រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈចំនួន៣នាក់ កាលពីថ្ងៃទី២៣ កញ្ញា វេលាម៉ោង១និង៣០នាទីរសៀល បានត្រូវសមត្ថកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួន នៅកែងផ្លូវលេខ១០៧ និងផ្លូវលេខ១០៩ ស្ថិតក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ព្រមទាំងបានដកហូតម៉ូតូ១គ្រឿងផង ។
ជនសង្ស័យទាំង៣នាក់នេះមាន ១. ឈ្មោះ ហេង ម៉េងលី ហៅចយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ ២.ឈ្មោះ គុណ ម៉ានិត ហៅឃ្និត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៦ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ និង៣.ឈ្មោះ ស្រេង វាសនា ហៅជូ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។ ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ប្រភពព័ត៌មានបានឱ្យដឹងថាគឺ យោងទៅលើពាក្យបណ្តឹងរបស់បុរសឈ្មោះអ៊ឹង ជុងហៀង អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ២០០E1 ផ្លូវលេខ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។
ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៣ កញ្ញា គាត់បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ តាមផ្លូវលេខ១០៧ ពីជើងទៅត្បូង ។ លុះពេលមកដល់កែងជាមួយផ្លូវលេខ១០៩ សង្កាត់អូរឫស្សីទី១ ស្រាប់តែមានជន២នាក់ ជិះម៉ូតូសេ១១០ សេរី2012ពណ៌ខ្មៅ តាមពីក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វ័រពណ៌ស ខណៈពេលគាត់កំពុងកាន់និយាយ ។ ប៉ុន្តែអំពើឆក់នោះមិនសម្រេចទេ ហើយគាត់បានស្រែកឆោឡោឡើង ទើបត្រូវកម្លាំងល្បាតនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួនបាននៅជិតផ្សារអូរឫស្សី ។
ប្រភពព័ត៌មានបន្តថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យ២នាក់គឺឈ្មោះ ហេង ម៉េងលី ហៅចយ និងឈ្មោះគុណ ម៉ានិត បានសារភាពថា ពួកគេពិតជាប្រព្រឹត្តអំពើល្មើសឆក់ទូរស័ព្ទដៃពីជនរងគ្រោះមែន ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់នោះហើយ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនឈ្មោះ ស្រេង វាសនា ជាបក្សពួកម្នាក់ទៀត ប៉ុន្តែតាមចម្លើយសារភាពរបស់ឈ្មោះ ស្រេង វាសនា ថា ខ្លួនមិនបានចូលរួមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះទេ គ្រាន់តែកន្លងមកធ្លាប់ដើរលេងស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនជាមួយគ្នាមែន ។
កាបង្ក្រាបបទល្មើសក្រុមជនសង្ស័យឆក់ទូរស័ព្ទដៃនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន សត្យា អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ទទួលផ្នែកសួរចម្លើយ និងសំណុំរឿង ដែលមានបទបញ្ជាពីលោកស្នងការ ស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងប្រធានការិយាល័យផងដែរ ។ លោកវរសេនីយ៍ត្រី ប៊ុន សត្យា បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចសាកសួរយកចម្លើយគ្រប់គ្រាន់ហើយ ជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមទាំងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព១គ្រឿងផង ។
សំណុំរឿងនេះបានស្ថិតនៅដៃលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរនិងចោទប្រកាន់ជាផ្លូវការ ។ នៅថ្ងៃទី២៦ កញ្ញា ជនសង្ស័យ២នាក់គឺឈ្មោះ ហេង ម៉េងលី ហៅចយ និងឈ្មោះ គុណ ម៉ានិត ហៅឃ្និត តំណាងអយ្យការបានផ្ញើទុកនៅសមត្ថកិច្ចរង់ចាំសាកសួរបន្តដើម្បីប្រគល់ជូនទៅខាងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ចំណែកឈ្មោះ ស្រេង វាសនា ហៅជូ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ព្រោះពុំមានពាក់ព័ន្ធនឹងបទល្មើសណាមួយតម្រូវឱ្យតំណាងអយ្យការធ្វើការចោទប្រកាន់នោះឡើយ ៕
ចែករំលែកព័តមាននេះ