ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៦ កញ្ញា លោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា -ថៃ ទិសយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនជួរភ្នំដងរែក ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅ បញ្ជាការដ្ឋានជួរមុខទិសទី១ ប្រាសាទ ព្រះវិហារ ចំណុច៩៥ ក្បែរប្រាសាទព្រះវិហារ ដោយមានការចូលរួមពីនាយទាហានជាន់ខ្ពស់គ្រប់កងឯកភាពដែលកំពុងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងទិសយោធភូមិភាគទី៤ ព្រមទាំងមន្ត្រីអាជ្ញាធរដែនដីខេត្តព្រះវិហារគ្រប់ជាន់ថ្នាក់សរុបប្រមាណ១០០នាក់ ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តបានលើកឡើងអំពីបញ្ហា ពលករខ្មែរដែលឡើងទៅលើខ្នងភ្នំដងរែក ហើយលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងដែលបាននិងកំពុងធ្វើឱ្យមានកង្វល់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការបាញ់សម្លាប់និងចាប់យកទៅដាក់គុកក្នុងប្រទេសថៃពីកងទ័ពសៀម បើទោះជាកន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដោយសុំឱ្យកងទ័ពសៀមបញ្ឈប់ការបាញ់សម្លាប់ ខណៈ ពេលពួកគេលួចចូលក៏ដោយ ។
លោកអភិបាលខេត្ត បានលើកឡើងអំពីសកម្មភាពពលរដ្ឋខ្មែរលួចឡើងភ្នំដងរែកចូលដីថៃដោយខុសច្បាប់ កន្លងមកក៏ដូចសព្វថ្ងៃនេះ គឺភាគច្រើន៨០% ជាពលរដ្ឋចំណាកស្រុក មកពីគ្រប់ទិសទីក្នុងប្រទេស ។ ទន្ទឹមនឹងក្តីកង្វល់នេះ លោកក៏បានសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចនៅទូទាំងប្រទេសធ្វើយ៉ាងណាជួយពន្យល់និងជួយធ្វើការទប់ស្កាត់ពលរដ្ឋរបស់ខ្លួន សូមឱ្យបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយជីវិតនៅលើខ្នងភ្នំដងរែកបែបនេះទៀត ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈមេបញ្ជាការ
សមរភូមិមុខទិសទី១ប្រាសាទព្រះវិហារ មានប្រសាសន៍ថា ពេលនេះគប្បីនាយទាហានទាំងអស់ ដែលកំពុងឈរជើងប្រចាំជួរមុខគ្រប់កងឯកភាព ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចំណុចខ្លួនឈរជើង ទប់ស្កាត់ឱ្យបានបទល្មើសគ្រប់ប្រភេទដែលកើតមានតាមបណ្តោយព្រំដែន ដូចជាទប់ស្កាត់ពលរដ្ឋខ្មែរ កុំឱ្យចូលដីថៃដោយខុសច្បាប់ ។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍សង្កត់ធ្ងន់ទៅដល់គ្រប់នាយទាហានទាំងអស់ដែលទទួលខុសត្រូវតាមចំណុចនីមួយៗប្រចាំជួរភ្នំដងរែក ត្រូវលុបបំបាត់ឱ្យអស់នូវរាល់ភាពអសកម្ម ឬក៏ការសមគំនិតណាមួយ ដែលកន្លងទៅជាកំហុសឆ្គងដ៏ធ្ងន់ក្នុងការប្រព្រឹត្តបទល្មើសជាច្រើន នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ពិសេសគឺការទប់ស្កាត់ពលរដ្ឋមិនឱ្យលួចឆ្លងចូលដីថៃរកស៊ីឈើគ្រញូងក៏ដូចជាបទល្មើសផ្សេងៗដែលផ្ទុយពីច្បាប់ ។
លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៀតថា ចាប់ពីពេលនេះតទៅ កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសហការឱ្យបានរឹងមាំ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅលើខ្នងភ្នំដងរែក យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ពលរដ្ឋចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋខ្មែរ ៕
ចែករំលែកព័តមាននេះ