រាជធានីភ្នំពេញ ៖ រឿងរ៉ាវកក្រើកនៅក្នុងបណ្ដាញសង្គម រឿងបាត់ម៉ាញ៉េតូ ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែងនៅក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចកោះហៅម្ចាស់ទីតាំងនិងម្ចាស់ម៉ូតូមកធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ទីតាំងបានទទួលខុសត្រូវចេញសងសំណង គ្រឿងម៉ូតូដែលបានបាត់បង់ដើម្បីបញ្ចប់រឿង។
តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ ទីតាំងទទួលផ្ញើម៉ូតូនៅអគារអ៊ិចឆេងស្វែ បាត់បង់គ្រឿងម៉ូតូ(ម៉ាញ៉េតូ)អធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំងនោះភ្លាម និងបានអញ្ជើញតំណាងម្ចាស់ទីតាំង និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសួរនាំពាក់ព័ន្ធករណីខាងលើ ។
ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង បានសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងស្នើសុំសមត្ថកិច្ចបញ្ចប់បញ្ហា ដោយខាងម្ចាស់ម៉ូតូមិនដាក់ពាក្យប្តឹងម្ចាស់ទីតាំងអ្នកទទួលផ្ញើម៉ូតូនោះឡើយ នៅខណៈដែលភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំងអស់។
តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានឲ្យដឹងទៀតថា ករណីនេះសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារម៉ូតូ នៅទីតាំងខាងលើ ដើម្បីយកមកអនុវត្តវិធានការជាសមត្ថកិច្ច៕


ចែករំលែកព័តមាននេះ