រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រទី២៨ កញ្ញា នេះ កីឡាករជើងខ្លាំង៤រូប គឺកីឡាករជ័យ កុសល មកពីក្លិបសិង្ហកីឡា កីឡាករវ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ កីឡាការិនី សូយ សុធា មកពីក្លិបអូរដឹមកីឡា និងកីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យនឹងជួបសងសឹកគ្នានៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ។ ការប្រកួតរវាងគូសងសឹកទាំងពីរគូនេះ ទោះអ្នកមិនសូវតាមដានកីឡា ក៏មានទំនុកចិត្តថាជក់ចិត្តដែរ បន្ទាប់ពីពួកគេជួបគ្នាកន្លងមក មានការវាយសម្រុកគ្នាបែបស៊ីសាច់ហុតឈាមមិនដែលឲ្យអ្នកទស្សនាខកចិត្តឡើយ ។
អ្នកស្នេហាកីឡាប្រដាល់មិនតិចឡើយ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំជួលចិត្ត ដោយគ្រាន់តែបានដឹងថា កីឡាករកីឡាការិនី៤រូបខាងលើត្រូវគេផ្គូផ្គងឲ្យឡើងរេញប្រកួតគ្នា។ ក្នុងជំនួបលើកទី១ កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១២ កន្លងទៅ កីឡាករវ៉ោយ សុធន បានទទួលលទ្ធផលចាញ់ពិន្ទុកីឡាករ ជ័យ កុសល នៅលើសង្វៀនបឹងស្នោនេះដែរ។ ប៉ុន្តែគេចាប់អារម្មណ៍ការវាយលុករបស់ពួកគេ គឺមានចំណុចអាចស៊ីសងគ្នាបាន បើទោះជ័យ កុសល ត្រូវគេមើលឃើញថា មានប្រៀបជាងកីឡាករវ៉ោយ សុធន យ៉ាងណាក៏ដោយ។ ជើងខ្លាំងទាំងពីររូបនេះ សុទ្ធតែមានបទពិសោធន៍ឡើងរេញបែបចាស់វស្សាដូចគ្នា ខណៈដែលពួកគេចាស់មែន ប៉ុន្តែមានកាយសម្បទាល្អ និងមានផ្លែល្អដូចគ្នាក្នុងការវាយលុយទៅវិញទៅមក។
ម្យ៉ាងពួកគេអន់ស៊ុហ្វដូចគ្នាផង ទើបជំនួបរវាងជើងខ្លាំងពីររូបនេះ ត្រូវគេគិតថា មានចំណុចខ្លាំង និងខ្សោយប្រហាក់ប្រហែលគ្នាដែលអ្នកឈ្នះ គឺជើងខ្លាំង ។ វ៉ោយ សុធន ជើងខ្លាំងខាងប្រើជង្គង់ និងម៉ាត់ ខណៈកាលប្រកួតគ្នាលើកមុន គឺជ័យ កុសល ស្ទើរតែបាក់លោងក្រោមស្នៀតពិសេសនេះ ប៉ុន្តែជ័យ កុសល វិញ គេឡូយខាងកណ្ដាប់ដៃ និងស្នៀតកែង ទើបអាចយកឈ្នះលើវ៉ោយ សុធន បាន ។ ការប្រកួតលើកចុងក្រោយពួកគេទទួលបរាជ័យដូចគ្នា ដោយវ៉ោយ សុធន ប្រកួតចាញ់ អ៊ុង វិរៈ ដោយពិន្ទុ និងជ័យ កុសល ចាញ់ក្រោមដៃកែវ រំចង់ ដោយពិន្ទុដូចគ្នា ។
គេមិនទាន់ប្រាកដថា កីឡាករវ៉ោយ សុធន អាចសងសឹកកីឡាករជើងខ្លាំងជ័យ កុសល បានទេ ដោយសារតែជ័យ កុសល ដ្បិតតែធ្លាប់អាម៉ាស់ក្រោមដៃ កែវ រំចង់ មែន ប៉ុន្តែលោកចាញ់បែបប្រផិតប្រផើយបំផុត ។ ម្យ៉ាងជ័យ កុសល នៅល្អគ្រប់ស្នៀតក្នុងពេលឡើងរេញផង ទើបគេពិបាកទុកចិត្តថា វ៉ោយ សុធន នឹងអាចសងសឹកបានសម្រេច ។ ទោះយ៉ាងណា អ្វីដែលគេប្រាកដសម្រាប់ថ្ងៃស្អែក គឺជើងខ្លាំងទាំងពីររូប នឹងធ្វើឲ្យមហាជនរំជួលចិត្តដោយសារតែ វ៉ោយ សុធន ពិតជាប្រឹងសម្រុកយកពិន្ទុដើម្បីបំបាក់ជ័យ កុសល ក្នុងន័យសងសឹក ឯ ជ័យ កុសល ក៏ពិតជាពុះពារការពារតំណែងឈ្នះរបស់ខ្លួន មិនឲ្យបាក់មុខដូចពេលជួបកែវ រំចង់ ។
ដោយឡែក ចំពោះគូសងសឹកគ្នាមួយគូទៀត ដែលអ្នកស្នេហាកីឡាក៏ពិតជាជក់ចិត្ត និងអន្ទះសាចង់ឃើញការប្រកួតដែរនោះ គឺជំនួបរវាង កីឡាការិនី សូយ សុធា និងកីឡាការិនី វី ស្រីខួច ។ នារីសាច់ដុំធំៗ ហើយជាប់ឈ្មោះល្បីខាងប្រដាល់ទាំងពីរនេះ ធ្លាប់ប៉ះគ្នា៥លើករួចមកហើយដោយ៤លើក គឺ វី ស្រីខួច ជាអ្នកឈ្នះពិន្ទុ និង១លើក គឺសូយ សុធា ជាអ្នកឈ្នះដោយពិន្ទុ។ គេមិនអាចមើលស្រាលសូយ សុធា សម្រាប់ជំនួបសងសឹកគ្នាលើកនេះបានទេ ដោយសារមុននេះនាងបានផ្ដួលជើងខ្លាំងមកពីក្លិបអេភូថងកីឡាគឺកីឡាការិនី វី អិុច ឲ្យប៊ិះដេកលើរេញលែងក្រោក ព្រោះតែស្នៀតទាត់ និងកែងរបស់នាង ប៉ុន្តែនាងវី ស្រីខួច ឯណោះវិញ គឺហាក់ដូចជាធ្លាក់ដៃបន្តិច ដោយសារតែនាងបែរជាចាញ់ក្រោមដៃកីឡាការិនី សម សំណាង ជើងខ្លាំងមកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដែលសូយ សុធា ទើបតែផ្ដួលឈ្នះថ្មីៗ។
វី ស្រីខួច ជាប់លេខខ្លាំងខាងកណ្តាប់ដៃ ឯសូយ សុធា ជាប់ចំណាត់ថ្នាក់ខ្លាំងខាងប្រើជើងល្អ បើទោះជានាងត្រូវគេឃើញថា នៅអន់កណ្តាប់ដៃបន្តិចក្ដី។ អ្នកទស្សនាជាច្រើនពិបាកទុកចិត្តសម្រាប់ជ័យជម្នះរបស់សូយ សុធា នៅថ្ងៃស្អែក ប៉ុន្តែគេជឿថា នាងវី ស្រីខួច ពិតជាពិបាក បើទោះជំនួបប្រកួតគ្នា៥លើកកន្លងមកនាងធ្វើឲ្យសូយ សុធា រងការអាម៉ាស់ក្ដី។ ម្យ៉ាងនៅក្នុងសង្វៀនប្រដាល់ក្រៅពី វី ស្រីខួច ម្នាក់ សូយ សុធា មិនធ្លាប់ចាញ់ក្រោមដៃជើងខ្លាំងណាទេ ទើបគេរាងផ្អៀងពិន្ទុថា នាងអាចសងសឹកបានច្រើនជាងសម្រាប់ស្អែកនេះ ។ ចាំមើល តើសូយ សុធា នឹងអាចយកឈ្នះ វី ស្រីខួច ជាលើកទី២បានទេ?
ក្នុងថ្ងៃនោះដែរ ក៏មានជំនួបរវាងកីឡាករ ចាន់ ឡហាន មកពីក្លិបនិរោធមានជ័យ ជួបប្រកួតជាមួយកីឡាករម៉ន រដ្ឋា មកពីក្លិបព្រែកឯងកីឡា ។ កីឡាករពៅ សារ៉ាក់ មកពីក្លិបអ្នកប្រដាល់បាត់ដំបងពាយ័ព្យ ជួបប្រកួតជាមួយ ផាន់ សុខវ៉ែន មកពីក្លិបគជសារកីឡា និងកីឡាករផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡា ជួបប្រកួតជាមួយកីឡាករ គុន សំណង មកពីក្លិបខេមរិន្ទមានប្ញទ្ធិ ក្នុងលក្ខណៈជម្រះបញ្ជីគ្នា ។ កាលជួបគ្នាលើកទី១ ថ្ងៃ២៦ ឧសភា ឆ្នាំ២០១២ កីឡាករពីររូបនេះ បានត្រឹមតែស្មើពិន្ទុគ្នានៅសង្វៀនបាយ័នបឹងស្នោ ទើបលើកនេះគេពិបាកស្មានថា តើអ្នកណា នឹងអាចផ្តួលអ្នកណា។
គុន សំណង និងផាន់ ពិសិដ្ឋ ដ្បិតថាជើងថ្មី មិនទាន់ល្បីឈ្មោះមែន ប៉ុន្តែស្នៀតប្រកួតរបស់ពួកគេអាចថាជក់ចិត្តគ្រាន់បើ ដោយកម្លាំង និងផ្លែដៃជើង ក្នុងការប្រកួតរបស់អ្នកទាំងពីរ មានភាពប្រដំប្រសងគ្នា ដែលអាចនិយាយបានយ៉ាងខ្លីថា ពួកគេអាចវាយបកគ្នាទៅវិញទៅមកបាន ៕
ចែករំលែកព័តមាននេះ