ខេត្តពោធិ៍សាត់ ៖ គូស្រករវ័យក្មេងមួយគូ ដោយសារប្រពន្ធខឹងប្តីមិនចេះរកស៊ី ហើយមួយថ្ងៃៗគិតតែផឹកស្រាស្រវឹងអួទីនួ និងនិយាយលែងស្តាប់នោះ ធ្វើឱ្យប្រពន្ធគិតខ្លីក៏ផឹកថ្នាំពុលសម្លាប់ខ្លួន ។ ការផឹកថ្នាំពុលនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ កញ្ញា នៅក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ លុះស្អែកឡើងថ្ងៃទី២៦ កញ្ញា វេលាម៉ោង៩ព្រឹកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
មន្ត្រីនគរបាលឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គុជ សោភា អាយុ២០ឆ្នាំ ជាជាងកាត់ដេរសម្លៀកបំពាក់បុរស-នារី ទើបតែរៀបការជាមួយបុរសឈ្មោះគក់ ភក្តី អាយុ១៩ឆ្នាំ មិនទាន់មានកូនទេ។ តាមការសាកសួរឱ្យដឹងថា ស្រ្តីរងគ្រោះអាចខឹងនឹងប្តី ដោយសារបានគ្នាជាប្តីប្រពន្ធមិនចេះរកស៊ីអី្វទេ មួយថ្ងៃៗគិតតែដើរផឹកស្រាជាមួយមិត្តភក្តិ ដូចខ្លួននៅកំលោះ ។ ស្រី្តរងគ្រោះជាប្រពន្ធនិយាយយ៉ាងម៉េចក៏មិនស្តាប់ដែរ ហើយនៅយប់ថ្ងៃកើតហេតុនោះមានទំនាស់ពាក្យសម្តីគ្នារហូតដល់ស្ត្រីជាប្រពន្ធខឹងក៏លួចផឹកថ្នាំពុលប្រកាច់បែកពពុះមាត់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ លុះស្អែកឡើងថ្ងៃទី២៦ កញ្ញា វេលាមោ៉ង៩ព្រឹកក៏ស្លាប់តែម្តង ។
អ្នកទៅចោមរោមមើលនិយាយថា គូស្រករនេះនៅក្មេងទាំងពីរនាក់ មិនទាន់ចេះគិតពិចារណារៀបចំសង្គមគ្រួសារឱ្យបានល្អប្រសើរទេ សុទ្ធតែឈាមរាវដូចគ្នា ។ ឯការគិតខ្លីរបស់ស្ត្រីជាប្រពន្ធពិតជាឆោតមែន សុខចិត្តស្លាប់ខ្លួនឯងទុកឱ្យប្តីនៅរស់រកអ្នកផ្សេងទៀត៕
ចែករំលែកព័តមាននេះ