ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី២៥ កញ្ញា បានដាក់ស្នើថវិកាឆ្នាំ២០១៣ សម្រាប់ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ សុខុមាលភាព ខណៈប្រទេសនេះស្វះស្វែងបន្ធូរបន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសាកល ។សំណើនឹងត្រូវដាក់ទៅសភានៅសប្តាហ៍ក្រោយដោយស្នើសុំការចំណាយសរុបចំនួន៣៤២,៥លានលានវ៉ុន ស្មើនឹង៣០៦ពាន់លានដុល្លារ ពោលគឺស្មើនឹង៥,៣% លើសឆ្នាំនេះ ។ នេះបើតាមក្រសួងហិរញ្ញវត្ថុប្រាប់ឱ្យដឹង ។
គេប៉ាន់ស្មានថា ប្រាក់ចំណូលក្នុងប្រទេសនៅឆ្នាំក្រោយនឹងកើន៨,៦% ដល់៣៧៣,១លានលានវ៉ុន ហើយឱនភាពសម្រាប់ឆ្នាំ២០១៣ ស្មើនឹង០,៣% នៃផលិតផលក្នុងស្រុកសរុប ។ បំណុលរដ្ឋាភិបាលសរុបត្រូវបានកាត់បន្ថយដល់៣៣,២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ បើធៀបនឹងឆ្នាំនេះមានចំនួន៣៣,៣% ។
អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកគីម ដុងយន់ និយាយថា ការសង្គ្រោះសេដ្ឋកិច្ចជាអាទិភាពចម្បង បន្ទាប់មករក្សាលំនឹងថវិកា ការបង្កើតការងារ និងសុខុមាលភាពសង្គម ។ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅអាស៊ីមួយនេះបានប្រឈមមុខនឹងការគំរាមកំហែងសាពើរពន្ធដែលចេះតែកើនឡើងមានដូចជា ការកើនឡើងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស និងក្រៅប្រទេស និងកំណើនតម្រូវការឥតឈប់ឈរសម្រាប់សុខុមាលភាពសង្គមនៅក្នុងសង្គមដែលមានមនុស្សចាស់ជរាលឿនបំផុតលើពិភពលោកមួយនេះ ។
ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិនិយាយកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងកើន៣,៩% នៅឆ្នាំក្រោយទោះបីជាមានផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសាកលក៏ដោយ ។ ដើម្បីធ្វើឱ្យមានតម្រូវការក្នុងស្រុក និងជួយដល់ការនាំចេញ រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់៧៨លានលានវ៉ុនដើម្បីគាំទ្រក្រុមហ៊ុនខ្នាតតូច និងមធ្យមតាមរយៈការផ្តល់កម្ចីឥណទាន និងធានាដល់ការនាំចេញ ៕
ចែករំលែកព័តមាននេះ