រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានត្រូវនគរបាលប៉ុស្ដិ៍បឹងត្របែក សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន ចាប់ឃាត់ខ្លួននៅផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ កញ្ញា បន្ទាប់ពីក្រុមនេះធ្វើសកម្មភាពឆបោកម៉ូតូម៉ាកអាយខន ពណ៌ត្រួយចេកមួយគ្រឿង ពីនារីម្នាក់ ហើយជិះគេចខ្លួនមកដល់ចំណុចខាងលើ ។
ជនសង្ស័យទាំង៣នាក់នេះមាន ១-ឈ្មោះ កង សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២- ឈ្មោះសួន ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ៣-ឈ្មោះឌី ដារ៉ុង ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំកាមន ។ មុនពេលត្រូវឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពឆបោកម៉ូតូម៉ាកអាយខន ពីនារីម្នាក់ឈ្មោះចាន់ គន្ធា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ក្រោយពីឆបោកបានម៉ូតូហើយ ជនសង្ស័យទាំង៣នាក់បាននាំគ្នាជិះរត់គេចខ្លួនលុះដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីង បណ្ដាលឱ្យជនសង្ស័យទាំង៣នាក់ដួលម៉ូតូទើបសមត្ថកិច្ចចាប់បាន ។គួរបញ្ជាក់ថា មូលហេតុដែលសមត្ថកិច្ចដឹងព័ត៌មានខាងលើនេះភ្លាមៗ ដោយសារក្រុមជនសង្ស័យបានណាត់នារីម្ចាស់ម៉ូតូខាងលើ មកធ្វើសកម្មភាពឆបោកនៅលើសណ្ឋាគារ រិទ្ធីហេង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ក្រុមជនសង្ស័យបានឱ្យនារីម្ចាស់ម៉ូតូឡើងលើសណ្ឋាគារជាន់ទី៨ ហើយប្រើល្បិចបោកប្រាស់មុខក្រោយ រហូតដល់លួចសោម៉ូតូពីនារីរងគ្រោះបានក៏នាំគ្នាជិះរត់គេចខ្លួន តែភ្លាមៗនោះនារីរងគ្រោះដឹងទាន់ក៏ផ្អើលឆោឡោស្រែកប្រាប់សមត្ថកិច្ចដេញចាប់បានតែម្ដង ។ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋានខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕
ចែករំលែកព័តមាននេះ