រាជធានីភ្នំពេញ ៖ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី២៧ កញ្ញា មានរៀបចំពិធីចុះហត្ថលេខាទទួលជំនួយជាទឹកប្រាក់ចំនួនជាង១៤ម៉ឺនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍តំបន់ដែលបោសសម្អាតមីនរួចហើយ នៅក្នុងភូមិព្រៃព្រាល និងភូមិទួលស្នូល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងលោកហេង រតនា អគ្គនាយក CMAC និងលោក Testmo Moni ប្រធានគម្រោងរបស់អង្គការ GEJ ។
លោកហេង រតនា ថ្លែងថា ការអភិវឌ្ឍតំបន់បោសសម្អាតមីនរួច ក្នុងភូមិទាំង២នោះ គឺដើម្បីជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង៥គីឡូម៉ែត្រ និងធ្វើផ្លូវក្រាលក្រួសក្រហមថ្មីប្រវែង១គីឡូម៉ែត្រ ព្រមទាំងស្រះទឹកចំនួន៥កន្លែងទៀត។ គម្រោងនេះអនុវត្តដោយ CMAC ផ្ទាល់តែម្តង ក្រោមការជួយឧបត្ថម្ភពីអង្គការ GEJ របស់ប្រទេសជប៉ុន ហើយអង្គការនេះបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ CMAC ជាយូរឆ្នាំណាស់មកហើយ និងអភិវឌ្ឍន៍តំបន់ដែលបោសសម្អាតមីនរួចក៏ទទួលបានជោគជ័យច្រើនដែរ ធ្វើឱ្យតំបន់អភិវឌ្ឍន៍មួយចំនួនមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ណាស់ ដោយមានការសាងសង់សាលារៀន ធ្វើផ្លូវ និងធ្វើកសិកម្មផងដែរ។
លោកហេង រតនា បញ្ជាក់ថា ផែនការអភិវឌ្ឍន៍តំបន់បោសសម្អាតមីនទាំង២ភូមិខាងលើនេះ បើតាមផែនការគឺ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់នៅមុនខែមីនា ឆ្នាំ២០១៣ខាងមុខ ។ នេះគឺជាជំនួយលើកទី៥ហើយ ដែលអង្គការ GEJ របស់ប្រទេសជប៉ុនបានជួយដល់ CMAC សរុបជាទឹកប្រាក់ទាំងអស់ប្រហែលជិត២លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់នឹងពេលនេះ ៕
ចែករំលែកព័តមាននេះ