ខេត្តក្រចេះ ៖ យ៉ាងហោចណាស់មនុស្ស២នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឥដ្ឋការូ៉១គ្រឿង កាលពីល្ងាចថ្ងៃទី២៧ កញ្ញា នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
មន្ត្រីប៉ូលិសចរាចរបានឱ្យដឹងថា មនុស្សពីរនាក់ដែលអង្គុយក្នុងកាប៊ីន បានរងរបួសធ្ងន់និងពីរនាក់ទៀតដែលអង្គុយនៅទ្រុងខាងក្រោយរងរបួសស្រាល រីឯឥដ្ឋការ៉ូចំនួន១០កេស ត្រូវជ្រុះរាយប៉ាយពេញផ្លូវបណ្តាលឱ្យខូចខាតទាំងស្រុង។ ប៉ូលិសឱ្យដឹងទៀតថា រថយន្តដែលជួបហេតុការណ៍ក្រឡាប់ដោយខ្លួនឯងនេះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវចំណុះ១តោនកន្លះ បានក្រឡាប់ធ្លាក់ស្នាមភ្លោះផ្លូវជាច្រើនត្រឡប់បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។
តាមសាក្សីឃើញេហតុការណ៍ឱ្យដឹងថា នៅវេលាកើតហេតុរថយន្តមួយគ្រឿងនេះបើកបរដោយឈ្មោះ អាត សុវឿន អាយុ២២ឆ្នាំ និងមានអ្នកជិះក្នុងកាប៊ីនម្នាក់ទៀតឈ្មោះថន អាយុ២០ឆ្នាំ មានដឹកឥដ្ឋការ៉ូនៅទ្រុងខាងក្រោយ រួមជាមួយអ្នកជិះចំនួន២នាក់ទៀត ក្នុងដំណើរពីកើតទៅលិច ។ សាក្សីបន្តថា ពេលមកដល់ចំណុចកើតហេតុរថយន្ត១គ្រឿងនេះេរចង្កូតក្រឡាប់ធ្លាក់ចូលស្នាមភ្លោះផ្លូវតែម្តង បណ្តាលឱ្យអ្នកជិះក្នុងកាប៊ីនរថយន្តរួមទាំងអ្នកបើកបរត្រូវខ្ទាតចេញពីក្នុងរថយន្តមកក្រៅតាមកញ្ចក់មុខ រីឯអ្នកជិះនៅក្នុងទ្រុងក្រោយក៏ត្រូវផ្លោងចេញពីរថយន្តរបួសស្រាលដែរ ។
មិនទាន់មានប្រភពព័ត៌មានណាមួយ បញ្ជាក់ពីការក្រឡាប់រថយន្តមួយគ្រៀងនេះទេ តែបើតាមការសន្និដ្ឋានពីសាក្សីគឺបណ្តាលមកពីរថយន្តនេះមានបញ្ហាចង្កូត ទើបរេធ្លាក់ចូលស្នាមភ្លោះផ្លូវបែបនេះ ។អ្នករងរបួសធ្ងន់-ស្រាលទាំងបួននាក់ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត នាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រីឯរថយន្តត្រូវបានគេស្ទូចយកទៅជួសជុល ៕
ចែករំលែកព័តមាននេះ