ទីក្រុងគ្លង់ ប្រទេសស្វីស-អង្គការWWF ព្រមានថា សត្វផ្សោតចំនួន៦ក្បាល ដែលកំពុងរស់នៅដាច់ដោយឡែកពីគេក្នុងអន្លង់មួយក្នុងទន្លេមេគង្គត្រង់ទីតាំងព្រំប្រទល់រវាងប្រទេសឡាវ និងកម្ពុជា នឹងមិនអាចបន្តរស់រានបានយូរទៀតឡើយប្រសិនបើឡាវមិនចាត់វិធានការបន្ទាន់ដើម្បីហាមឃាត់ការប្រើប្រាស់មងនេសាទ នៅក្នុងតំបន់ទីជម្រកសត្វផ្សោតត្រង់ទីតាំងព្រំប្រទល់ក្នុងទឹកដីឡាវនោះទេ ។
យោងទៅលើរបាយការណ៍ថ្មីមួយរបស់អង្គការWWF មានចំណងជើងថា «ឱកាសចុងក្រោយសម្រាប់សត្វផ្សោតនៅក្នុងប្រទេសឡាវ»សត្វផ្សោតចំនួនជាង៣០ក្បាលបានស្លាប់នៅក្នុង និងជុំវិញអន្លង់ផ្សោតត្រង់ទីតាំងព្រំប្រទល់ គិតចាប់តាំងពីឆ្នាំ១៩៩១មក ហើយការដាក់មងរបស់ប្រជានេសាទឡាវត្រូវបានគេកំណត់ថា ជាមូលហេតុចម្បងដែលធ្វើឱ្យសត្វផ្សោតទាំងនោះស្លាប់ ។ នៅក្នុងឆ្នាំនេះ ចាប់តាំងពីខែមករា ដល់ខែមេសា អង្គការWWF បានកត់ត្រាទុកនូវមងនេសាទចំនួនជាង១០០ដែលគេបានដាក់នៅក្នុង និងជុំវិញតំបន់អន្លង់ផ្សោត ហើយមានម្តងនោះគេបានកត់ត្រារហូតដល់ចំនួន១៨៨មង ។
នាពេលកន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវបទប្បញ្ញត្តិមួយដើម្បីហាមប្រាមការនេសាទដោយប្រើមងនៅក្នុងទូទាំងតំបន់នៃអន្លង់សត្វផ្សោត និងតំបន់ក្បែរដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ នៅក្នុងប្រទេសឡាវ ការនេសាទដោយប្រើប្រាស់មងត្រូវបានហាមឃាត់តែក្នុងបរិវេណអន្លង់ទឹកជ្រៅតែប៉ុណ្ណោះ ។ បើទោះបីជានៅរដូវប្រាំង សត្វផ្សោតរស់នៅត្រឹមតែក្នុងបរិវេណអន្លង់ប្រមាណ១គីឡូម៉ែត្រការ៉េនៅត្រង់ទីតំាងព្រំប្រទល់ក៏ដោយ ប៉ុន្តែពួកវាហែលផ្លាស់ទីក្នុងតំបន់ក្បែរដែលមានបរិវេណ៥គីឡូមែ៉ត្រការេ៉នៅរដូវវស្សា ។
លោកជឿរី រ៉ៃអាន់ ទីប្រឹក្សាផ្នែកបច្ចេកទេសនៃអង្គការWWF-កម្ពុជា និងជាអ្នកចងក្រងរបាយការណ៍នេះផងដែរ បាននិយាយថា ៖«សត្វផ្សោតចំនួន៦ក្បាលកំពុងហែលទៅមករៀងរាល់ថ្ងៃនៅក្នុងអន្លង់នេះ ហើយពួកវាកំពុងប្រឈមនឹងគ្រោះថ្នាក់នឹងការស្លាប់ដោយការជាប់ទៅនឹងមងនេសាទជាច្រើន ដែលគេបានដាក់បណ្តែត»។ លោកបានបន្តថា ៖«ប្រទេសឡាវត្រូវតែហាមប្រាមការប្រើប្រាស់មងនេសាទជាបន្ទាន់នៅក្នុងទូទាំងបរិវេណអន្លង់ត្រង់ទីតាំងព្រំប្រទល់ក្នុងទឹកដីរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំតែម្តង បើមិនដូច្នោះទេឡាវនឹងប្រឈមនឹងការបាត់បង់សត្វផ្សោតចុងក្រោយនេះ »។សត្វផ្សោតមេគង្គ គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ហើយចំនួនវាបានធ្លាក់ចុះមកនៅត្រឹមប្រហែល៨៥ក្បាល ដែលកំពុងរស់នៅក្នុងទីជម្រកចម្ងាយ១៩០គីឡូមែ៉ត្រនៃដងទន្លេមេគង្គ នៅចន្លោះប៉ែកខាងត្បូងប្រទេសឡាវ និងប៉ែកឦសានប្រទេសកម្ពុជា ។
មានសត្វផ្សោតចន្លោះពី៤០ទៅ៥០ក្បាលត្រូវបានគេជឿថា ធ្លាប់រស់នៅក្នុងអន្លង់ត្រង់ទីតាំងព្រំប្រទល់ ហើយចំនួនរបស់វាបានធ្លាក់ចុះមកត្រឹមប្រមាណ២៥ក្បាលនៅក្នុងទសវត្សឆ្នាំ៩០។ សត្វផ្សោតសេសសល់ទាំង៦ក្បាលដែលកំពុងរស់នៅក្នុងតំបន់ព្រំប្រទល់នេះ ត្រូវបានគេជឿថា ជាហ្វូងដែលរស់នៅដាច់ដោយឡែកពីគេ ហើយមិនផ្លាស់ទីទៅប៉ែកខាងលើ ឬទៅប៉ែកខាងក្រោមនៃដងទន្លេឡើយ ។ ខណៈពេលចំនួនសត្វផ្សោតកំពុងតែធ្លាក់ចុះ វិស័យទេសចរណ៍មើលផ្សោតនៅក្នុងតំបន់នេះកំពុងកើនឡើង ។ កាលពីឆ្នាំទៅ មានទេសចរចំនួនប្រមាណ២ម៉ឺននាក់ បានទៅទស្សនាសត្វផ្សោតត្រង់ទីតាំងព្រំប្រទល់ ដោយក្នុងនោះមានសកម្មភាពទស្សនាសត្វផ្សោត ត្រូវបានគេរៀបចំនៅក្នុងតំបន់ទេសចរណ៍សំខាន់មួយក្នុងចំណោមតំបន់ទាំងពីរក្នុងប្រទេសឡាវចាប់ពីឆ្នាំ២០០៨មក ។ ក្នុងប្រទេសកម្ពុជា ចំនួនអ្នកទេសចរទៅកាន់តំបន់ទេសចរណ៍មើលសត្វផ្សោតមួយក្នុងចំណោមតំបន់ទេសចរណ៍មើលសត្វផ្សោតសំខាន់ៗចំនួនពីរកន្លែង បានកើនឡើងជិត៣០ដងចាប់តាំងពីឆ្នាំ២០០៥ មក ។
លោករ៉ៃអាន់ បាននិយាយថា៖ «សត្វផ្សោត គឺជាកត្តាទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយដែលវាជាកត្តារួមចំណែកសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច »។ លោកបានបន្តថា ៖«វិស័យទេសចរណ៍មើលសត្វផ្សោតជាប្រភពនៃការស្វែងរកប្រាក់ចំណូលដ៏សំខាន់មួយរបស់ប្រជាជនមូលដ្ឋាន ដែលការចិញ្ចឹមជីវិតរបស់ពួកគេពឹងអាស្រ័យយ៉ាងខ្លាំងទៅលើការនេសាទ សម្រាប់បរិភោគ និងប្រាក់ចំណូល ។ ដូច្នេះការជួយសង្គ្រោះសត្វផ្សោតមានន័យថា ជាការអភិវឌ្ឍដ៏ឆ្លាតវ័យ »។
សត្វផ្សោតមេគង្គមិនត្រឹមតែផ្តល់នូវប្រយោជន៍សម្រាប់ការចិញ្ចឹមជីវិតប៉ុណ្ណោះទេ វាថែមទាំងជាកត្តាចង្អុលបង្ហាញដ៏សំខាន់អំពីគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីទឹកសាប ហើយការធ្លាក់ចុះនៃចំនួនសត្វផ្សោតក៏ប្រហែលជាឆ្លុះបញ្ជាំងអំពីទំនោរនៃការធ្លាក់ចុះនូវគុណភាពនៃប្រព័ន្ធអេកូឡូស៊ីទាំងមូល ជាប្រភពធនធានដែលប្រជាជនសហគមន៍មូលដ្ឋានពឹងអាស្រ័យយ៉ាងខ្លាំង ។
លោករ៉ៃអាន់ បាននិយាយថា ៖«ការបាត់បង់សត្វផ្សោត មិនត្រឹមតែធ្វើឱ្យសារសំខាន់នៃជីវចម្រុះរបស់ឡាវធ្លាក់ចុះប៉ុណ្ណោះទេ វាថែមទាំងអាចឆ្លុះបញ្ចាំងពីការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃគុណភាពប្រព័ន្ធអេកូឡូស៊ីទាំងមូល ហើយក៏ប្រហែលជាកត្តាបង្ហាញពីការធា្លក់ចុះនៃប្រភេទសត្វផ្សេងៗទៀតផងដែរ »។ លោកបន្តថា ៖ «ប្រសិនបើប្រទេសឡាវបាត់បង់សត្វផ្សោតដែលនៅសេសសល់នេះ ខ្លួនក៏ប្រឈមនឹងការបាត់បង់នូវអ្វីៗជាច្រើនផ្សេងទៀតដែរ » ។
ស្របពេលដែលមងជាកត្តាគំរាមកំហែងខ្លាំងបំផុតចំពោះការរស់រានរបស់សត្វផ្សោតចំនួន៦ក្បាលចុងក្រោយនេះ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សនៅត្រង់ចំណុចព្រំប្រទល់ដើម្បីបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ និងការប្រើប្រាស់គ្រឿងផ្ទុះនៅក្នុងតំបន់នេះ បង្កើតច្បាប់សម្រាប់គ្រប់គ្រងចរាចរទូកឆ្លងកាត់ទីជម្រកសត្វផ្សោត និងលុបចោលការសាងសង់កំពង់ដ និងផ្លូវឡើងដែលគេបានស្នើឡើងនៅត្រង់អន្លង់ឈើទាលដែលជាតំបន់ទេសចរណ៍សត្វផ្សោតសំខាន់មួយរបស់ប្រទេសកម្ពុជា ។
លោករ៉ៃអាន់ បាននិយាយថា ៖ «សត្វផ្សោតដែលមានចំនួនតិចតួចនេះ កំពុងទទួលរងសម្ពាធដ៏ខ្លាំងក្លា ប៉ុន្តែដរាបណាសត្វផ្សោតទាំងនេះនៅរស់ គេនៅតែមានសង្ឃឹម»។ លោកបានបន្តថា ៖ «គេត្រូវមានវិធានការការពារម៉ឺងម៉ាត់បន្ទាន់ ដើម្បីថែរក្សាសត្វផ្សោតដែលជានិមិត្តរូបនៃទន្លេមេគង្គឱ្យរស់រាន បើមិនដូច្នេះទេក្តីសង្ឃឹមនឹងសាបសូន្យយ៉ាងលឿន » ។បើទោះបីជាគេមិនដឹងច្បាស់អំពីភេទនៃសត្វផ្សោតដែលនៅសេសសល់ទាំងនេះ ការស្រាវជ្រាវដែលគេបានធ្វើកាលពីដើមឆ្នាំ បង្ហាញឱ្យឃើញថា មានទាំងសត្វផ្សោតញី និងឈ្មោលកំពុងរស់នៅក្នុងតំបន់នេះ ហើយប្រសិនបើគេការពារវាបានតឹងរឹុង ចំនួនផ្សោតក្នុងហ្វូងមួយនេះនឹងអាចកើនឡើងវិញ ៕
ចែករំលែកព័តមាននេះ