ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរចំនួន៣២នាក់ ក្នុងចំណោមជាង៥០នាក់ ខណៈពេលពួកគេប៉ុនប៉ងឡើងភ្នំដងរែកចូលដីថៃកាប់ឈើគ្រញូងខុសច្បាប់ដែលប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុដោយក្រុមទាហានថៃបាញ់ និងចាប់ខ្លួន ។ ការទប់ស្កាត់នេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យ៉ោក វណ្ណាលុច្ស មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់អាជ្ញាធរជាតិព្រះវិហារ សហការជាមួយយោធាកងពលធំអន្តរាគមន៍លេខ៣ ដោយធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរទាំងនេះនៅចំណុចអូរទឹកខៀវ ស្ថិតក្នុងឃុំស្រឯម ស្រុកជាំក្សាន្ត ក្បែរជើងភ្នំដងរែក ខាងលិចប្រាសាទព្រះវិហារ ប្រមាណ៨គីឡូម៉ែត្រ ។
លោកឧត្តមសេនីយ៍ទោ យ៉ោក វណ្ណាលុច្ស មានប្រសាសន៍ថា នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៧ កញ្ញា លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិព្រះវិហារដើរពិនិត្យភូមិសាស្ត្រក្នុងទឹកដីដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ ។ នៅពេលទៅដល់ចំណុចអូរទឹកខៀវ ក៏ប្រទះឃើញក្រុមមនុស្សប្រហែល៦០នាក់ ខ្លះស្លៀកពាក់ជាឯកសណ្ឋានទ័ព ខ្លះឯកសណ្ឋានស៊ីវិល មានប្រដាប់ប្រដាជាប់ខ្លួនរួមមានស្បៀងអាហារ និងឧបករណ៍កាត់ឈើ ក្នុងនោះមានពូថៅដៃ រណារដៃ និងខ្សែពួរ សម្រាប់អូសទាញឈើគ្រញូងចុះពីលើភ្នំផង ។ ដោយឃើញស្ថានភាពបែបនេះ លោកក៏បានទាក់ទងទៅលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សុំកម្លាំងឱ្យជួយ ។ ពេលនោះកម្លាំងកងពលធំអន្តរាគមន៍លេខ៣ បានមកជួយទាន់ហេតុការណ៍ដោយធ្វើការព័ទ្ធឃាត់ខ្លួនបានចំនួន៣២នាក់ រួចបញ្ជូនពួកគេទៅកាន់ស្នាក់ការកងរាជអាវុធហត្ថប្រចាំភូមិធម្មជាតិដើម្បីធ្វើការសាកសួរ ។
ពលរដ្ឋទាំងអស់បានឆ្លើយថា ពួកគាត់មានផែនការឡើងទៅកាន់ខ្នងភ្នំដងរែកនៅចំណុចចាក់ច្រែងដើម្បីឆ្លងចូលដីថៃ ស៊ីឈ្នួលកាប់ និងអូសឈើគ្រញូងឱ្យឈ្មួញចូលដីខ្មែរ ។ ពួកគាត់ឱ្យដឹងថា ឈើគ្រញូងដែលកាប់បាននឹងយកទៅលក់ឱ្យថៅកែខ្មែរម្នាក់មកពីខេត្តកំពង់ចាម ដែលបច្ចុប្បន្នឈ្មួញនោះកំពុងរង់ចាំទិញនៅក្នុងតំបន់ភូមិស្រឯម ។ តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីអាជ្ញាធរជាតិព្រះវិហារថា ក្នុងចំណោមពលរដ្ឋទាំង៣២នាក់នេះ គឺមានទាហានពាក់កណ្តាល និងប្រជាពលរដ្ឋមកពីស្រុកត្រពាំងប្រាសាទខ្លះ និងខេត្តសៀមរាបខ្លះ ។
មកដល់ព្រឹកថ្ងៃទី២៨ កញ្ញា ពួកគេត្រូវបានអាជ្ញាធរជាតិព្រះវិហារប្រគល់ឱ្យអាជ្ញាធរស្រុកជាំក្សាន្តធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឡើងភ្នំដងរែកប្រថុយជីវិតដូចនេះបន្តទៀត រួចហើយក៏បញ្ជូនតាមរថយន្តឱ្យត្រឡប់ទៅកាន់មូលដ្ឋានវិញ ។ ពលរដ្ឋខ្មែរដែលឡើងភ្នំដងរែក រកស៊ីអូសឈើគ្រញូងឱ្យឈ្មួញនិយាយថា ក្នុងខែកញ្ញានេះថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរក្នុងដីថៃជាច្រើននាក់ដោយពុំមានអ្នកណាអាចចូលយកសពមកបានទេ ។
លោកឧត្តសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធានគណៈមេបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ បានឱ្យដឹងថា កិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែននៅបញ្ជាការដ្ឋានអង្គរក្សប្រចាំជួរមុខកាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅនេះ ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកបានរឹតបន្តឹង និងដាក់ការឃ្លាំមើលជាប្រចាំ ។ ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលរដ្ឋខ្មែរ៣២នាក់ នារសៀលថ្ងៃទី២៧ កញ្ញា កងកម្លាំងយោធាកងពលធំអន្តរាគមន៍លេខ៣ ក៏បានចាប់ឃាត់រថយន្តម៉ាកស៊ើប១គ្រឿងដឹកឈើគ្រញូងចេញពីចំណុចច្រកអានសេះ រួចយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតជាបណ្តោះអាសន្នផងដែរ ។
សូមរំឭកថា នៅព្រឹកថ្ងៃទី២៦ កញ្ញា កន្លងមក លោកនាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា -ថៃ ទិសយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនជួរភ្នំដងរែក ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅ បញ្ជាការដ្ឋានជួរមុខទិសទី១ ប្រាសាទ ព្រះវិហារ ដោយមានការចូលរួមពីនាយទាហានជាន់ខ្ពស់គ្រប់កងឯកភាពដែលកំពុងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងទិសយោធភូមិភាគទី៤ ព្រមទាំងមន្ត្រីអាជ្ញាធរដែនដីខេត្តព្រះវិហារគ្រប់ជាន់ថ្នាក់សរុបប្រមាណ១០០នាក់ ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តបានលើកឡើងអំពីបញ្ហា ពលករខ្មែរដែលឡើងទៅលើខ្នងភ្នំដងរែក ហើយលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងដែលបាននិងកំពុងធ្វើឱ្យមានកង្វល់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការបាញ់សម្លាប់និងចាប់យកទៅដាក់គុកក្នុងប្រទេសថៃពីកងទ័ពសៀម បើទោះជាកន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដោយសុំឱ្យកងទ័ពសៀមបញ្ឈប់ការបាញ់សម្លាប់ ខណៈ ពេលពួកគេលួចចូលក៏ដោយ ។
លោកអភិបាលខេត្ត បានលើកឡើងអំពីសកម្មភាពពលរដ្ឋខ្មែរលួចឡើងភ្នំដងរែកចូលដីថៃដោយខុសច្បាប់ កន្លងមកក៏ដូចសព្វថ្ងៃនេះ គឺភាគច្រើន៨០% ជាពលរដ្ឋចំណាកស្រុក មកពីគ្រប់ទិសទីក្នុងប្រទេស ។ ទន្ទឹមនឹងក្តីកង្វល់នេះ លោកក៏បានសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចនៅទូទាំងប្រទេសធ្វើយ៉ាងណាជួយពន្យល់និងជួយធ្វើការទប់ស្កាត់ពលរដ្ឋរបស់ខ្លួន សូមឱ្យបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយជីវិតនៅលើខ្នងភ្នំដងរែកបែបនេះទៀត ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈមេបញ្ជាការសមរភូមិមុខទិសទី១ប្រាសាទព្រះវិហារ មានប្រសាសន៍ថា ពេលនេះគប្បីនាយទាហានទាំងអស់ ដែលកំពុងឈរជើងប្រចាំជួរមុខគ្រប់កងឯកភាព ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចំណុចខ្លួនឈរជើង ទប់ស្កាត់ឱ្យបានបទល្មើសគ្រប់ប្រភេទដែលកើតមានតាមបណ្តោយព្រំដែន ដូចជាទប់ស្កាត់ពលរដ្ឋខ្មែរ កុំឱ្យចូលដីថៃដោយខុសច្បាប់ ។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍សង្កត់ធ្ងន់ទៅដល់គ្រប់នាយទាហានទាំងអស់ដែលទទួលខុសត្រូវតាមចំណុចនីមួយៗប្រចាំជួរភ្នំដងរែក ត្រូវលុបបំបាត់ឱ្យអស់នូវរាល់ភាពអសកម្ម ឬក៏ការសមគំនិតណាមួយ ដែលកន្លងទៅជាកំហុសឆ្គងដ៏ធ្ងន់ក្នុងការប្រព្រឹត្តបទល្មើសជាច្រើន នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ពិសេសគឺការទប់ស្កាត់ពលរដ្ឋមិនឱ្យលួចឆ្លងចូលដីថៃរកស៊ីឈើគ្រញូងក៏ដូចជាបទល្មើសផ្សេងៗដែលផ្ទុយពីច្បាប់ ។
លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៀតថា ចាប់ពីពេលនេះតទៅ កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានរឹងមាំ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅលើខ្នងភ្នំដងរែក យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ពលរដ្ឋចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋខ្មែរ ៕
ចែករំលែកព័តមាននេះ