រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានបើកកិច្ចប្រជុំនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៨ កញ្ញា ដើម្បីពិនិត្យលទ្ធភាពផ្តល់ជ័យលាភីដល់ក្រុមហ៊ុនឆ្នើមនានារបស់អាស៊ាន ។
ពានរង្វាន់ធុរកិច្ចអាស៊ាន (ASEAN Business Award-ABA) ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៧ ដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដើម្បីលើកទឹកចិត្តទទួលស្គាល់ក្រុមហ៊ុនក្នុងអាស៊ានដែលបំពេញបានតាមលក្ខខណ្ឌវិនិច្ឆ័យទាំង៤គឺ ១- ការរីកចម្រើន ២- ការផ្តល់ការងារធ្វើ ៣- ការបញ្ចូលរបៀបថ្មី និង៤- ការទទួលខុសត្រូវផ្នែកសង្គម ។ បណ្តាក្រុមហ៊ុនក្នុងប្រទេសអាស៊ានទាំងអស់ អាចដាក់ពាក្យចូលរួមដោយសេរី ដើម្បីប្រកួតប្រជែងយកពានរង្វាន់នេះ ។ ក្រុមហ៊ុនដែលទទួលជោគជ័យក្នុងការប្រកួតប្រជែងត្រូវបានទទួលស្គាល់ថាជា«ក្រុមហ៊ុនអាស៊ានដែលគួរកោតសរសើរបំផុត» ។
ឆ្នាំ២០១២ សភាពាណិជ្ជកម្មកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំដំណើរការពានរង្វាន់ធុរកិច្ចអាស៊ាន ។ ក្នុងនោះក្រុមហ៊ុនខេភីអឹមជី (KPMG) កម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រ ក្នុងការចម្រាញ់យកបេក្ខភាពដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់គណៈវិនិច្ឆ័យក្រុមប្រឹក្សាធុរកិច្ចអាស៊ានវាយតម្លៃជ្រើសរើសជាជ័យលាភី ។ មានក្រុមហ៊ុនទាំងអស់ចំនួន៦១មកពីបណ្តាប្រទេសអាស៊ានទាំង១០ដាក់ពាក្យប្រកួតប្រជែង ។
បន្ទាប់ពីក្រុមហ៊ុនខេភីអឹមជីធ្វើការសម្ភាសន៍ និងចម្រាញ់យកក្រុមហ៊ុនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចហើយ ក្រុមហ៊ុនទាំងនោះនឹងត្រូវដាក់ជូនក្រុមចៅក្រមពានរង្វាន់ធុរកិច្ចអាស៊ានវាយតម្លៃ និងសម្រេចចុងក្រោយថាក្រុមហ៊ុនណាខ្លះទទួលបានជ័យលាភីតាមផ្នែកនីមួយៗទាំង៤ខាងលើ ។ ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខ ៕
ចែករំលែកព័តមាននេះ