ចូលឆ្នាំ៣ថ្ងៃ! ភ្ញៀវទេសចរជិត ៣០ម៉ឺននាក់ សម្រុកទៅកម្សាន្តនៅខេត្តស្ទឹងត្រែង
- ស្ទឹងត្រែង
យោងតាមរបាយការណ៍ពីលោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរសរុបដែលបានមកកម្សាន្តក្នុងខេត្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានចំនួន ២៨៩,៥៧០ នាក់។ តួលេខនេះបង្ហាញពីការកើនឡើងប្រមាណ ១១% បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ។
ភាពជោគជ័យនៃឆ្នាំនេះ ត្រូវបានគេមើលឃើញតាមរយៈការរៀបចំដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ នៅលើទីលាននាគជ័យ និងសួនតេជោសន្តិភាព។ កម្មវិធីដែលទាក់ទាញបំផុតរួមមានការដង្ហែរក្បួនកងទ័ពមហានគរ ការបង្ហាញពីភាពអង់អាច និងមោទនភាពជាតិ។
ភូមិវប្បធម៌ចម្រុះ មានភូមិល្បែងប្រជាប្រិយ, ភូមិសំនៀងប្រជាប្រិយ, វិថីម្ហូបអាហារខ្មែរ និងភូមិនំខ្មែរ។ល្បែងប្រជាប្រិយខ្មែរសំបូរបែបដូចជា ការលេងទាញព្រ័ត្រ, លាក់កន្សែង, ចាប់កូនក្លែង, បោះអង្គុញ និងវាយក្អម ។ល។
ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងឱកាសនោះបានបង្ហាញក្ដីរំភើបថា ព្រឹត្តិការណ៍នេះបានជួយឱ្យការលក់ដូរ និងចំណូលរបស់សហគមន៍មានការកើនឡើងគួរឱ្យកត់សម្គាល់។
មហាសង្ក្រាន្តស្ទឹងត្រែងឆ្នាំ២០២៦ មិនត្រឹមតែជាការអភិរក្សវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការរីកចម្រើន និងសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លារបស់ខេត្តជាប់ដងទន្លេមេគង្គមួយនេះ ឆ្ពោះទៅរកការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់៕












ចែករំលែកព័តមាននេះ