រដ្ឋបាលខេត្តប៉ៃលិន រៀបចំធ្វើពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ គ្រាន់តែដល់ថ្ងៃចូលឆ្នាំដំបូងភ្លាម រដ្ឋបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលមានមាតា បិតា ញាតិការទាំង៧សណ្តាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស ២០២៦ នៅសាលាខេត្ត ឱ្យមកទទួលនូវសំណែន ម្ហូបអាហារ ក្បាលជ្រូកខ្វៃ មាន់ខ្វៃ ទាខ្វៃ ហើយបែរខ្នងប្រទានពរជ័យដល់កូនចៅទាំងអស់គ្នាឱ្យទទួលបានតែសេចក្តីសុខសប្បាយ និងរកទទួលទានមានបានគ្រប់ៗគ្នា។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅក្នុងពិធីនោះដែរ គឺបានធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានា មន្ត្រីរាជការជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ចំណុះ សាលាខេត្តទាំងអស់ចូលរួមផងដែរ។
ប្រភពបន្តទៀតថា រដ្ឋបាលខេត្តប៉ៃលិន តែងតែបានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំ តាមប្រពៃណីសាសនាព្រះពុទ្ធ ដោយមានការបួងសួង និងព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ហើយនៅក្នុងឱកាសនោះ ទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោក និង ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រទាននូវសព្វសាធុការពរជ័យ សិរីមង្គលបវរមហា ប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យបានទទួលនូវសុខភាពល្អ សេចក្ដីសុខ ចម្រើន និងជោគជ័យរាល់ការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មីនេះផងដែរ ។
ម្យ៉ាងវិញទៀត ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមម្លប់សន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជា ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស ២០២៦នេះ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានទេព ធីតា ព្រះអង្គជាមគ្គនាយិកាព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់ អម្ពរពណ៌ខ្មៅ លម្អនៅព្រះការណ៌ដោយសៀតផ្កាឈូក អភរណៈ កែវមនោរាភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ឈរ បើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ៕













ចែករំលែកព័តមាននេះ