រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបាននិងកំពុងរៀបចំគម្រោងការស្ថាបនាកែលម្អរង្វង់មូលអតីតដីក្រហម ឬស្រ្តីទូលក្អមឱ្យមានសោភ័ណភាព និងសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យបានរួចរាល់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ ការងារស្ថាបនាកែលម្អរង្វង់មូលអតីតដីក្រហម ឬស្រ្តីទូលក្អមនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកអនុវត្តដោយប្រើប្រាស់ថវិកាសាលារាជធានីភ្នំពេញ ។
រង្វង់មូលអតីតដីក្រហម ឬស្រីទូលក្អមនេះ កាលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ខេត្តកណ្តាល តែពេលនេះស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញវិញ ដែលមានទីតាំងនៅចំណុចផ្លូវបំបែកជា៤ គឺផ្លូវជាតិលេខ២ មានពីរកំណាត់ (ទៅពីតាខ្មៅចូលរង្វង់មូល និងចេញទៅខេត្តតាកែវ) ផ្លូវលេខ២០A និងផ្លូវព្រៃកជ្រៃ ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការណែនាំពីលោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញ មន្ទីររបស់លោកបានចាប់ដំណើរការស្ថាបនា កែលម្អរង្វង់មូលខាងលើនេះឱ្យមានសោភ័ណភាព សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជំរុញឱ្យបានរួចរាល់ទាន់ថ្ងៃភ្ជុំបិណ្ឌនាពេលឆាប់ៗខាងមុខនេះ ។
ការងារស្ថាបនារង្វង់មូលអតីតដីក្រហមនេះ មានការចាក់ដី និងខ្សាច់លើកកម្ពស់រង្វង់មូល ស្ថាបនាសួនដាំស្មៅ ផ្កា ដាំដើមឈើ បង្គោលភ្លើង និងការស្ថាបនាផ្លូវបេតុងជុំវិញ ។ រង្វង់មូលនេះមានការដាក់តាំងរូបសំណាកដែលធ្វើអំពីថ្មភក់ ប៉ុន្តែរូបសំណាកអ្វីនោះនៅមិនទាន់សម្រេចបែបណានោះទេ ដើម្បីជំនួសរូបសំណាកស្ត្រីទូលក្អមដែលត្រូវយកចេញ ។
មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញបានឱ្យដឹងថា ការងារស្ថាបនារង្វង់មូលនេះយើងបាននិងកំពុងអនុវត្តចាប់ពីថ្ងៃទី២០ កញ្ញា មកដែលមានគ្រឿងចក្រចំនួន៦គ្រឿង ហើយការងារដំបូងត្រូវរើបង្គោលភ្លើង កាប់ដើមឈើដែលប៉ះពាល់ចេញ ដែលការងារនេះ ក្រុមការងារនឹងខិតខំឱ្យបានរួចរាល់មុនថ្ងៃភ្ជុំតែម្តង ៕
ចែករំលែកព័តមាននេះ