ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ចូលឆ្នាំ! ភ្ញៀវទេសចរសម្រុកមកលេងខេត្តប៉ៃលិនយ៉ាងកកកុញ ខណៈផ្ទះសំណាក់ និងសណ្ឋាគារ គ្មានបន្ទប់ទំនេរ

12 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​«​ថ្ងៃ​វារៈ​ឡើងស័ក​» ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៦៩…


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​«​ថ្ងៃ​វារៈ​ឡើងស័ក​» ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​រសៀល គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​មាន​អ្នក​ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​បងប្អូន​មក​ពី​រាជធានី​ភ្នំពេញ ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ស្រប​ពេល​ដែល​លោក​ជំទាវ អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​ការ​លេងល្បែង​កម្សាន្ត​នេះ​ផ្ទាល់​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​បានឱ្យ​ដឹង​ថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ឆ្នាំ​២០២៦​នេះ ពិតជា​មាន​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​ចាប់តាំងពី​ថ្ងៃ​ដំបូង រហូត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ គ្មាន​ថ្ងៃ​ណាមួយ​ថមថយ​នោះ​ឡើយ គឺ​កាន់តែ​ច្រើន​ឡើង​ៗ ខណៈ​ដែល​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ រក​កន្លែង​ទំនេរ​គ្មាន​នោះ​ឡើយ ហើយ​ថែម​ទាំង​អ្នកខ្លះ​រក​កន្លែង​ស្នាក់​នៅ​មិន​បាន ក៏​នាំ​គ្នា​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន គឺ​ភាគច្រើន​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ចំងាយ​ពី​ទីរួមខេត្ត​ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ ដែល​មាន​ទឹកធ្លាក់​ជា​ច្រើន​ជាន់ ពេល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត និង​ចុះ​ហែល​ងូតទឹក​លេង​ធ្វើ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ត បំបាត់​នូវ​ទុក្ខ​កង្វល់ ហើយ​ថែម​ទាំង​ជួយ​បន្ថែម​នូវ​ភាព​ស្រស់បំព្រង​ដល់​អារម្មណ៍ ជា​ពិសេស​ផ្តល់​នូវ​ក្តី​សុខ​ផ្លូវចិត្ត ធ្វើ​ស្មារតី​ភ្លឺស្វាង​ថែម​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​រមណីយដ្ឋាន​តូច​ៗ​ជា​ច្រើន​ទៀត ដូច​ជា រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​ស្ទឹង​ត្រជាក់ចិត្ត រមណីយដ្ឋាន​ស្ពាន​តារា​ប រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាង ដោយ​មាន​រូបសំណាក​លោកយាយ​យ៉ា​ត សម្រាប់​ឱ្យ​ភ្ញៀវ​ចូល​ទៅ​បួងសួង​សុំ​នូវ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​។

ប្រភព​ពី​ភ្ញៀវ​ទេសចរ​ម្នាក់ ឈ្មោះ ប៊ុ​ន លី ភេទ​ប្រុស មក​ពី​ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​ណាស់ ខណៈ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ មិន​ចេះ​ប្រកាន់ខ្លួន ចូលរួម​លេង​កម្សាន្ត​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​បង្ក​ភាព​សប្បាយ​រីករាយ ជា​ពិសេស​អាច​ឱ្យ​លោក​សង្កេត​ឃើញ​នូវ​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ ការ​រាំ​វង្ស រាំក្បាច់ ដែល​សុទ្ធតែ​ជា​របស់​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យ​កាលពី​សម័យ​មុន ។

លោក​បញ្ជាក់​ទៀត​ថា ឆ្នាំ​នេះ​ជីវិត​របស់​ខ្លួន​ពិតជា​ទទួល​បាន​នូវ​ក្តី​អំណរ ក្នុង​រយៈពេល​៣​ថ្ងៃ ដែល​ធ្វើ​ឱ្យ​លោក​ជាប់ចិត្ត​ដិតអារម្មណ៍​នឹង​ខេត្ត​ដ៏​តូច​ច្រលឹង​មួយ​នេះ ហើយ​បើសិនជា​មានឱកាស​នា​ឆ្នាំ​ក្រោយ​ៗ​ទៀត លោក​នឹង​បបួល​នាំ​មិត្តភក្តិ​បងប្អូន ឱ្យ​ចូល​មក​លេង​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​ខេត្ត​មួយ​នេះ ថ្នាក់ដឹកនាំ ពិតជា​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​ម៉ោង ១៤ និង​០០​នាទី​រសៀល ពិធី​ស្រង់​ព្រះ​ពុធ​បដិមាករ «​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង​» (​ថ្វាយ​គ្រឿង​សក្ការៈបូជា​, នមសក្កា សមាទាន​សិ​ល​, ដង្ហែ​ព្រះពុទ្ធ​បដិមាករ​, ព្រះសង្ឃ​ស្រង់​ព្រះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចាស់ព្រឹទ្ធាចារ្យ និង​ប្រជាពលរដ្ឋ​ស្រង់​ព្រះ​, ពិធី​ផ្សឹក​ភ្នំខ្សាច់ ទាញ​ព្រាត់ )ហើយ​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​សូម​គោរព​អ​ញ្ចើ​ញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ភ្ញៀវ​ទេសចរ ចូលរួម​ជួបជុំ​លេងល្បែង​ប្រជាប្រិយ៍ និង ប្រារព្ធ​ពិធី តាម​សាសនា​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពេល​យប់​ថ្ងៃ​ចុង​បង្ហើយ ដោយ​នាំ​គ្នា​លេង​រាំ​កំសាន្ត ជាមួយ​ចង្វាក់​ប្រពៃណី​ខ្មែរ​ទាំងអស់​គ្នា ដើម្បី​រួម​គ្នា លើក​ស្ទួយ បង្ហាញ​អំពី​វប្ប​ធ​ម៍​ប្រពៃណី​ខ្មែរ នា​យប់​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ