ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Suzuki Motor Corp នៅអឺរ៉ុបនឹងចាប់ផ្តើមចេញលក់ប្រភេទរថយន្តថ្មីរៀងរាល់ឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០១៣ ដើម្បីព្យាយាមលក់រថយន្តប្រចាំឆ្នាំឱ្យបានជាង៣០០.០០០គ្រឿង ។ នាយកគ្រប់គ្រងក្រុមហ៊ុន លោកកេនីឈិ អាយូកាវ៉ា និយាយនៅក្នុងពិធីតាំងពិព័រណ៍នាទីក្រុងប៉ារីស ប្រទេសបារាំង ថា គោលដៅរបស់យើងគឺត្រូវឈានទៅរកកម្រិតនោះក្នុងពេលដ៏ខ្លីខាងមុខ ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើមានរថយន្តប៉ុន្មានគ្រឿងដែលក្រុមហ៊ុនលក់បាននៅក្នុងឆ្នាំនេះទេ ខណៈដែលទីផ្សារក្រុមហ៊ុននេះទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារអតិថិជនបានផ្អាកការទិញ ។
នៅក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ ក្រុមហ៊ុននេះលក់រថយន្តបាន ១០៦.១៧៤គ្រឿងនៅអឺរ៉ុបធ្លាក់ចុះ១១,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ជាសរុបទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះ១៥,៦% ៕ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗនៅកូរ៉េដូចជា Kia Motor និង Hyundai Motor ក្រុមហ៊ុនទាំងនោះមានការរីកចម្រើនច្រើននៅអឺរ៉ុប ដែលដាក់សម្ពាធធ្ងន់ធ្ងរមកលើក្រុមហ៊ុន Suzuki និងស្លាកសញ្ញាផ្សេងទៀតដែលផលិតនៅជប៉ុន ។
រថយន្តប្រភេទថ្មីដែលក្រុមហ៊ុនមានគម្រោងចេញលក់នោះគឺប្រភេទរថយន្តធុនតូច S-Cross ដែលគ្រោងដាក់លក់នៅដំណាច់ឆ្នាំក្រោយ ។ លោកអាយូកាវ៉ា បន្តថា ក្រុមហ៊ុនមានគម្រោងដាក់ចេញនាពេលណាមួយសមរម្យនៅពេលដែលវិបត្តិសេដ្ឋកិច្ចថមថយ ហើយតម្រូវការងើបឡើងវិញ ៕
ចែករំលែកព័តមាននេះ