រាជធានីភ្នំពេញ ៖ កីឡាករប៉េតង់កម្ពុជា ៤រូបរួមជាមួយគ្រូបង្វឹកមួយរូប នឹងចេញដំណើរទៅប្រទេសបារាំង ដើម្បីប្រកួតដណ្តើមជើងឯកពិភពលោកចាប់ពីថ្ងៃទី៤ ដល់៧ តុលា ២០១២ នៅទីក្រុងម៉ាកសី ។
សម្រាប់កម្ពុជាប៉េតង់ជាប្រភេទកីឡាដែលមានសក្តានុពលមួយដែលតែងតែដណ្តើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ។ តាមពិតប៉េតង់មិនមែនជាប្រភេទកីឡាអូឡាំពិកទេ តែនៅលើពិភពលោកគេនិយមលេងកីឡានេះណាស់ ហើយការប្រកួតជើងឯកពិភពលោក គឺគេតែងតែរៀបចំមិនដែលអាក់ខាននោះឡើយ ។
អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា លោកមាស សារិន បានថ្លែងនៅក្នុងសន្និសីតកាសែតកាលពីថ្ងៃទី២៦ កញ្ញា ២០១២ ឱ្យដឹងថា កីឡាករប៉េតង់ទាំង៤រូបសុទ្ធតែជាកីឡាជម្រើសជាតិ ក្នុងនោះមានកីឡាករថោង ឈឿន មកពីសមាគមយោធភូមិភាគពិសេស, កីឡាករ យឹម សោភ័ណ្ឌ មកពីសមាគមក្រសួងការពារជាតិ និងកីឡាករ២រូបទៀត គឺកីឡាករតឹប នរ៉ា និងកីឡាករសៀង វណ្ណា ដែលមកពីសមាគមក្រសួងមហាផ្ទៃ ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា ឱ្យដឹងទៀតថា ប្រទេសសមាជិកប៉េតង់ពិភពលោកមាន៨៤ប្រទេសដែលកម្ពុជា ស្ថិតនៅលំដាប់លេខ២២ ។ សម្រាប់ការចូលរួមប្រកួតលើកនេះមាន៤៨ក្រុមមកពី៤៧ប្រទេស ហើយការប្រកួតគឺធ្វើនៅទីក្រុងម៉ាកសី ប្រទេសបារាំង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ