រាជធានីភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ខណៈផឹកស្រាស្រវឹងឃើញកូនស្រីកំពុងអង្គុយលាងចានក្នុងផ្ទះម្នាក់ឯងក៏ចាប់រំលោភរហូតបានសម្រេច ពេលប្រពន្ធមិននៅផ្ទះ ហើយត្រូវនាងស្រែកផ្អើលអ្នកជិតខាងនាំគ្នារត់ចូលទៅជួយចាប់ខ្លួនបុរសជាឪពុកចុងតិរច្ឆាននោះប្រគល់ឱ្យប៉ូលិស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ នៅចំណុចផ្ទះជួលមួយក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាឪពុកចុងតិរច្ឆាននេះឈ្មោះ រ័ត្ន ថា អាយុ៣២ឆ្នាំ ជាកម្មករសំណង់ ។ ចំណែកកូនស្រីដែលរងគ្រោះអាយុ១៩ឆ្នាំ ។ នាងបានរៀបរាប់ប្រាប់ប៉ូលិសថា នាងស្នាក់នៅបន្ទប់ជួលផ្សេងទេ តែនៅមុនពេលកើតហេតុប្អូនប្រុសរបស់នាងអាយុ៨ឆ្នាំម្នាក់បានរត់ទៅហៅនាងឱ្យមកជួយដាំបាយឱ្យឪពុកហូប ។ ពេលនោះនាងក៏ទៅកាន់បន្ទប់ដែលឪពុកចុងនិងម្តាយបង្កើតជួលស្នាក់នៅនោះ ហើយពេលទៅដល់នាងបានលាងចានឆ្នាំងដើម្បីដាំបាយ ។ ខណៈនាងកំពុងលាងចាននៅក្នុងបន្ទប់ជួលនោះស្រាប់តែឪពុកចុងរូបនេះពុំដឹងថាទើបមកពីទីណាទេបានដើរចូលទៅក្នុងបន្ទប់តាមទ្វារក្រោយរួចបិទទ្វារខ្ទាស់គន្លឹះខាងក្នុងជាប់តែម្តង ។ ក្រោយពេលសួរនាងពីរបីម៉ាត់ស្រាប់តែចាប់ទាញដៃនាងឱ្យក្រោកឈរ ហើយអូសនាងឱ្យឡើងលើគ្រែ ចាប់នាងខ្ទប់មាត់និងរំលោភនាងរហូតបានសម្រច ។
នារីរងគ្រោះបានបន្តថា ក្រោយពេលរំលោភបានសម្រេចហើយ ទើបឪពុកចុងតិរច្ឆាននេះលែងដៃចេញពីមាត់នាង គឺពេលនោះហើយដែលនាងមានឱកាសស្រែកយំខ្លាំងៗឱ្យគេជួយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារត់ចូលទៅជួយនិងចាប់ខ្លួនបុរសជាឪពុកចុងនោះប្រគល់ឱ្យប៉ូលិសនាំយកទៅចាត់ការតាមផ្លូវច្បាប់ ។
សាក្សីម្នាក់បានបំភ្លឺប្រាប់ប៉ូលិសថា នៅពេលកើតហេតុនោះពួកខ្លួនមានគ្នា៣នាក់ដែលជួលបន្ទប់ជាប់គ្នាបានឮសម្លេងនារីរងគ្រោះស្រែកយំឱ្យជួយក៏ចេញពីបន្ទប់ ហើយរត់ទៅមើលនិងស្រែកសួរព្រមទាំងរុញទ្វារបន្ទប់ ប៉ុន្តែទ្វារជាប់គន្លឹះខាងក្នុងបើកមិនបានឡើយ ។ ខណៈនោះពួកគេបានស្រែកហៅឱ្យបើកទ្វារ ប៉ុន្តែមិនត្រូវបានបើកឱ្យភ្លាមៗទេ រហូតពួកគេគំរាមធាក់ទម្លាយទ្វារទើបបើកឱ្យ ។
សាក្សីដដែលបានបន្តថា ពេលនោះគេបានឃើញនាងរបូតឡេវអាវហើយមានឈាមប្រឡាក់សំពត់និងកែងជើងទៀតផង ឯឪពុកចុងក៏នៅក្នុងបន្ទប់នោះដែរ ។ ពេលឃើញបែបនេះពួកគេសួរនាំទើបនាងប្រាប់ថា ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច ។ ពេលឮបែបនេះ ពួកគេបាននាំគ្នាចាប់ឃាត់ខ្លួនជនជាឪពុកចុងនោះប្រគល់ឱ្យប៉ូលិសតែម្តងហើយក្នុងខណៈ នោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៀតផង។
ក្រោយពេលចាប់ខ្លួន ជននោះបានសារភាពប្រាប់ប៉ូលិសថា ខ្លួនបានរៀបការជាមួួយប្រពន្ធក្រោយជាស្រី្តមេម៉ាយដែលត្រូវជាម្តាយនារីរងគ្រោះបានរយៈពេល៥ឆ្នាំមកហើយ ។ នៅមុនពេលកើតហេតុខាងលើ ខ្លួនបានទិញស្រាមួយលីត្រយកទៅផឹកតែម្នាក់ឯងនៅក្នុងបន្ទប់រហូតដល់ស្រវឹង ។ លុះក្រោយមកឃើញកូនស្រីដើរចូលទៅក្នុងបន្ទប់នោះដែរធ្វើឱ្យខ្លួនមានតណ្ហាពុះកញ្ជ្រោលនឹកចង់រួមរ័កក៏ចាប់នាងរំលោភតែម្តង ៕
ចែករំលែកព័តមាននេះ