រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍អប្សរាសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការជួយឧបត្ថម្ភពីណាហ្គាវើល បានរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈអន្តរជាតិចំនួន៥គូ នៅលើសង្វៀនស្តាតចាស់នាយប់ថ្ងៃសៅរ៍ ទី២៩ កញ្ញា ក្នុងនោះក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ CBF ទម្ងន់៦៥គីឡូក្រាម ចំនួន២គូផងដែរ ។
គូប្រកួតដណ្តើមខ្សែក្រវាត់មានកីឡាករ ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកួតជាមួយកីឡាករ ឡេក ជេត មកពីប្រទេសថៃ និងកីឡាករ លាង សីុបិុច មកពីក្លិបខេត្តកោះកុង ប្រកួតជាមួយកីឡាករមកពីបែលហ្ស៊ិក នូបិល អាឡេក។
ផល សុផាត ត្រូវបានដឹងថា ធ្លាប់ទទួលតំណែងជាម្ចាស់ខ្សែក្រវាត់៣ជំនាន់ជាប់គ្នា រីឯប្រវត្តិប្រកួតរបស់គេមានរហូតដល់ទៅ៩៩ដង ឈ្នះ៧៦ដង ចាញ់២០ដង ស្មើ៣ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់រហូតដល់ទៅ១៥ដងឯណោះ ។ សម្រាប់កីឡាករ ឡេក ជេត មិនបានដឹងអំពីប្រវត្តិប្រកួតច្បាស់លាស់ឡើយ ប៉ុន្តែមានការអះអាងពីអ្នករៀបចំការប្រកួតថា កីឡាករថៃរូបនេះពិតជាមិនធម្មតា ដូច្នេះសុផាត មិនអាចមានការធ្វេសប្រហែសបានឡើយ ។
ចំណែកកីឡាករ លាង សីុបិុច ដែលត្រូវជួបកីឡាករបែលហ្ស៊ិក នូបិល អាឡេក វិញនោះ គេមានប្រវត្តិប្រកួតបាន៥៦ដង ឈ្នះ៥០ដង ស្មើ១ដង ចាញ់៥ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បាន១៥ដង ។ ចំណែកឯកីឡាករបែលហ្ស៊ិក ក៏គេមិនដឹងអំពីប្រវត្តិប្រកួតច្បាស់លាស់ដែរ ប៉ុន្តែមានការអះអាងថា គេក៏ជាជើងខ្លាំងធ្លាប់ធ្វើព្យុះភ្លៀងនៅស្រុកថៃនាពេលកន្លងមកទៀតផង ។ ការប្រកួតរវាងកីឡាករ២គូនេះធ្វើឡើងជាលក្ខណៈជម្រុះរកអ្នកឈ្នះ២រូបចុងក្រោយទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រយកតំណែងជាម្ចាស់ខ្សែក្រវាត់ ហើយគេមិនដឹងថាតំណែងម្ចាស់ខ្សែក្រវាត់បានទៅលើកីឡាករបរទេស ឬកម្ពុជានោះឡើយ ។ ដើម្បីកុំឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរំលងហួស សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ។
នៅលើសង្វៀនដដែលក៏មានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិចំនួន៣គូទៀត គឺកីឡាករយ៉េន ឌីណា មកពីក្លិបអប្សរាក្បាច់គុនខ្មែរ ប្រកួតជាមួយកីឡាករថៃ យ៉ត ថុងឆៃ ទម្ងន់៥៧គីឡូក្រាម ។ កីឡាករយ៉ាក់ កោះយ៉ មកពីក្លិបខេត្តកោះកុង ប្រកួតជាមួយកីឡាករបែលហ្ស៊ិក យ៉ាសីុ អាលេន ទម្ងន់១១០គីឡូក្រាម និងម្ចាស់មេដាយប្រាក់សីុហ្គេម សែន រ៉ាឌី មកពីក្លិបអប្សរាក្បាច់គុនខ្មែរ ប្រកួតជាមួយកីឡាករថៃ ស៊ុន ភិដេត សីុតចាណាត ទម្ងន់៥៤គីឡូក្រាម ៕
ចែករំលែកព័តមាននេះ