ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចាប់បុរស២នាក់ក្នុងប្រតិបត្តិការឆែកឆេរផ្ទះសំណាក់មួយយីហោឈារីអង្គរ បន្ទប់លេខ៣០៨ កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី២៦ កញ្ញា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ជនសង្ស័យទាំង២នាក់ដែលត្រូវបាប់ខ្លួននេះ កំពុងរៀបចំខ្លួនចេញធ្វើសកម្មភាពប្លន់ក្នុងក្រុងសៀមរាប ។
ការឈានទៅចាប់ខ្លួននេះត្រូវបានមន្ត្រីប៉េអឹមនិយាយថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យមន្ត្រីផ្នែកស្រាវជ្រាវ និងយុត្តិធម៌ គឺលោកវរសេនីយ៍ឯក ស្រី យូរ៉ា ជាមេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោឈារីអង្គរ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងសម្ភារបម្រុងធ្វើសកម្មភាពមួយចំនួនទៀត ។
ជនសង្ស័យម្នាក់ឈ្មោះសួន សាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្លាប់ជាប់គុកពីបទប្លន់កាលពីឆ្នាំ២០០៨ នៅខេត្តកំពង់ធំ និងចេញមកវិញនៅថ្ងៃទៅ៧ ឧសភា ឆ្នាំ២០១២ ។ ឯជនម្នាក់ទៀតឈ្មោះគឹម សុខហេង ភេទប្រុស អាយុ៤២ឆ្នាំ ស្លៀកពាក់ជាទាហាន មានស្រុកកំណើតនៅភូមិពោធិ៍តាអ៊ុន ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្លាប់ជាប់គុកពីបទចែកចាយ និងជួញដូរគ្រឿងញៀន ក្នុងអំឡុងឆ្នាំ២០០៨ នៅខេត្តកំពង់ធំដូចគ្នា ហើយចេញមកវិញមិនចាំថ្ងៃខែ ។
ចំណែកឯវត្ថុតាងដែលរឹបអូសបានពីជនសង្ស័យរួមមាន កាំភ្លើងធុនអាកា ស្វ័យបត់១ដើម មាន២២គ្រាប់ វិទ្យុទាក់ទង២គ្រឿង ខ្នោះដៃ១ ម៉ូតូសេ១២៥ ចំនួន១គ្រឿង ខោអាវប៉ារ៉ា១កំប្លេ ខោអាវត្រេអីុ១កំប្លេ និងសម្ភារមួយចំនួនទៀត ។ ក្រោយការចាប់់ខ្លួន ជនសង្ស័យទាំង២នាក់នេះ ព្រមទាំងវត្ថុតាងទាំងអស់ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
ប្រភពដដែលនិយាយថា ជនសង្ស័យជាចោរប្លន់ទាំង២នាក់នេះមានគម្រោងការធ្វើសកម្មភាពប្លន់នៅក្នុងក្រុងសៀមរាប ។ ប៉ុន្តែសំណាងធំណាស់ សម្រាប់អ្នកក្រុងសៀមរាប ដែលសមត្ថកិច្ចប៉េអឹមស្រាវជ្រាវដឹង និងចេញធ្វើសកម្មភាពរាំងខ្ទប់ទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ