កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេសដេវីដ ហេបានបដិសេធចោលការប្រកួតណាមួយជាមួយវីតាលី ឃ្លីតស្កូដែលធ្វើនៅប្រទេសអ៊ុយក្រែនដោយយល់ថាខ្លួនអាចជាគោលដៅនៃការវាយប្រហារពីសំណាក់ក្រុមប្រកាន់ពូជសាសន៍ឆ្កួតលេលាមួយចំនួនក្នុងប្រទេសអ៊ុយក្រែនក្នុងខណៈរូបគេផ្តួលវីតាលី ។
ហេកំពុងតែច្រាស់ច្រាលចង់ប្រកួតជាមួយវីតាលីក្រោយពីបាត់បង់ខ្សែក្រវាត់ស្ថាប័ន WBAរបស់ខ្លួនទៅវ្ល៉ាឌីមៀ ឃ្លីតស្កូនៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ឆ្នាំទៅមិញ ។ គេបានចូលនិវត្តិបន្ទាប់មក ប៉ុន្តែខែកក្កដាគេវិលត្រឡប់មកវិញនិងបានប្រកួតយកឈ្នះកីឡាករមិត្តរួមជាតិខ្លួនឌីរ៉េក ស៊ីសូរ៉ា ។
ថ្លែងប្រាប់កាសែត SportBild កីឡាករវ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា ៖«ខ្ញុំមិនដែលបានទៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែខ្ញុំបានឮថា នៅទីនោះគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជនស្បែកខ្មៅ ។ មានពួកប្រកាន់ពូជសាសន៍មួយចំនួនបានផ្ញើសារគម្រាមសម្លាប់ខ្ញុំរួចជាស្រេចហើយ ។ ដូច្នេះប្រទេសអាល្លឺម៉ង់គឺជាទីតាំងដ៏ល្អនិងមានសុវត្ថិភាពបំផុតសម្រាប់ខ្ញុំផ្តួលវីតាលីហើយចាកចេញពីសង្វៀនដោយមានជីវិត »។
ជាធម្មតា បងប្អូនត្រកូលឃ្លីតស្កូតែងប្រកួតនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែដេវីដ ហេមិនចាប់អារម្មណ៍នឹងជម្រើសគូប្រកួតរបស់ពួកគេទេ ។ គេបានបន្តថា ៖«គេ(វីតាលី)បានសន្យានិងស្រែកប្រាប់ពិភពលោកជាច្រើនដងថា គេអាចវាយខ្ញុំឱ្យសន្លប់បាន ។ នោះជាពាក្យមិនបានការទាល់តែសោះ ។ ខ្ញុំរហ័សរហួននិងមានទេពកោសលគ្រប់គ្រាន់ក្នុងការផ្តួលមនុស្សយន្តរ៉ូបូតដ៏យឺតរបស់អ៊ុយក្រែននេះ ។ ខ្ញុំគិតថា ការប្រកួតរវាងហេនិងវីតាលីគឺជាការប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់តែមួយគត់ដែលពិភពលោកចង់ឃើញ ។ ខ្ញុំមិនចាប់អារម្មណ៍ប្រកួតជាមួយកីឡាករខ្សោយៗដូចជាវីតាលីធ្លាប់ធ្វើកន្លងមកនោះទេ គឺខ្ញុំចង់បានការប្រកួតមួយដែលបណ្តាអ្នកគាំទ្រមិនអាចថាមិនទិញសំបុត្រចូលទស្សនា »។
សូមបញ្ជាក់ថា ដេវីដ ហេធ្លាប់ប្រកួតបាន២៨លើក ឈ្នះ២៦ ចាញ់២ និងផ្តួលដៃគូឱ្យសន្លប់បាន២៤លើក ។ ចំណែកវីតាលីធ្លាប់ប្រកួតបាន៤៧លើក ឈ្នះ៤៥ ចាញ់២ និងផ្តួលដៃគូឱ្យសន្លប់បានចំនួន ៤១លើក ៕
ចែករំលែកព័តមាននេះ