កីឡាការិនីលំដាប់ទី១ពិភពលោកវិចតូ រីយ៉ា អាហ្សារេនកាកក់បានកន្លែងមួយក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រកម្មវិធី Pan Pacific Openក្រោយពីយកឈ្នះកីឡាការិនីអុីតាលី Roberta Vinciក្នុងជុំទី៣កាលពីថ្ងៃពុធទី២៦កញ្ញា ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
កីឡាការិនីបេឡារុសរូបនេះបានយកឈ្នះនាង Vinciក្នុងលទ្ធផល៦-៤និង៦-២ឡើងទៅវគ្គបន្តដោយក្តីរីករាយ ។ គួរកត់សម្គាល់ផងដែរ នៅចុងការប្រកួត អាហ្សារេនកាមានបញ្ហាមិនស្រួលផ្នែកសុខភាពហើយត្រូវទទួលការព្យាបាលនៅក្រៅតារាងប្រកួត ។ នាងត្រូវបានគ្រូពេទ្យវាស់មើលសម្ពាធឈាមបន្ទាប់ពីមានអាការវិលមុខធីងធោង ។
នាងបានថ្លែងថា ៖«ខ្ញុំហាក់ដូចជាងងឹតមុខខណៈកំពុងប្រកួត ។ ខ្ញុំមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ។ ខ្ញុំនៅកំពុងស្វែងយល់នៅឡើយ ។ សង្ឃឹមថា ខ្ញុំនឹងបានដឹងថាជាជំងឺអ្វីក្នុងពេលឆាប់ៗហើយនឹងព្យាយាមឱ្យជាសះស្បើយ »។នៅវគ្គបន្ទាប់ នាងនឹងប៉ះជាមួយកីឡាការិនីអាល្លឺម៉ង់ Angelique Kerber ។
កីឡាការិនីលំដាប់ទី២ពិភពលោកម៉ារីយ៉ា សារ៉ាប៉ូវ៉ាបានបន្តនូវជ័យជម្នះរបស់ខ្លួនជាថ្មីទៀតខណៈយកឈ្នះនាង Lucie Safarovaក្នុងលទ្ធផល ៦-២និង ៧-៦ ។កីឡាការិនីរុស្ស៊ីរូបនេះដែលបានយកឈ្នះជើងឯក Pan Pacific Openក្នុងឆ្នាំ២០០៥និង២០០៩បានថ្លែងថា ៖«បន្ទាប់ឆ្លងកាត់ការប្រកួតអស់ជាច្រើនម៉ោងកាលពីម្សិលមិញ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចយកឈ្នះនៅថ្ងៃនេះទៀត ។ ការប្រកួតក្នុងសិតទី២ ខ្ញុំហាក់ដូចជាធ្លាក់ដៃបន្តិច តែយ៉ាងណា ខ្ញុំនៅតែសប្បាយចិត្តដែលបានយកឈ្នះដល់ទៅ២សិត »។
នៅវគ្គបន្ទាប់ សារ៉ាប៉ូវ៉ានឹងជួបប្រកួតជាមួយកីឡាការិនីអូស្ត្រាលីសាម៉ាន់ថា ស្តូសួដែលបានយកឈ្នះនាង Donika Cibulkovaក្នុងលទ្ធផល ៦-៤និង៧-៥ ។ចំណែកកីឡាការិនីដាណឺម៉ាកការ៉ូលីន វ៉ូនីអាកគីក៏បានឈានចូលវគ្គបន្តផងដែរបន្ទាប់ពីបានយកឈ្នះកីឡាការិនីចិនលីណាក្នុងលទ្ធផល ៤-៦,៦-៣និង៦-៤ ។ នាងបានថ្លែងថា ៖«បន្ទាប់ពីបញ្ចប់សិតទី១ កម្លាំងរបស់ខ្ញុំហាក់ដូចជាធ្លាក់ចុះបន្តិច ។ តែចាប់ផ្តើមសិតថ្មីទឹកចិត្តរបស់ខ្ញុំចាប់ផ្តើមមានឡើងវិញ »។
ម្ចាស់ជើងឯក២០១០រូបនេះបានបន្តថា ៖«ថ្ងៃនេះ នាងលីណាប្រកួតកៀកទៅនឹងខ្សែលីញវាយសឺវីសធ្វើឱ្យខ្ញុំជួបការលំបាកខ្លះៗ ប៉ុន្តែនៅសិតទី២ ខ្ញុំក៏ចាប់ធ្វើបានល្អវិញ »។
នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ វ៉ូនីអាកគីនឹងជួបជាមួយកីឡាការិនីប៉ូឡូញអានីយេស្កា រែដវ៉ាន់ស្កាដែលបានបំបាក់កីឡាការិនីអាមេរិក Jamie Hamptonក្នុងលទ្ធផល៦-៤និង៦-៣ ៕
ចែករំលែកព័តមាននេះ