ខេត្តកែប ៖ ពលរដ្ឋនៅខេត្តកែបនិងខេត្តកំពត ផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាមកឱ្យគ្រូម្នាក់ឈ្មោះសន ចាន់ថន អាយុ៤១ឆ្នាំ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរព្យាបាលជំងឺដែលគេជឿតាមគ្នាថា គាត់ចេះមើលជំងឺនិងស្រោចទឹកដេញកម្ចាត់ខ្មោចព្រាយបិសាចនិងចេះដោះអំពើ ។
តាមស្ត្រីឈ្មោះហៀ ថុក ជាប្រពន្ធរបស់គ្រូម្នាក់នេះបាននិយាយថា ប្តីរបស់គាត់ចេះមន្តអាគមអូមអាមនេះជាយូរឆ្នាំហើយ ប៉ុន្តែកន្លងមកទោះបីជាចេះស្រោចទឹកយ៉ាងណាក៏ប្តីគាត់មិនបានចេញមុខមើលគេដែរ ទើបតែពេលនេះប្តីគាត់បានមើលអ្នកជំងឺម្នាក់ឱ្យជាសះស្បើយស្រាប់តែមានអ្នកជំងឺឯទៀតជាច្រើននាក់ចេះតែនាំគ្នាមកជាបន្តបន្ទាប់ដើម្បីឱ្យប្តីគាត់ស្រោចទឹកដែលអ្នកជំងឺមានជំនឿលើប្តីគាត់ថា ជាគ្រូចេះមើលជំងឺហើយមិនបានបង្គាប់យកលុយកាក់ដល់អ្នកជំងឺទេគឺតាមតែអ្នកជំងឺឱ្យ ។ ប្តីគាត់ដែលចេះមើលជំងឺនេះមិនមានបារមីអ្វីមកកាន់ទេ គឺចេះដោយសាររៀនពីគ្រូ ។
កោះសន្តិភាព មិនបានជួបគ្រូសន ចាន់ថន ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់មាត់ទេ ដោយសារជាប់មើលអ្នកជំងឺពេញមួយថ្ងៃមិនបានសម្រាកសោះ ។ ស្ត្រីជាប្រពន្ធនិយាយថា គាត់មិនចង់ឱ្យមានការផ្សព្វផ្សាយរឿងនេះទេ ។ បើតាមដានមើលសកម្មភាពព្យាបាល អ្នកជំងឺម្នាក់ៗដែលចូលទៅឱ្យគ្រូស្រោចទឹកនោះភាគច្រើនជាស្ត្រីស្លៀកសំពត់កៅស៊ូនិងមិនឱ្យពាក់អាវទ្រនាប់ទេ ហើយគ្រូបញ្ជាឱ្យអ្នកជំងឺទាំងប្រុសទាំងស្រីដេកនឹងដីនៅមុខអ្នកជំងឺផ្សេងៗទៀតដែលអង្គុយចាំដល់លេខរៀងចូលទៅស្រោចទឹក ។
វិធីព្យាបាលគឺគ្រូត្រូវយកជើងជាន់ក្បាលពោះអ្នកជំងឺ ឬជាន់ឆ្អឹងខ្នង ឬក៏យកដៃច្របាច់សាច់អ្នកជំងឺ ហើយចាប់ផ្តើមសួរអ្នកជំងឺដែលតម្រូវឱ្យដេកផ្កាប់មុខ ឬដេកផ្ងារ ។ ភាគច្រើនអ្នកជំងឺបានស្រែកទ្រហោយំ និងប្រាប់គ្រូពីរឿងរា៉វខ្លួនឈឺ ។ អ្នកជំងឺខ្លះបានប្រាប់ថា ខ្លួនត្រូវគេធ្វើអំពើ ខ្លះថាខ្លួនត្រូវខ្មោចព្រាយធ្វើ ។ ទោះបីជាបែបណា គ្រូបានប្រាប់អ្នកជំងឺភ្លាមៗថា ពួកគាត់មានរោគា គ្មានអ្នកណាធ្វើ ឬខ្មោចព្រាយធ្វើទេ ។ គ្រូសន ចាន់ថន បានយកជើងជាន់ដែលតាមមើលទៅហាក់ដូចជាធ្វើទារុណកម្មលើអ្នកជំងឺ ព្រោះអ្នកជំងឺម្នាក់ៗដេកផ្ទាល់ដីឱ្យគេជាន់ហើយស្រោចទឹកពីលើ ។
លោកលី ហ៊ត ប្រធានឃុំពងទឹកមានប្រសាសន៍ថា លោកមិនបានដឹងពីការភ្ញាក់ផ្អើលរបស់ពលរដ្ឋនាំគ្នាទៅឱ្យគ្រូនៅជើងភ្នំវល្លិព្យាបាលជំងឺនោះទេ ហើយលោកបានប្រាប់ឱ្យសួរទៅនគរបាលពីរឿងនេះវិញ ។ ចំណែកលោកតែម ហាន ប្រធានភូមិអន្ទង់សប្រាប់ថា មានមនុស្សរាប់រយនាក់បានមកឱ្យគ្រូសន ចាន់ថន ព្យាបាលតែគ្រូមិនបានបង្គាប់ឱ្យយកលុយពីអ្នកជំងឺទេ ។ អ្នកជំងឺភាគច្រើនបានធូរស្រាល ហើយត្រឡប់ទៅផ្ទះវិញ។ លោកមេភូមិរូបនេះបានអះអាងថា អក្សរបាលីរបស់គ្រូនេះគឺគ្មានអ្នកណាអាចមើលបានទេ ព្រោះបើតាមលោកដឹងចំណេះវិជ្ជាដែលគ្រូសន ចាន់ថនចេះចាំនេះ គាត់រៀនពីជនជាតិព្នងតាំងពីគាត់មានអាយុ៧ឆ្នាំមកម៉្លេះ ។
រីឯលោកសៀម សារឿន ប្រធានភូមិចំការចេក ឃុំពងទឹកនិយាយថា មនុស្សរាប់រយនាក់បាននាំគ្នាមកឱ្យគ្រូរូបនេះស្រោចទឹកហើយអ្នកស្រោចទឹកទាំងនោះភាគច្រើនជឿថា ជំងឺនោះបណ្តាលមកពីត្រូវអំពើគេ ឬវិកលចរិតក៏ដឹកមកឱ្យគ្រូរូបនេះព្យាបាលដែរ តាមវេជ្ជសាស្ត្រថ្នាំបុរាណ ។ លោកឯក នាង មន្ត្រីនគរបាលស្រុកកំពង់ត្រាចនិយាយថា ប្រពន្ធរបស់គាត់មានជំងឺនិងបានមកឱ្យគ្រូសន ចាន់ថន ព្យាបាលដែរឥឡូវនេះគ្រាន់បើហើយ ។ ទោះជាយ៉ាងណាអាជ្ញាធរមិនទាន់ចុះមកពិនិត្យទីតាំងផ្ទះលោកគ្រូនៅឡើយទេ ។
គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុននៅចម្ការបី ភ្នំវល្លិនេះ គេល្បីពីគ្រូបូ ចេះរកថ្នាំឱ្យអ្នកជំងឺអេដស៍ផឹកហើយកាលនោះអ្នកផ្ទុកមេរោគអេដសន៍រាប់រយនាក់បានមកឱ្យគ្រូបូ ព្យាបាទតែមិនបានប៉ុន្មានផងក៏រលាយបាត់សូន្យទៅវិញដោយសារគ្មានថ្នាំឯណាព្យាបាលជំងឺអេដស៍បានឡើយ ។ ដោយសារតែចង់ជាអ្វីក៏ព្រមធ្វើដែរ ៕
ចែករំលែកព័តមាននេះ