កីឡាការិនីរុស្ស៊ីណាឌៀ ប៉េត្រូវ៉ាបានក្លាយជាម្ចាស់ពានជើងឯកកម្មវិធី Pan Pacific Openប្រចាំឆ្នាំ២០១២បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីការពារជើងឯកជាតិប៉ូឡូញអានីយ៉េស្កា រែដវ៉ាន់ស្កាក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ទី២៩កញ្ញា ម្សិលមិញ។
ប៉េត្រូវ៉ាវ័យ៣០ឆ្នាំបានបំបាក់នាងរែដវ៉ាន់ស្កាក្នុងលទ្ធផល ៦-០, ១-៦និង៦-៣ ។ នាងបានថ្លែងថា៖«ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងចំពោះជ័យជម្នះលើកនេះ ។ នេះជាកម្មវិធីប្រកួតធំមួយដែលខ្ញុំមិនធ្លាប់បានយកឈ្នះពីមុនមកនិងជាស្នាដៃដ៏អស្ចារ្យមួយផងដែរ ។ ចាប់ផ្តើមក្នុងកម្មវិធីនេះ ខ្ញុំមិនសង្ឃឹមឈ្នះនោះទេ ដ្បិតខ្ញុំមានរបួសឆ្អឹងខ្នង ។ ដូច្នេះវាពិតជារឿងរីករាយបំផុតដែលបានយកឈ្នះពាននេះ »។ នាងបានបន្ថែមថា ៖«នៅសិតទី១ ខ្ញុំបានប្រើកម្លាំងច្រើនណាស់ ហើយការផ្លាស់ប្តូរតារាងប្រកួតក៏បានជួយខ្ញុំខ្លះៗដែរដើម្បីយកឈ្នះសិតទី៣ »។
នេះជាលើកទី២ហើយដែលប៉េត្រូវ៉ាយកឈ្នះនាងរែដវ៉ាន់ស្កាក្នុងការជួបគ្នា៥លើកនិងក៏ជាពានWTAលើកទី២របស់នាងប្រចាំរដូវកាលឆ្នាំ ២០១២ផងដែរ ។ ជ័យជម្នះលើកនេះបានជួយឱ្យនាងឡើងទៅកាន់ចំណាត់ថ្នាក់ពិភពលោកពីលេខ១៨ទៅលេខ១៤ទៀតផង ។ ឯទឹកប្រាក់រង្វាន់វិញ នាងទទួលបាន ៣៨៥ពាន់ដុល្លារអាមេរិកខណៈនាងរែដវ៉ាន់ស្កាទទួលបាន១៩២ពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ