រាជធានីភ្នំពេញ ៖ ឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា មានឱកាសបានជួប ផាវ ភឿត មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ម្តងទៀតលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថ្ងៃសៅរ៍ ទី២៩ កញ្ញា ស្អែកនេះ ដើម្បីជម្រះបញ្ជីឱ្យជ្រះស្រឡះ បន្ទាប់ពីជួបគ្នាច្រើនលើកកន្លងមកមានឈ្នះមានចាញ់ទៅវិញទៅមក ។
តាមពិតរវាងគូនេះ សុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតមិនតិចដងម្នាក់ឡើយ ហើយបើនិយាយពីល្បិចប្រយុទ្ធនៅលើសង្វៀនវិញ គឺមានមិនច្រើនទេ ភាគច្រើនគឺអាងកម្លាំងបាយសុទ្ធសាធ ។ ឡេះ តើក ក្រៅពីល្អស្នៀតកណ្តាប់ដៃ និងស្នៀតជើង គឺគ្មានអ្វីដែលពូកែទៀតឡើយ ស្នៀតជើងអាចទាត់ចេញត្រូវចំគោលដៅល្អ ប៉ុន្តែស្នៀតកណ្តាប់ដៃវាយចេញហាក់ផ្សងព្រេងច្រើន និងមិនសូវរហ័សរហួនទៀត ។ សម្រាប់ការមកជួបជាមួយ ផាវ ភឿតលើកនេះ គឺគ្មានការព្រួយបារម្ភសោះ ព្រោះក្បាច់គុន ផាវ ភឿត គ្មានអ្វីអស្ចារ្យឡើយ ។
ម្យ៉ាងទៀត ផាវ ភឿត ប្រកួតអាងកម្លាំងច្រើនជាងតិចនិក និងមានចរិតឆេវឆាវណាស់ ទម្លាប់របស់គេបើសិនជាគូប្រកួតវាយត្រូវឈឺសាច់តែបន្តិចនោះ គេនឹងវាយបកសងវិញទាំងកំរោលតែម្តង ពោលគឺវាយកាន់តែឈឺ កាន់តែដើរចូល ។ សម្រាប់គូនេះ អត់មានអ្នកណាហ៊ានទាយទុកមុនពីលទ្ធផលចុងក្រោយថាយ៉ាងណានោះទេ ដោយសារតែពួកគេទាំងពីរប្រកួតគ្នាមិនសូវយកក្បាច់ប្រយុទ្ធណាមួយផ្តួលគ្នាឡើយ និយាយរួមអ្នកណាអស់កម្លាំងស៊ុហ្វមុន គឺចៀសមិនផុតពីការបរាជ័យទេ ។
រឿម វណ្ណៈ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួប ង៉ែត រដ្ឋា មកពីក្លិបក្រសួងមហាផ្ទៃ ។ វណ្ណៈ មានស្នៀតកែង និងជង្គង់ល្អ ហើយគេអាចវាយកៀកក៏បាន វាយជាប្រយោលក៏បានដែរ ព្រោះទាំងស្នៀតជើង និងស្នៀតកណ្តាប់ដៃអាចប្រើការបានល្អទាំងអស់ រីឯចិត្តរបស់គេក៏សឿងថែមទៀត ។ ប៉ុន្តែទម្លាប់របស់គេមិនសូវចេះមើលស្រាលលើគូប្រកួតឡើយ និយាយរួមការប្រកួតរាល់លើក គឺគេមានការប្រយ័ត្នប្រយែងខ្លាំងណាស់ ជាពិសេសសម្រាប់ការមកជួប រដ្ឋា លើកនេះ ។ រដ្ឋា ស្នៀតកែង និងជង្គង់របស់គេក៏ល្អដែរ ហើយរាល់ការវាយចេញ គឺមិនសូវឥតប្រយោជន៍ឡើយ ។ រដ្ឋា មានចិត្តអំណត់ និងសឿងខ្លាំងណាស់ ប៉ុន្តែគេក៏មិនចេះមើលស្រាលលើគូប្រកួតដែរ ។ អ្នកតាមដានការប្រកួតភាគច្រើនមានការពិបាកវាយតម្លៃទុកមុនពីលទ្ធផលចាញ់-ឈ្នះខ្លាំងណាស់ គឺមានតែរង់ចាំអ៊ុតមើលនៅថ្ងៃប្រកួតប៉ុណ្ណោះ ។
លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ជួបប្រកួតជាមួយ ជី ឈុនលាង មកពីក្លិបកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ម៉ាត់ឆ្វេង មកពីក្លិបក្រសួងកសិកម្ម ជួបប្រកួតជាមួួយ រ៉ូ វិចិត្រ មកពីក្លិបកងពលតូចឆត្រយោង៩១១ ៕
ចែករំលែកព័តមាននេះ