ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​អ​ធិ​ករណ៍​វត្ត​ស្វាយ​ធំ​ដក​«អាចារ្យ​តែ​ថេះ​»​ចេញ

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​អាជ្ញាធរ​​គ្រប់អង្គភាព​​ពាក់​​ព័ន្ធ​ក្នុង​ស្រុក​សង្កែ ​បានកោះប្រជុំ​ភ្លាមៗ​ដើម្បី​រកដំណោះស្រាយ​​​អំពី​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ស្ថា​ប័ន​​ព្រះពុទ្ធសាសនា ​ក្រោយព​ី​មាន​ការ​​ផ្ទុះ​អធិក​រណ៍មួយ ​កាលពីចុង​សប្ដាហ៍​​មុន​នៅ​​ក្នុង​វត្ត​ស្វាយ​ធំ ស្ថិតនៅ​ភូមិ​ស្វាយ​​ធំ​​ ឃុំអូរដំបង​២ ស្រុក​សង្កែ ​រវាង​អ្នកភូមិ​រាប់​រយ​នាក់​ដែល​គាំ​ទ្រ​ព្រះ​សង្ឃ​​​ក្នុងវត្ត​ជា​មួយ​«អា​ចារ្យ​​តែថេះ» ​​២នាក់​​​​ដែល​​ប្រឆាំង​​ព្រះសង្ឃ​ ។ ​ការ​រក​ដំណោះ​ស្រាយ​​បាន​​បញ្ចប់​ ​ដោយគណៈ​កម្មកា​រ​​បា​ន​សម្រេច​​ឯកភាព​​តាម​សំណូមពរ​​ភាគច្រើន​របស់​

ខេត្ត​បាត់​ដំបង​ ៖ ​អាជ្ញាធរ​​គ្រប់អង្គភាព​​ពាក់​​ព័ន្ធ​ក្នុង​ស្រុក​សង្កែ ​បានកោះប្រជុំ​ភ្លាមៗ​ដើម្បី​រកដំណោះស្រាយ​​​អំពី​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ស្ថា​ប័ន​​ព្រះពុទ្ធសាសនា ​ក្រោយព​ី​មាន​ការ​​ផ្ទុះ​អធិក​រណ៍មួយ ​កាលពីចុង​សប្ដាហ៍​​មុន​នៅ​​ក្នុង​វត្ត​ស្វាយ​ធំ ស្ថិតនៅ​ភូមិ​ស្វាយ​​ធំ​​ ឃុំអូរដំបង​២  ស្រុក​សង្កែ ​រវាង​អ្នកភូមិ​រាប់​រយ​នាក់​ដែល​គាំ​ទ្រ​ព្រះ​សង្ឃ​​​ក្នុងវត្ត​ជា​មួយ​«អា​ចារ្យ​​តែថេះ» ​​២នាក់​​​​ដែល​​ប្រឆាំង​​ព្រះសង្ឃ​ ។ ​ការ​រក​ដំណោះ​ស្រាយ​​បាន​​បញ្ចប់​ ​ដោយគណៈ​កម្មកា​រ​​បា​ន​សម្រេច​​ឯកភាព​​តាម​សំណូមពរ​​ភាគច្រើន​របស់​ប្រជា​ពល​រដ្ឋ​​​​ដែល​គាំ​​ទ្រព្រះសង្ឃ​​ តែ​បាន​​បដិ​សេធ​​​ចោល​​វិញ  នូវ​របាយការណ៍​ឈ្នានីស​​ ថែម​ទាំង​​សម្រេច​​​​បញ្ចប់​​​ភារកិច្ច​តាមអាចារ្យ​ទាំង​២​នាក់​​​នេះ​ពី​ក្នុង​វត្ត​​​ទៀត​ផង​ ។​
​​នៅព្រឹក​ថ្ងៃទី​​២៧  កញ្ញា ​​អាជ្ញាធរ​​ឃុំ​អូរ​ដំបង​២ ​បានជួប​ប្រជុំ​ជាមួួយព្រះសង្ឃ​ និង​ប្រជា​ពលរដ្ឋ​​ប្រមាណ​២០០នាក់ នៅ​ក្នុង​វត្ត​​​ស្វាយ​ធំ ​ដើម្បី​ប្រកាស​​ជូនដំណឹង​​អំពីការ​​សម្រេច​បណ្ដោះ​អាសន្ន​របស់​អាជ្ញាធរ​​​ដែល​ត្រូវ​រៀប​​ចំរ​ចនា​ស​ម្ព័​ន្ធ​​គ្រប់គ្រង​​វត្តស្វាយ​ធំ​​នេះ​ជាថ្មី​ ។ ​មេឃុំ​​អូរ​ដំបង​​២​​ ​លោកហុក ​សុគុន មាន​ប្រ​សា​ស​​ន៍​ថា ក្នុង​កិច្ច​ប្រជុំ​នោះ​ អាជ្ញាធរ​​ស្រុក​ និង​អង្គភាព​​​ពាក់ព័ន្ធ​នា​នាក្នុងស្រុក​​សង្កែ​បាន​ឯកភាព​​សម្រេច​​ជ្រើស​តាំង​គ្រូ​ចៅអធិការ​​​ស្ដី​ទី​ គ្រូសូត្រ​​ឆ្វេង- ​ស្ដាំ ​ក្នុងវត្ត​ស្វាយ​ធំ ​ជាបណ្ដោះ​អាសន្ន​​​តាម​សំណូម​​ពរ​​​របស់​ប្រជាពលរដ្ឋ​​ រួម​​ជាមួយ​នឹង​​ការ​ជ្រើសតាំង​​គណៈ​កម្ម​ការ​ និង​អាចារ្យ​​វត្ត​នេះ​ជាថ្មី​​ផង​ដែរ​ ខណៈ​អាចារ្យ​២នាក់​គឺ​អា​ចារ្យ​​​ថង និង​អាចារ្យ​ម៉ិ ​ដែល​ជំទាស់​នឹង​មតិ​​​មហាជន​​ភាគ​ច្រើន​ ជាពិសេស​ជា​មួយ​​​ព្រះសង្ឃ​ត្រូវ​បញ្ចប់​​តំណែង​ពី​ក្នុងវត្ត​ដែរ ។

​ លោក​ហុក សុគុន ​បាន​បន្ត​ថា ការ​ជ្រើស​​​តាំង​​​​មន្រ្តី​សង្ឃ​​​ ​និងគណៈកម្មការ​​ តា​អាចារ្យ​​​ក្នុង​វត្ត​​ស្វាយធំ ​ជា​​ថ្មីនេះ​ ក៏បាន​ធ្វើ​ឡើង​​​តាម​សំណូម​ពរ​​​​​របស់​មហាជន​ ដែល​ស្នើ​​មិន​​ឱ្យ​​ជ្រើស​រើស​ព្រះសង្ឃ​​ ឬ​តាអាចារ្យ​ គណៈ​កម្មការ​វត្តពីក​ន្លែង​​ផ្សេង​​​​​​មក​គ្រប់គ្រង​វត្តនេះ​ ​។ ​លោកបាន​ប្រាប់​ថា ​ព្រះសង្ឃ​​៣អង្គ​​ដែល​ត្រូវជ្រើសតាំង​​បណ្ដោះ​អាស​ន្ន​​រួម​មាន​​​ ១-ភិក្ខុ​​​នាម ​​សន សម្បត្តិ ​ព្រះ​ជន្ម​៣០ឆ្នាំ​​ ជាចៅអធិការ​​ស្ដីទី ​២-​ភិក្ខុ​​នាម សុវណ្ណ ​មុន្នី ​​ព្រះជន្ម៣១ឆ្នាំ​ជាគ្រូ​សូត្រ​​ស្ដាំ និង​៣-ភិក្ខុ​នាម កៅ សុខ​ ព្រះជន្ម​៧១ឆ្នាំ​ ​ជាគ្រូសូត្រ​​ឆ្វេង​​ ។ ​ដោយ​​ឡែក ​​នៅ​មាន​​បេក្ខជន​ជាគណៈ​កម្មកា​រ​​ និង​​តាអាចារ្យ​​​​១៥រូប​ទៀត​ ក៏ត្រូវ​​បានជ្រើស​​តាំង​រួច​​​ហើយ​ដែរ  ​ប៉ុន្តែ​ក្នុង​​នោះ​អង្គ​ប្រជុំ​​បាន​ឯក​ភាព​​​​​ជ្រើសរើស​​យក​បេក្ខជន​​​​៣នាក់​តែងតាំង​ជា​ប្រធាន​​គណៈ​​កម្មការ​វត្ត​ ​លោកតាអាចារ្យ​​ និ​ង​ហេរ​ញ្ញិក​ តែគ្មានឈ្មោះ​​អាចារ្យ​​​​ថង  និ​ង​​អាចារ្យ​​ម៉ិ​ ​នៅក្នុង​​ចំណោម​នេះ​ទេ ។ ​​​លោកមេឃុំ​​បញ្ជាក់​ថា ​ការជ្រើសតាំង​​ថ្នាក់​ដឹក​​នាំ​ក្នុងវត្ត​ស្វាយ​​ធំ​​ជាថ្មី​នេះ ​គឺ​ធ្វើឡើង​​​​តាម​សំ​ណូម​​ពរ​​​ភាគ​​ច្រើន​​របស់​មហា​​ជន​​ ដែល​​ជា​ពុទ្ធ​បរិស័ទ​​​ចំណុះ​ជើង​​វត្ត​ទាំង​មូល។

​ជាមួយ​​នឹងការ​​ប្រកាសតំណែង​​បណ្ដោះ​អា​ស​ន្ន​​​ដល់​ព្រះសង្ឃ​​ និងគណៈកម្មការ​​ លោកតា​អា​ចារ្យ​​​​​ក្នុងវត្ត​​ស្វាយធំ​​នេះ ប្រជាពលរដ្ឋ​ និង​ព្រះ​សង្ឃ​​​​​​ដែលគង់​ក្នុងវត្ត​នេះ​បាន​សាទរ​ ​បើទោះ​ជា​គ្រូ​ចៅ​ អធិការ​​មុន​នាម​ជា ហ៊ឺ ​បានបដិសេធ​មិន​ទទួ​ល​​តំណែង​​​ចៅអធិការ​​វត្តនេះ​វិញ​ក្ដី ។ ​អ្នកភូមិ​និ​យា​យ​ថា ​ពុទ្ធបរិស័ទ និងព្រះសង្ឃ​​ក្នុងវត្ត​ទាំង​អស់ បាន​​​ស្នើឱ្យ​​អតីត​ចៅអធិការ​​វត្ត​​ព្រះនាម​ជា ហ៊ឺ ​ទទួលតំណែង​​ជាគ្រូចៅអធិការ​​វិញ​ ក្រោយ​​ពី​ត្រូវ​​មន្រ្តី​សង្ឃ​​ និងមន្រ្តីធម្មការ​​ស្រុក​ដក​ហូត​តំណែង​​ និង​ត្រារបស់​ព្រះ​អង្គ​​ កាលពី​សប្ដាហ៍​មុន​តែ​​ព្រះអង្គ​​​បដិសេធ​​ដោយ​សំអាង​ថា ព្រះអង្គ​​មាន​វ​័យ​​ជរា និង​មានការភ្លេច​ភ្លាំង​​ច្រើន​ ។ ​ប៉ុន្តែ​ព្រះ​អង្គ​សុខ​ចិត្ត​​បួសនៅ​ក្នុងវត្ត​នេះ​បន្ត​ក្នុង​​នាម​ជា​ភិក្ខុ​​វិញ​ក៏​បានដែរ​ ។

គួររំលឹក​ថា ​កាលពី​ថ្ងៃទី​២៣ ​កញ្ញា ​កន្លង​ទៅ​នេះ ​ក្នុង​វត្ត​ស្វាយ​ធំ បានផ្ទុះ​​​អធិករណ៍ដ៏ចម្រូង​ចម្រាស​​មួយ​ដោយ​​​សារ​មាន​ការ​ដក​ហូតតំណែង​​គ្រូចៅ​អធិការ​​វត្ត​នាមជា ហ៊ឺ ​ព្រះជន្ម​៧៣​ឆ្នាំ​​ដែល​​ធ្វើឡើង​​ស្ងាត់​ៗ​ពីសំណាក់​​មន្រ្តីសង្ឃ និង​មន្រ្តី​​ធម្មការស្រុកសង្កែ​​។​​មហាជន​រាប់រយ​នាក់​រួម​ជាមួយ​​​​​ព្រះសង្ឃ​​គង់​ក្នុងវត្តនេះ​ផង​អះ​អាង​ថា ការដកតំណែង​​ព្រះ​តេជគុណ​​ជា ហ៊ឺ ​ពី​ចៅ​អធិការ​វត្ត​​​​នោះ​ គឺ​ធ្វើឡើង​​​​​ដោយ​យោង​លើ​របាយ​ការណ៍​មួល​បង្កាច់​របស់​អាចារ្យ​​ឈ្មោះស ថង​ ​អាយុ​៧៣ឆ្នាំ ​និងអាចារ្យ​​ក្រៅវត្ត​ឈ្មោះរឿង ឆាន​ ហៅម៉ិ​ ​អាយុ៥០ឆ្នាំ ។​​ អ្នក​ភូមិ​ឱ្យ​​ដឹ​ង​ទៀត​ថា ​​ព្រះ​​សង្ឃ​ក្នុងវត្ត​ទាំងអស់​​រាប់​ទាំង​ពល​រដ្ឋ​រាប់​រយ​នាក់​​ផង​​ បាន​គាំទ្រមិន​​ឱ្យ​មាន​ការ​ដក​​​តំណែង​​​ចៅ​អធិការ​​វត្ត​​នាម​​​ជា ហ៊ឺ ទេ លើក​លែង​​តែ​អាចារ្យ​ឡេម​ឡឺម​​​២នាក់​ប៉ុណ្ណោះ​ប្រឆាំង​ ​ហើយ​ថែម​​ទាំង​ធ្វើ​របាយការណ៍ភូត​កុហក​​មួលបង្កាច់​ចៅ​​អធិការ​​វត្ត​ជូន​មន្រ្តី​សង្ឃ​​ និង​​​មន្ត្រី​ធម្មការ​ស្រុក​​​ឱ្យ​ដក​តំណែង​ព្រះអង្គ​ទៀត ​ ពិត​ជា​គ្មាន​​សីលក្នុង​ខ្លួន​មែន​ ។ ប៉ុន្តែ​​នៅ​ថ្ងៃ​កើត​ហេតុ​​នោះ ​​អាចារ្យ​​ស ថង​ ​បានបដិសេធ​ថា ​គាត់មិន​​បាន​​ធ្វើ​របាយ​ការណ៍​​ចោទប្រកាន់ទេ ​​បើ​ទោះ​​ជា​អក្ស​រ​​​ដែល​​សរសេរ​​ក្នុង​របាយការណ៍​​នោះ​​ត្រូវ​​ព្រះសង្ឃ​ និង​អ្នក​​ភូមិ​​រាប់​រយ​​នាក់​អះ​អាង​​ថា​​​ ជា​អក្សរគាត់ក្ដី​​​ ។ ​អាចារ្យ​ថង ​បាន​និ​យា​យ​​​បែប​យក​រួចខ្លួនថា ​រឿង​ដកតំណែង​​ចៅអធិការវត្តនាម​ជា ហ៊ឺ ​មិន​ពាក់​ព័ន្ធ​​នឹង​គាត់​​ទេ ហើយ​​របាយ​ការណ៍​​មាន​ខ្លឹម​សារ​​៨​ចំណុច​​ចោទ​ប្រកាន់​ចៅ​អធិការ​​នោះ​ក៏​មិន​មែន​​ជា​របាយ​ការណ៍​​គាត់​ដែរ​​ គឺ​​អាច​ជា​របាយ​ការណ៍​របស់​​មន្រ្តី​ថ្នាក់លើ​​ ដែល​តាម​​ដាន​សក​ម្ម​ភាព​​​ព្រះ​អង្គ​​កន្លង​មក​​នេះ ។

យ៉ាងណាក្ដី ​​អធិករណ៍ក្នុងវត្តស្វាយ​ធំ ​ត្រូវ​បាន​​​បញ្ចប់​​​ហើយ ​​ត្រឹមអាជ្ញាធរ​ឃុំ​បាន​ប្រកាស​ធ្វើ​​​​តាម​​សំណូមពរ​​ភាគច្រើន​​របស់​ព្រះសង្ឃ​​ និង​ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន​​ ។ ​​អាជ្ញាធរក៏បាន​ប្រកាស​​​​នៅ​​ចំពោះ​​មុខព្រះ​សង្ឃ​​ និងប្រជាពលរដ្ឋ​​​ផង​​ដែរ​​ នូវ​​រាល់ការ​​បញ្ចប់​ភារ​កិច្ច​​​របស់«​អាចារ្យ​តែ​​ថេះ»​២នាក់​ដែល​​អ្នកភូមិ​ហៅ​​ថា ​​អាចារ្យ​«មេ​រោគ»​​ ។ ​លោក​​ហុន សុគុន មេឃុំ​​​អូរ​ដំបង​​២​បាន​​​បញ្ជាក់​ថា ​​ឈ្មោះស ថង ​និង​ឈ្មោះរឿង ​ឆាន ​ហៅម៉ិ​​​ ពួកគាត់​គ្មានភារកិច្ច​​ចាត់ចែង​​ការ​ងារ​​​​​​ក្នុង​​​វត្តស្វាយ​ធំ​​​ទៀត​ទេ ​តែ​ក្នុង​នាម​​ជាពុទ្ធ​បរិស័ទពួកគាត់​​មានសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​​ធ្វើ​បុណ្យ​​​​ទាន​នៅ​វត្តនេះ  ។ ​លោកមេឃុំ​​បញ្ជាក់​​​បន្ថែម​​​ថា ចំពោះ​តំណែង​​​គ្រូចៅ​អធិការ​​វត្ត​ ​គ្រូ​សូ​ត្រ​​​ឆ្វេង ​គ្រូសូត្រស្ដាំ ​និងតំណែង​​ជួរគណៈ​កម្មកា​រ​​ អាចារ្យ​ ​ដែលទើប​ជ្រើសតាំង​​ថ្មី​នេះ ​នឹង​​​ប្រកាស​​ជា​​ផ្លូវការ​​នៅ​ពេលខាងមុខ​​ ៕