ប្រធានហ្វមមូឡាវ័នជឿជាក់ថា ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០០៨ ឡេវីស ហាមីលតុនក្នុងពេលឥឡូវនេះមិនច្បាស់ថា តើនឹងត្រូវចាកចេញពីក្រុម McLarenឬចូលរួមជាមួយក្រុម Mercedesនោះទេ ។ ថ្លែងប្រាប់ ESPN លោកអេឡេស្តូនបានបញ្ជាក់ថា ៖«ខ្ញុំមិនគិតថា គេដឹងថា ខ្លួនគេត្រូវធ្វើអ្វីនោះទេ ។ ការប្រណាំង២លើកចុងក្រោយនេះ គេពិតជាធ្វើបានល្អណាស់ ។ មូលហេតុអ្វីដែលគេមិនសប្បាយចិត្តនៅពេលមុននេះនោះ គឺខ្ញុំពិតជាមិនដឹងទេ ។ ទោះជាយ៉ាងណា គេពិតជាត្រៀមខ្លួនផ្លាស់ទៅក្រុម Mercedes ។ គេបានសម្រេចចិត្តថាត្រូវចាកចេញហើយ ។ ខ្ញុំពិតជាមិនដឹង គេបានសម្រេចចិត្តធ្វើយ៉ាងណាឡើយក្នុងពេលនេះ»។
ហាមីលតុនត្រូវបានក្រុម McLarenផ្តល់ជូននូវកុងត្រាតម្លៃខ្លួន១៦.២លានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលតម្លៃនេះគឺស្មើគ្នានឹងមិត្តរួមក្រុមរបស់គេ Jenson Button ផងដែរ ។ វាគឺជាការផ្តល់ជូនលើកចុងក្រោយរបស់ក្រុម McLaren ។ ទោះជាយ៉ាងណា ក្នុងពេលនេះ មានការស្នើសុំមួយឱ្យក្រុមបង្កើនទឹកប្រាក់ដល់រូបគេ ៣.២លានដុល្លារបន្ថែមទៀតលើចំនួនដែលមានស្រាប់ ។ ហាមីលតុនវ័យ២៧ឆ្នាំធ្លាប់ឈ្នះជើងឯកពិភពលោកមួយលើកកាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្នគេស្ថិតនៅលំដាប់ទី៤ក្នុងគម្លាត ៥២ពិន្ទុពីកីឡាករកំពុងនាំមុខលើតារាងជើងឯកហ្វឺណាន់ដូ អាឡុនសូ ។
រហូតមកទល់នឹងពេលនេះ(រដូវកាលនេះ) ហាមីលតុនបានយកឈ្នះជើងឯក៣កម្មវិធីប្រណាំងរួចមកហើយគឺនៅកាណាដា ហុងគ្រី និងអុីតាលី ។ ទន្ទឹមនឹងនេះ គេបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់ជ័យលាភីចំនួន៣លើកផងដែរគឺនៅអូស្ត្រាលី ម៉ាឡេស៊ីនិងចិន ៕
ចែករំលែកព័តមាននេះ