខ្លឹមខ្មៅ ត្រូវគិតគូររឿងនេះឡើងវិញ ហើយប្រើប្រាស់បច្ចេកទេសឱ្យបានល្អក្រែងលោអាចស្រោចស្រង់ប្រជាប្រិយភាពបានដូចមុនវិញ ។ ដោយឡែកកីឡាករផល សោភ័ណ្ឌ ដ្បិតតែមិនធ្លាប់ប្រកួតជាមួយឯម ខ្លឹមខ្មៅ ពិតមែន តែកីឡាកររូបនេះមិនមែនជាសាច់ជ្រូកបីជាន់ទុកឱ្យគូប្រជែងចិញ្ច្រាំបានដោយស្រួលឡើយ ដោយសារគេមានសមត្ថភាពល្អ មិនចាញ់កីឡាករឯម ខ្លឹមខ្មៅ ប៉ុន្មានឡើយ ។
បើនិយាយពីលទ្ធផលវិជ្ជមានដែលកីឡាករផល សោភ័ណ្ឌ បានសាងក្នុងពិភពប្រដាល់វិញក៏មិនធម្មតាដែរ ដូចជាគេអាចដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាពីជើងខ្លាំងវង្ស ណយ កាលពីបីខែមុន និងជាម្ចាស់មេដាយមាសដល់ទៅ៤ឆ្នាំជាប់គ្នាក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេស ។ កីឡាករផល សោភ័ណ្ឌ បានអះអាងប្រាប់កោះសន្តិភាពមុនពេលឡើងរេញថា លោកមិនហ៊ានអះអាងឈ្នះឯម ខ្លឹមខ្មៅ ទេ អីុចឹងហើយទើបលោកចំណាយពេលហ្វឹកហាត់មិនហា៊នធ្វេសប្រហែសឡើយ ។ ដ្បិតតែលោកមិនដែលប្រកួតប៉ះឯម ខ្លឹមខ្មៅ មែន តែលោកមិនញញើតសោះឡើយ ក្នុងនាមជាអ្នកកីឡាដើម្បីកុំឱ្យបាក់ទឹកចិត្ត ។
ដោយឡែកគូផ្សេងទៀតមានកីឡាករឈិត រដ្ឋា មកពីក្លិបខេមរភូមិន្ទ ប្រកួតជាមួយកីឡាករឈុន បញ្ញា មកពីក្លិបហារ៉ាប់ស្វាយប៉ាក ។ កីឡាករឈិន ក្វាន់ង៉ុយ មកពីក្លិបមកុដរាជ្យ ប៉ះជាមួយកីឡាករផល សីហា មកពីក្លិបផ្សារបឹងទំពុន ។ កីឡាករសេង ហៀង មកពីក្លិបចាក់អង្រែ ប្រកួតជាមួយកីឡាករមួក សាវឌី មកពីក្លិបកុមារកំព្រា និងគូចុងក្រោយកីឡាករម៉ាប់ ឆៃយ៉ា មកពីក្លិបខ្លារខិន ប្រកួតជាមួយកីឡាករថៃ ប៊ុនហាន មកពីក្លិបបុរីនាគរាជ ៕
ចែករំលែកព័តមាននេះ