ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​​​ត្រូវ​ផ្សឹក​​2​ដង ​តែត្រូវបួសវិញ​ក្រោម​កម្លាំង​គាំទ្រពី​ពុទ្ធ​បរិស័ទ

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ រហូត​មកទល់ពេល​នេះ​បណ្តឹង​ទាក់​ទងនឹងការ​ចោទប្រកាន់​ព្រះសង្ឃ​នាម ​ធៀប សេងគី អតីត​ព្រះ​ចៅ​អធិការវត្ត​ប្រាសាទ​មាន​ជ័យ ​ស្ថិត​នៅ​ឃុំ​​ដូង ស្រុក​បាទី ​ខេត្តតាកែវ​ មិនទាន់​មាន​ដំណោះ​ស្រាយ​ដោយ​យុត្តិ​ធម៌​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ប្រជា ពល​រដ្ឋ​រាប់​រយ​នាក់​ដែល​ជាពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​​បាន​ផ្តិត​​​មេដាយ​លើ​ញតិ្ត​គាំ​ទ្រ​មួយ​ដោយ​បញ្ជាក់​ពី​ភាពស្អាតស្អំ​របស់​ព្រះសង្ឃ​អង្គ​

ខេត្តតាកែវ ៖ រហូត​មកទល់ពេល​នេះ​បណ្តឹង​ទាក់​ទងនឹងការ​ចោទប្រកាន់​ព្រះសង្ឃ​នាម ​ធៀប សេងគី អតីត​ព្រះ​ចៅ​អធិការវត្ត​ប្រាសាទ​មាន​ជ័យ ​ស្ថិត​នៅ​ឃុំ​​ដូង ស្រុក​បាទី ​ខេត្តតាកែវ​ មិនទាន់​មាន​ដំណោះ​ស្រាយ​ដោយ​យុត្តិ​ធម៌​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ប្រជា ពល​រដ្ឋ​រាប់​រយ​នាក់​ដែល​ជាពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​​បាន​ផ្តិត​​​មេដាយ​លើ​ញតិ្ត​គាំ​ទ្រ​មួយ​ដោយ​បញ្ជាក់​ពី​ភាពស្អាតស្អំ​របស់​ព្រះសង្ឃ​អង្គ​នោះ ​​និងទាម​ទារ​ឱ្យ​​​សមត្ថកិច្ច​​ពាក់​ព័ន្ធ​ រួម​ទាំង​ព្រះ​មេ​គណ​ខេត្តតាកែវ ​និង​មេ​គណ​ស្រុក​បាទី​ផ្តល់​យុត្តិធម៌​ដល់​ព្រះ​អង្គ​​​ និង​​សុំ​ឱ្យ​​​​​បាន​ធ្វើ​​​ជា​ព្រះចៅ​អធិការ​វត្ត​​​ឡើង​វិញ ​។

​អតីត​ព្រះ​ចៅ​អធិការ​វត្ត​ប្រាសាទ​មាន​ជ័យ​ព្រះ​នាម​ធៀប សេងគី ​បាន​រង​ការចោទ​ប្រកាន់​ថា ​បាន​នាំ​ស្រី​ចូល​ដេក​ក្នុង​កុដិ​ នា​យប់​ថ្ងៃ​ទី​២​ ធ្នូ​ ឆ្នាំ​២០១១ ​ហើយ​ក្រោយ​មក​ត្រូវ​​​ព្រះ​​អនុគណ​ស្រុក​បាទី​ព្រះ​​នាម​ភួង ​ម៉ិញ បង្ខំ​​​​ឱ្យ​ព្រះ​អង្គ​សឹក​ជាបន្ទាន់​ ។ ​ការចាប់​បង្ខំ​ឱ្យ​អតីត​​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​​ធៀប​ សេងគី ​សឹក​យ៉ាង​​​ប្រញាប់​​ប្រញាល់​នោះ​មិនបាន​ធ្វើ​ឱ្យ​ពុទ្ធ​បរិស័​ទ​សប្បាយ​ចិត្ត​ឡើយ​ ហើយពួក​គាត់នាំគ្នា​ធ្វើ​លិខិត​ប្តឹង​ទៅ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន សែ​ន ​ដើម្បី​​​ជួយ​​អន្តរាគមន៍​រក​យុត្តិធម៌​ ។

​ក្រសួង​ធម្ម​ការនិងកិច្ច​ការសាសនា​ រួម​ទាំង​​មន្ទីរ​ធម្មការ​ខេត្ត​ អាជ្ញា​ធរ​មូលដ្ឋាន​បាន​សើុប​អង្កេត​ករណី​នោះ​ ហើយ​រក​ឃើញថា ​​ការ​ចោទ​ប្រកាន់​​លើ​​អតីត​ព្រះចៅ​អធិការ​វត្ត​ព្រះនាម​​​ធៀប សេងគី ​ថា​បាន​ប្រព្រឹត្ត​ទោសក្នុងបទ​បារាជិក​ប្រាសចាក​ទៅនឹង​ពុទ្ធ​ប្បញ្ញ​ត្តិ​នោះ​គឺ​មិនពិត​ប្រាកដ​ទេ ប៉ុន្តែ​គឺជា​គម្រោង​​ការ​ឃុបឃិតគ្នា ​រវាង​​មនុស្ស​មួយចំនួន​តូច​ដោយ​ជួល​ស្ត្រី​ឈ្មោះ​ឆេង​ ផល្លី ​ក្នុងតម្លៃ​២០​ម៉ឺន​រៀល ឱ្យ​លួច​ចូល​ទៅ​ក្នុង​កុដិ​របស់​ព្រះចៅ​អធិការ ​ក្នុងពេល​យប់​ដើម្បី​ក្លែ​ង​បន្លំ​ទម្លាក់​កំហុស​លើ​ព្រះអង្គ​ ។

​យោងតាម​លិខិត​ផ្លូវការ​មួយ​របស់​មេឃុំ​ដូង ​បញ្ជាក់ថា ​ស្ត្រី​ឈ្មោះ​​ឆេង ផល្លី ​បានសារភាព​ថា ​​នាង​​​ត្រូវ​​​​​ឈ្មោះ​ឃុំ​ រុន ​និងសង្ឃ​នាម​​​វ៉ា ​ម៉ៅ ​ជួល​ក្នុង​តម្លៃ​២០​ម៉ឺន​រៀល ​ដើម្បី​រៀបចំ​ឆា​ក​ល្ខោន​បង្ខូច​ព្រះ​កិត្តិ​យស​អតី​ត​ព្រះចៅ​អធិការ​វត្ត​ព្រះ​នាម​ធៀប សេងគី ​​ដោយ​ឱ្យ​រូប​នាង​បន្លំ​ចូល​ទៅ​ក្នុងកុដិ​របស់​ព្រះ​អង្គ​​ ​ហើយ​ជន​ទាំង​២​នាក់​នោះរួម​ទាំង​បក្សពួក​មួយ​ចំនួន​ទៀត​ជាអ្នក​ស្រែក​ឆោ​ឡោ​ និងទម្លាក់​កំហុស​លើ​​​​ព្រះ​អង្គ​ ​។

ក្រោយ​ពីការស៊ើប​អង្កេត​របស់ជំនាញ​ពាក់​ព័​ន្ធ​​រកឃើញថា ​អតីត​ព្រះ​ចៅអធិការ​អង្គ​នោះ​មិន​មានកំហុស​ដូចជាការចោទ​ប្រកាន់ ​សម្តេច​ព្រះសង្ឃ​​នាយក​​​នន្ទ​ ង៉ែត ​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យ​ព្រះ​តេជគុណ​ធៀប​ សេងគី ​បួសជានេន​ឡើង​វិញ​នៅអំឡុងខែមេសា ​ឆ្នាំ​២០១២ ​ហើយ​ត្រូវ​ញោម​​របស់​​​ព្រះ​អង្គ​សុំ​​​​និមន្ត​ឱ្យ​ទៅគង់​នៅវត្ត​ឈូងលាប ​ព្រះសីហនុ​រាជ​ស្រុក​​ស្អាង ​ខេត្ត កណ្តាល​​វិញ ​។
​​បន្ទាប់​មកប្រជាពលរដ្ឋ​នៅ​ក្នុងឃុំ​ដូង​បាន​សុំ​និមន្ត​អតីត​ចៅអធិការ​ធៀប សេងគី ​ទៅគង់​ចាំ​ព្រះ​វស្សា​នៅវត្ត​ប្រាសាទ​មាន​ជ័យ​វិញ ​ព្រោះ​ព្រះ​អង្គ​មិន​មាន​កំហុស​ដូចការ​ចោទប្រកាន់​ ហើយ​បាន​កសាង​វត្ត​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​​យ៉ាងឆាប់​រហ័ស ​។ ​ទោះ​ជា​យ៉ាងណាក្តី ​អតី​ត​ចៅ​អធិការ​អង្គ​​នោះ​បានរងនូវ​បណ្តឹងពី​ព្រះ​អនុគណ​ស្រុក​បាទី ​ព្រះ​នាម​ភួង ​ម៉ិញ ​ម្តងទៀត​​ដោយ​យកលេស​​រឿងរា៉វពីលើកមុន ​​ហើយ​​ធ្វើ​លិខិត​មួយច្បាប់​និមន្ត​ព្រះ​តេជគុណ​ធៀប​ ​សេងគី ​ទៅ​ប្រជុំ។ ​

ក្នុងពេលប្រជុំ​នោះ​មាន​​ប៉ូលិស​យាម​កាម​មិន​ឱ្យ​​អ្នកណា​ម្នាក់ចូល​ជិតឡើយ ​។ ​​បន្ទាប់​មក​ព្រះ​អនុគណស្រុក​បាន​ចាប់បង្ខំ​ព្រះ​តេជ​គុណ​​នាម​ធៀប សេងគី ​ឱ្យសឹក​ជាលើក​ទី​២ ដោយ​ចោទប្រកាន់​ថា ​​ព្រះ​អង្គ​មិនគោរព​វិន័​យ​សង្ឃ​ ។ ​ការចាប់​បង្ខំ​ឱ្យ​សឹក​នោះ​មិនបាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្តស្ងប់​ចិត្ត​ឡើយ  ហើយ​បាន​នាំ​គ្នាតវ៉ា ​និងសុំ​ឱ្យ​ព្រះ​តេជ​គុណ​ធៀប សេងគី ​បួសឡើង​វិញ ​។

ក្រោយ​មក​មាន​​ព្រះ​​លិខិត​មួយ​របស់​សម្តេច​​ព្រះ​​សង្ឃ​នាយក​រង​​ អំ លឹមហេង ​អនុញ្ញាតឱ្យ​ព្រះតេជ​គុណ​ធៀប​ សេងគី ​បួស​ត្រឹម​តែ​ជា​សាម​ណេ​រអស់​​មួយ​ជីវិត​ពុំអាច​បួស​ជា​ភិក្ខុ​បាន​ឡើយ​។​​​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ដែល​បាន​ធ្វើ​លិខិត​គាំ​ទ្រ​និង​សុំ​ឱ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្តល់​យុត្តិ​ធម៌​ពិត​ប្រាកដ​ដល់​អតីត​ព្រះចៅ​អធិការព្រះ​នាម​ធៀប ​សេងគី ​បានលើក​ឡើងថា ​ការចោទ​ប្រកាន់​ទាំង​ឡាយ​គឺ​ត្រូវ​បាន​រកឃើញ​ការពិត​អស់​ហើយ ​ថា ​ព្រះ​តេជ​គុណ​ធៀប​ សេងគី ​មិន​បាន​​ប្រព្រឹត្ត​កំហុស​​ទេ ដូច្នេះ​ត្រូវតែ​ផ្តល់​​យុត្តិ​ធម៌ដល់​ព្រះ​
អង្គ ​​​។

ជួប​ជាមួយ​កោះ​សន្តិ​ភាព​នៅ​ក្នុង​វត្ត​ប្រាសាទ​មានជ័យ​ ស្ថិត​នៅ​ឃុំ​ដូង​ ស្រុក​បាទី​ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ​ឆ្នាំ​២០១២ ​លោក​មេឃុំ​ ប៉ូលិស​ប៉ុស្តិ៍​​  អាចារ្យ​ គណៈ​​កម្មាធិការ​វត្ត​បាន​​ឱ្យដឹង​ដូចគ្នា​ថា ​វត្ត​ប្រាសាទ​មាន​ជ័យ​​នេះ​កាល​ពី​ដើម​ឡើយមិន​មាន​ការ​រីក​ចម្រើន​​ទេ​​ លុះ​ពេល​និមន្ត​ព្រះ​តេ​ជគុណ​ធៀប សេងគី​ មក​គង់​​ធ្វើជា​ចៅ​អធិការ​វត្ត​ ​ព្រះ​អង្គ​ក៏​ទាក​​់​ទង​សប្បុរ​ស​ជន​ក្នុងក្រៅ​និង​​ក្រៅ​ប្រទេស​កសាង​​​បាន​​ព្រះ​វិហារ​ ​ចាក​់​សាប​ទី​ធ្លា​​វត្ត​ ​ធ្វើ​​ដង​ទង​់​១គូ​ ​​និង​កសាង​​​សាលា​ឆាន់​ដែល​លេច​​ចេញ​ជារូប​រាង​ទៅ​ហើយ​នោះ ។
​លោក​ណុ​ប ទូច ​មេឃុំ​ដូង​រៀបរាប​ឱ្យ​ដឹងថា​​​ទាំង​អាជ្ញា​ធរ​ ទាំង​ប្រជាពលរដ្ឋ​​គោរព​ស្រឡាញ់​​ព្រះ​ចៅ​អធិការ​គ្រប់​​​គ្នា​ ព្រោះ​តែ​ព្រះ​អង្គ​មាន​​ស្នា​ព្រះ​ហស្ត​​កសាង​បាន​ច្រើន​ និង​ធ្វើ​ឱ្យ​វត្ត​មាន​​​កេរ្តិ៍​​ឈ្មោះ​​ល្បី ​។ ព្រោះ​​តែ​ប្រជាប្រិយ​ភាព​របស់​ព្រះ​អង្គ​​នេះ​ហើយ​ ទើប​​​​ធ្វើ​ឱ្យ​សង្ឃ​ខ្លះ​នៅ​ក្នុង​វត្ត​មាន​ការ​ច្រណែន​ ហើយ​រៀប​ចំល្បិច​​ទម្លាក់​កំហុស​​លើ​ព្រះ​អង្គ​​ ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ​និងកិច្ច​ការ​សាសនា​មួយរូបដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​អះ​អាង​​​ថា ​ការចោទ​ប្រកាន់​អតី​ត​ព្រះ​ចៅ​អធិការ​វត្ត​ប្រាសាទ​មានជ័យ​ព្រះនាម​ធៀប សេងគី ​ថាបាន​​ប្រព្រឹត្ត​ទោស​ក្នុង​បទ​បារា​ជិក​នោះ​គឺ​មិនពិត​ទេ ​ប៉ុន្តែ​គឺជា​ការមួលបង្កាច់​​ ​និង​ទ​ម្លាក់​កំហុស​ដោយ​អយុត្តិ​ធម៌​ និងរក​លេស​ផ្សឹក​ព្រះ​អង្គ​​តែ​​ប៉ុណ្ណោះ។ ​មន្ត្រី​រូបនោះ​បន្តថា ​ក្រោយ​ពី​ក្រសួង​ធម្មការ​និងកិច្ច​ការ​សាសនា​ទទួល​បាន​​បណ្តឹង​ពី​ប្រជា​ពល​​រដ្ឋ​ ក្រសួង​បាន​ធ្វើ​​លិខិត​ទៅ​សម្តេច​ព្រះសង្ឃ​​​នាយក​នន្ទ ង៉ែត ដើម្បីស្រាវ​ជ្រាវ​ ហើយ​បន្ទាប់​ពី​ស្រាវ​ជ្រាវ​គឺរកឃើញ​ថា ​មា​ន​មនុស្ស​មួយក្រុម​​បាន​រៀបចំគម្រោង​ការជួល​ស្ត្រី​ម្នាក់​ក្នុងតម្លៃ២០​ម៉ឺន​រៀល ​ដើម្បី​ឱ្យចូល​ទៅសម្ងំ​ក្នុងកុដិ​អតី​ត​ព្រះ​ចៅ​អធិការ​វត្តក្នុងពេល​យប់ ​ហើយ​ពួក​គេ​ធ្វើ​ជា​ភ្ញាក់​ផ្អើល​ឆោឡោ​ និង​រក​លេសចោទប្រកាន់​តែម្តង ​ប៉ុន្តែ​ការពិត​​គឺព្រះ​តេជគុណ​​អង្គ​នោះ​មាន​​ភាពស្អាត​ស្អំ​ បរិសុទ្ធ ​និងកាន់​ធម្ម​វិន័យ​បាន​ត្រឹ​ម​ត្រូវណាស់ ​។ មន្ត្រី​ក្រសួង​ធម្ម​ការ​រូប​នោះ​​អំពាវ​​នាវ​ឱ្យ​មាន​​ការផ្តល់​យុត្តិធម៌​ដល់​ព្រះ​តេជគុណ​ធៀប សេងគី ​ផង​ ៕