ជើងឯក French Openម៉ារីយ៉ា សារ៉ាប៉ូវ៉ាកក់បានកន្លែងមួយក្នុងជុំទី៣កម្មវិធី Pan Pacific Openក្រោយពីយកឈ្នះកីឡាការិនីអង់គ្លេស Heather Watsonក្នុងជុំទី២កាលពីថ្ងៃអង្គារទី២៥កញ្ញា ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងការប្រកួតដែលប្រើអស់ពេលច្រើនជាង៣ម៉ោង កីឡាការិនីរុស្ស៊ីរូបនេះបានយកឈ្នះនាង Watsonដែលជាកីឡាការិនីលំដាប់ទី៧៨ពិភពលោកក្នុងលទ្ធផល ៦-៧,៦-៣និង ៦-៤ ។ នាងបាននិយាយថា ៖«ខ្ញុំមិនទាន់មានភាពមាំមួនគ្រប់គ្រាន់ទេ ។ ខ្ញុំមានឱកាសអាចយកឈ្នះសិតទី១ ប៉ុន្តែធ្វើមិនបានទៅវិញ ។ ដូច្នេះ នេះមិនមែនជាការប្រកួតប្រកបដោយគុណភាពនោះទេ »។
សម្រាប់ការប្រកួតលើកនេះសារ៉ាប៉ូវ៉ាប្រើសឺវីសខ្លាំងដោយជោគជ័យបានចំនួន៩លើក ប៉ុន្តែធ្វើឱ្យមានកំហុស double-fault ចំនួន១៤ផងដែរ ។
នាងបាននិយាយទៀតថា ៖«កំហុសនេះបានផ្តល់ទំនុកចិត្តដល់គូប្រកួត ។ ខ្ញុំគិតថា នោះក៏ជាមូលហេតុដែលការប្រកួតនេះប្រើពេលយូរផងដែរ ។ ភាគរយនៃសឺវីសដំបូងរបស់ខ្ញុំពិតជាទាបខ្លាំងណាស់ ។ ខ្ញុំបានដាក់សម្ពាធលើខ្លួនឯង ។ ពិតណាស់ ខ្ញុំត្រូវតែកែលំអបន្ថែមទៀតដើម្បីឈ្នះជ័យជម្នះនៅថ្ងៃស្អែក »។
ចំណែកកីឡាការិនីឆែកប៉េត្រា គ្វីតូវ៉ាមិនបានជួបសំណាងល្អដូចជាសារ៉ាប៉ូវ៉ាឡើយ បន្ទាប់ពីត្រូវហាលអាវក្រោមថ្វីដៃកីឡាការិនីក្រូអាស៊ី Petra Marticក្នុងលទ្ធផល៦-៤និង៦-៤ ។គ្វីតូវ៉ាបានធ្វើឱ្យមានកំហុស double-fault ៣លើកចាញ់សិតទី១ ។ បន្ទាប់មក ចាញ់វគ្គទី១ក្នុងសិតទី២ ហើយពិន្ទុរបស់នាងបានបន្តធ្លាក់ចុះរហូតបញ្ចប់ការប្រកួត ។ គ្វីតូវ៉ាវ័យ២២ឆ្នាំបានថ្លែងថា ៖«ការវាយសឺវីសរបស់នាងពិតជាខ្លាំងហើយពិបាកក្នុងការយកឈ្នះបំផុត ។ នាងបានធ្វើឱ្យខ្ញុំក្លាយជាអ្នកការពារជាជាងអ្នកវាយលុកនិងរត់ទៅមកពេញតារាង ។ និយាយជារួម នាងលេងបានល្អណាស់ក្នុងថ្ងៃនេះ »។
លទ្ធផលប្រកួតរបស់គូផ្សេងទៀតមានដូចជា កីឡាការិនីលំដាប់ទី១ពិភពលោកវិចតូរីយ៉ា អាហ្សារេនកាយកឈ្នះកីឡាការិនីអូទ្រីស Tamira Paszekក្នុងលទ្ធផល ៦-១និង ៦-១ខណៈកីឡាការិនីការពារជើងឯកអានីយ៉េស្កា រែដវ៉ាន់ស្កាយកឈ្នះកីឡាការិនីស៊ែប៊ីជេឡេណា ជែនកូវិចក្នុងលទ្ធផល ៦-២និង ៧-៥ ។
ម្ចាស់ជើងឯក French Openឆ្នាំ២០១១លីណាបានឈានចូលទៅជុំបន្តផងដែរបន្ទាប់ពីបានយកឈ្នះកីឡាការិនីរុស្ស៊ី អាណាស្តាសៀ ប៉ាវលូឆឹនកូវ៉ាក្នុងលទ្ធផល ៧-៥,៤-៦និង៦-២ខណៈកីឡាការិនីបារាំង ម៉ារីយ៉ុង បាតូលីបំបាក់កីឡាការិនីអាល្លឺម៉ង់ Julia Goergesក្នុងលទ្ធផល៦-២និង៧-៥ ៕
ចែករំលែកព័តមាននេះ