ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំខេត្តនិងក្រុមការងាររួមដំណើរដោយកងកម្លាំងទាំង៣ប្រភេទផង កាលពីថ្ងៃទី២៦ កញ្ញា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងក្រុមយុវជនស្ម័គ្រចិត្តនៅស្រុកថា ឡាបរិវ៉ាត់ ដោយនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគរួមនឹងថវិកាចំនួន២លានរៀលជូនដល់ក្រុមយុវជនស្ម័គ្រចិត្តដែលប្រឹងប្រែងបំពេញការងារសម្រេចបាននូវលទ្ធផលជាផ្លែផ្កាល្អប្រសើរជូនដល់រាជរដ្ឋាភិបាល ។
លោក ហេង លឹមទ្រី ប្រធានក្រុមយុវជនស្ម័គ្រចិត្តលេខ៧៤ប្រចាំនៅស្រុកថាឡាបរិវ៉ាត់ឱ្យដឹងថា គិតមកដល់ថ្ងៃទី២៦ កញ្ញា ក្រុមការងារចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងឃុំស្រែឫស្សីបានបញ្ចប់រួចរាល់ហើយ ។ បច្ចុប្បន្នក្រុមយុវជនរួមនឹងមន្ត្រីជំនាញ កំពុងដាក់បញ្ចូលទិន្នន័យឈ្មោះប្រជាពលរដ្ឋទៅក្នុងទម្រង់បញ្ជីឈ្មោះ ដើម្បីរៀបចំបែបបទបិទផ្សាយជាសាធារណៈទៅតាមលក្ខណៈបច្ចេកទេសនិងស្របតាមនីតិវិធីច្បាប់ ។
លោកប្រធានក្រុមបញ្ជាក់បន្ថែមថា នៅក្នុងឃុំស្រែឫស្សី ក្រុមយុវជននិងមន្ត្រីជំនាញបានវាស់ដីជូនប្រជាពលរដ្ឋបាន១.៣១៦ គ្រួសារ គូសក្បាលដីបាន១.១៥៧ បំពេញសាលាកបត្របាន១.៤០៦ ដីកសិកម្មមាន៩៩៤ក្បាល និងដីលំនៅឋានមាន៤១២ក្បាលដី ។ ក្រោយបញ្ចប់ភារកិច្ចក្នុងឃុំស្រែឫស្សី ក្រុមយុវជនរួមនឹងមន្ត្រីជំនាញនឹងបន្តទៅធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងឃុំសំអាងទៀតក្នុងខែតុលាខាងមុខ ។
លោក ឡូយ សុផាត អភិបាលខេត្ត បានមានប្រសាសន៍សំដែងការកោតសរសើរក្រុមយុវជន និងមន្ត្រីជំនាញទាំងអស់ដែលបានសហការគ្នាល្អក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋក៏ដូចជាជូនរាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ទាំងទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។ លោកអភិបាលខេត្តបានសំណូមពរដល់ក្រុមយុវជនក៏ដូចជាមន្ត្រីជំនាញ ត្រូវណែនាំប្រជាពលរដ្ឋឱ្យគាត់រៀបចំឯកសារនិងបំពេញបែបបទកំណត់ចំនួនក្បាលដីដែលគ្មានទំនាស់ដាក់បិទផ្សាយឱ្យបានឆាប់ ដើម្បីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះឈ្មោះចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋទាំងនោះ ។
ទន្ទឹមនឹងការចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់ក្រុមយុវជនស្ម័គ្រចិត្ត លោកអភិបាលខេត្តរួមនឹងថ្នាក់ដឹកនាំក្នុងខេត្តបានចុះពិនិត្យមើលទីតាំងដីដែលមុននេះក្រុមជនមួយចំនួនលួចកាប់ព្រៃឈើហើយសង់ផ្ទះដាំដំណាំយកដី និងបង្ខំឱ្យអាជ្ញាធរវាស់វែងដីឱ្យពួកខ្លួននៅតាមដងផ្លូវជាតិលេខ៩ស្ទឹងត្រែង-ព្រះវិហារ ។ លោកអភិបាលខេត្តបានដាក់បទបញ្ជាឱ្យអភិបាលស្រុក លោក ជា ថាវរិទ្ធ ត្រូវសហការជាមួយសមត្ថកិច្ច ចុះពិនិត្យបន្ថែមនៅពេលយប់និងស្រាវជ្រាវរកជនល្មើសដើម្បីនាំខ្លួនយកមកដាក់ទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ