ការប្រណាំងរថយន្ត Grand Prixនៅក្នុងប្រទេសថៃនឹងចាប់ដំណើរការពីឆ្នាំ២០១៤តទៅក្នុងខណៈកិច្ចព្រមព្រៀងមួយត្រូវគេដឹងថាបានដល់គោលការសម្រាប់ការប្រណាំងមួយដែលនឹងអនុញ្ញាតឱ្យរថយន្តហ្វមមូឡាវ័នរត់លើដងវិថីនានាក្នុងទីក្រុងបាងកកនាពេលរាត្រី ។
ព័ត៌មាននេះត្រូវបានបញ្ជាក់អះអាងដោយលោក Kanokphand Chulakasemដែលជាប្រធានអាជ្ញាធរកីឡាប្រទេសថៃ ។
កាលពីចុងសប្តាហ៍កន្លងទៅ Chulakasemរួមជាមួយទីប្រឹក្សាម្នាក់របស់មហាសេដ្ឋី Chalerm Yoovidhya ដែលជាម្ចាស់ក្រុមប្រណាំង F1 Red Bull បានទៅជួបពិភាគ្សាគ្នាជាមួយប្រធានហ្វមមូឡាវ័នពិភពលោកBernie Ecclestoneនៅប្រទេសសិង្ហបុរី ។
ថ្លែងប្រាប់កាសែត Bangkok Post លោក Chulakasemបានបញ្ជាក់ថា ៖«វាគឺជាការប្រណាំងនៅក្នុងទីក្រុងដូចជានៅសិង្ហបុរីនិងម៉ូណាកូដែរ ហើយវាគឺជាការប្រណាំងធ្វើក្នុងពេលរាត្រីដូចជា Singapore Grand Prix »។
ទោះជាយ៉ាងណា កុងត្រាពិតប្រាកដនិងតម្លៃប្រាក់សិទ្ធិរៀបចំការប្រណាំងនៅមិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា Chumpol Silpa-archaបានអះអាងថា រដ្ឋាភិបាលអាចនឹងជួយចំណាយលើថ្លៃរៀបចំការប្រណាំងប្រចាំឆ្នាំ៦០ភាគរយ ។ ចំណែកចំនួននៅសេសសល់គឺជាបន្ទុករបស់ក្រុមហ៊ុនឯកជនមានដូចជា ក្រុមហ៊ុនគោជល់ Red Bull និងក្រុមហ៊ុន Singha ជាដើម ។
គេនៅចាំបានថា គ្រាន់តែកីឡាករម៉ាក វេប៊័របើកសាកល្បងកាលពីឆ្នាំ ២០១០ មានអ្នកទីក្រុងបាងកកចេញមកមើលដល់ទៅ១០ម៉ឺននាក់ ។លោក Ecclestoneកាលពីសប្តាហ៍មុនមិនបានទាត់ចោលនូវលទ្ធភាពនៃការបង្កើតការប្រណាំងក្នុងពេលរាត្រីផ្សេងមួយទៀតបន្ថែមលើការប្រណាំងនៅសិង្ហបុរីនោះទេ ។ លោកបានបញ្ជាក់ថា ៖«វាពិតជាពិបាកដឹងបានខ្លាំងណាស់។ ឧបសគ្គគឺពួកគេបានចាប់ផ្តើមអ្វីមួយដែលមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ហើយខ្ញុំក៏ជឿជាក់ដែរថា មនុស្សជាច្រើនទៀតចង់ធ្វើបែបនេះ»៕
ចែករំលែកព័តមាននេះ