រាជធានីភ្នំពេញ ៖ ភេឌី ម៉ឺនសុភា មកពីក្លិបយុវជនអង្គរ នឹងឡើងសាកកម្លាំងជាមួយ វ៉ែន សុវត្ថិ មកពីក្លិបកងកេងខេត្តបាត់ដំបង នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN ថ្ងៃសុក្រ ទី២៨ កញ្ញា ស្អែកនេះ ចំណែក នន់ ជំនិត មកពីក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ប្រកួតជាមួយ ខុន ចាន់ថន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។
រវាងវ៉ែន សុវត្ថិ ជាកីឡាករជើងចាស់ និងភេឌី ម៉ឺនសុភា ជាកីឡាករជើងថ្មីកន្លងមកមិនធ្លាប់ជួបគ្នាលើសង្វៀនឡើយ ។ សុភា ទើបតែលេចមុខនៅលើសង្វៀនក្នុងរយៈពេលខ្លី រីឯស្ថិតិប្រកួតទើបតែបានជាង២០ដងប៉ុណ្ណោះ មិនដូចសុវត្ថិ ធ្លាប់ឡើងសង្វៀនប្រកួតរាប់សិបដងឯណោះ ។ ការណាត់ជួបគ្នារវាងពួកគេទាំងពីរនាក់លើកនេះ ទាំងសងខាងសុទ្ធតែមិនទាន់ហ៊ានអួតមុនពីការចាញ់ឈ្នះដូចគ្នា ។ សុភា មិនមានក្បាច់ប្រកួតពិសេសអ្វីធ្វើឱ្យគូប្រកួតខ្លបខ្លាចឡើយ គេអាងតែស្នៀតកណ្តាប់ដៃ និងការប្រើជើងទាត់ប៉ុណ្ណោះ ។ ចំណែក វ៉ែន សុវត្ថិ អន់ស្នៀតជើង និងស្នៀតកណ្តាប់ដៃ ប៉ុន្តែមិនអាចធ្វេសប្រហែសជាមួយនឹងស្នៀតកែងរបស់គេឡើយ ។
នន់ ជំនិត ពីមុនអ្នកណាក៏ខ្លាចស្នៀតកែងរបស់គេដែរ ប៉ុន្តែមួយរយៈមកនេះ គឺមិនសូវខ្លាំងដូចមុនទៀតឡើយ ព្រោះវ័យរបស់គេកាន់តែចាស់ ហើយកម្លាំងក៏ចុះខ្សោយទៀត ប៉ុន្តែសមត្ថភាពត្រឹម ខុន ចាន់ថន គឺអាចទៅរួចត្រង់ថា ចាញ់ ឬឈ្នះនៅមិនទាន់ដឹងនោះទេ ។ ចាន់ថន មួយរយៈមកនេះដូចជាដុះពោះជាងមុន តែឃើញអាចវាយបាន៥ទឹកពេញមិនហត់ឡើយ ។ ស្នៀតដែលគេអាចប្រើការបានយ៉ាងស្ទាត់ជំនាញនោះ គឺស្នៀតកណ្តាប់ដៃ និងស្នៀតជើង ឯចលនាវាយលុករបស់គេក៏រហ័សណាស់ដែរ ។
ក្នុងថ្ងៃនោះដែរ ក៏មានជំនួបរវាងកីឡាករ ជន សាវុធ មកពីក្លិបអូដឹមកីឡា និងកីឡាករ សេង កំសត់ មកពីក្លិបខេមរិន្ទមានប្ញទ្ធិ ។
កីឡាករ ទឹម សុជាតិ មកពីក្លិបសិង្ហកីឡា និងកីឡាគង់ សំបូរ មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិ ។ កីឡាករ ឆាយ រដ្ឋា មកពីក្លិបបាត់ដំបងពាយ័ព្យ និងកីឡាករ សល់ ប៊ុនម៉ៅ មកពីក្លិបឦសានរតនគិរី និងគូចុងក្រោយគឺជាការជួបប្រកួតជាលក្ខណៈសាកលរវាងកីឡាករ សូ សុផាត មកពីក្លិបតោមាស និងកីឡាករ សិុន សល់ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ