ជើងឯក Tour de France ២ជំនាន់អាល់បឺតូ កុងតាឌ័រទទួលបានក្តីរីករាយជាថ្មីម្តងទៀតក្រោយពីបានយកឈ្នះជើងឯកប្រណាំងកង់រយៈ ពេលមួយថ្ងៃនៅទីក្រុង Turin ប្រទេសអុីតាលីកាលពីថ្ងៃពុធទី២៦ ខែកញ្ញាកន្លងមកនេះ ។កីឡាករវ័យ២៩ឆ្នាំរូបនេះដែលបានយកឈ្នះជើងឯក Tour of Spainកាលពីដើមខែនេះបានឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់កីឡាករអុីតាលី Diego Ulissi នៅ២គីឡូម៉ែត្រចុងក្រោយយកឈ្នះផ្លូវចុះចំណោតកំពូលភ្នំ Superga ។ ឯកីឡាករស៊ុយអែត Fredrik Kessiakoff ជិះឱ្យក្រុម Astana Teamបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៣នាំមុខកីឡាករអេស្ប៉ាញម្នាក់ទៀតគឺ Joaquim Rodriguez ។
ថ្លែងក្រោយពីដណ្តើមបានជ័យជម្នះ កីឡាករអេស្ប៉ាញរូបនេះបានបញ្ជាក់ថា ៖«វាពិតជាមិនងាយស្រួលក្នុងការចូលរួមប្រណាំងជាថ្មីម្តងទៀតខណៈទើបតែបញ្ចប់ការប្រណាំងយ៉ាងស្វិតស្វាញនៅ Tour of Spain។ ខ្ញុំគិតថា ខ្ញុំនៅតែមានកម្លាំងអាចធាក់កង់បាន »។កុងតាឌ័រមានគម្រោងចូលរួមការប្រណាំងមួយលើកទោតសម្រាប់រដូវកាលនេះគឺក្នុងកម្មវិធី Tour of Lombardyដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍ ។
គេសូមឧទ្ទិសជ័យជម្នះលើកនេះដល់កីឡាករមិត្តរួមជាតិរបស់ខ្លួនឈ្មោះ Victor Cabedoដែលបានស្លាប់អំឡុងការហ្វឹកហាត់សប្តាហ៍កន្លងទៅ ។ គេបានថ្លែងថា ៖«ខ្ញុំសូមផ្ញើជូនជ័យជម្នះលើកនេះដល់មិត្តរួមក្រុមទាំងអស់ជាពិសេសកីឡាករ Victor Cabedo ។ មិនថា ពេលនេះគេនៅទីណាទេគឺខ្ញុំសូមផ្ញើជូនជ័យជម្នះនេះដល់រូបគេ »។
Milan-Turinគឺជាកម្មវិធីប្រណាំងកង់ដ៏ចាស់បំផុតនៅប្រទេសអុីតាលីដែលការប្រណាំងជាលើកទី១គឺនៅឆ្នាំ ១៨៧៦ ។ យ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០០៧រហូតមកទល់មុនឆ្នាំនេះ វាមិនត្រូវបានរៀបចំធ្វើនោះទេ ៕
ចែករំលែកព័តមាននេះ