ខេត្តបន្ទាយមានជ័យ ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ កញ្ញា បន្ទាប់ពីក្មេងប្រុសម្នាក់បានដើរទៅដាក់មងប្រទះឃើញសពបុរសម្នាក់ មានសភាពហើមស្អុយអណ្តែតក្នុងទឹកស្រែមួយ ស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយពីប្រទះឃើញសពក្មេងប្រុសរូបនេះ បានមករាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា សាកសពត្រូវបានអ្នកជិតខាងស្គាល់ឈ្មោះ ជា ម៉ៅ អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ហេតុការណ៍ប្រទះឃើញសពនេះក៏បានលេចឮដល់ប្រពន្ធ-កូនជនរងគ្រោះនាំគ្នាមកមើល ទើបដឹងថា ពិតជាប្តីនិងឪពុកខ្លួន ដែលបានចេញបាត់ពីផ្ទះកាលពីយប់ថ្ងៃទី២៤ កញ្ញា ។ អ្នកស្រី ចេង វណ្ណ ត្រូវជាប្រពន្ធសព បានរៀបរាប់ថា នៅយប់ថ្ងៃទី២៤ កញ្ញា ប្តីរបស់គាត់ចេញពីក្លិបរាំកម្សាន្ត Goldwon ក្នុងសភាពស្រវឹង ពេលត្រឡប់មកដល់ផ្ទះវិញ សុំគាត់ទៅទិញស្រាផឹកបន្តទៀត ។ គ្រាដែលប្តីគាត់ជិះម៉ូតូចេញទៅស្រាប់តែបាត់ដំណឹងសូន្យឈឹងទោះជាគាត់ចុចទូរស័ព្ទរកក៏មិនចូលនិងបានដើរសួរមិត្តភក្តិក៏ពួកគេមិនដឹងថា ប្តីគាត់ទៅណា លុះដល់រសៀលថ្ងៃទី២៦ កញ្ញា មានអ្នកជិតខាងប្រាប់ថា ឃើញប្តីគាត់ស្លាប់ក្នុងទឹកស្រែ ។
លោក រ៉ែម វិរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងថា តាមការធ្វើកោសល្យវិច័យទៅលើសពបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជិះម៉ូតូធ្លាក់ជង្ហុកទឹកលិចហូរកាត់ថ្នល់ដួល ហើយត្រូវទឹកហូរកួចធ្លាក់ចូលស្រែក៏លង់ទឹកស្លាប់តែម្តង ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកឃ្លីក ពណ៌សលាយខ្មៅលិចក្នុងទឹក ឃើញបើកភ្លើងកុងតាក់ចោលផង ហើយទូរស័ព្ទមួយគ្រឿង និងប្រាក់មួយចំនួនដែលនៅជាប់ខ្លួនជនរងគ្រោះនៅទាំងអស់មិនបាត់បង់អ្វីទេ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ